នៅខេត្តមណ្ឌលគិរីមានឡសម្ងួត និងម៉ាស៊ីនកិនសំបកកាហ្វេខ្នាតធំដំបូងគេ ដើម្បីជំរុញការប្រមូលទិញគ្រាប់កាហ្វេ ពីកសិករឱ្យបានកាន់តែច្រើន
ខេត្តមណ្ឌលគិរី៖ លោក ជិន ជ័យាបុត្រ អគ្គនាយកក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) ដែលជាប្រេនកាហ្វេរបស់កូនខ្មែរ បាននិងកំពុងបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹក ដើម្បីលើកតម្កើងវិស័យកាហ្វេក្នុងស្រុក ក៏ដូចជាលើកស្ទួយជីវភាពរបស់កសិករដាំកាហ្វេ ឱ្យកាន់តែរីកចម្រើនបានដំឡើងឡសម្ងួត និងម៉ាស៊ីនកិនសំបកកាហ្វេខ្នាតធំដំបូងគេ ដើម្បីជំរុញការប្រមូលទិញគ្រាប់កាហ្វេ ពីកសិករឱ្យបានកាន់តែច្រើន។
បន្ទាប់ពីបោះទុនប្រមូលទិញគ្រាប់កាហ្វេពីកសិករ ពិសេសជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ក្នុងតម្លៃទីផ្សារ និងបង្កើតការវិនិយោគជាបន្តបន្ទាប់ លើខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន នៅពេលនេះ គិរីកាហ្វេ បានដាក់ឱ្យដំណើរការសមិទ្ធផលថ្មីបន្ថែមទៀត ដោយបានចាក់ទុនបន្ថែម៥០ម៉ឺនដុល្លារ សម្រាប់ការកសាងប្រព័ន្ធឡសម្ងួត និងម៉ាស៊ីនកិនសំបកកាហ្វេខ្នាតធំ ដំបូងគេបង្អស់នៅកម្ពុជា ដំណាក់កាលទី១។
ថ្លោក ជិន ជ័យាបុត្រ សហគ្រិនកម្ពុជា ដែលកំពុងកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យកាហ្វេ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកស្ទួយកសិផលកាហ្វេកម្ពុជា ឱ្យកាន់តែរីកចម្រើន និងល្បីល្បាញថែមទៀត តាមរយៈគុណភាព និងរសជាតិដ៏ល្អឯក។
លោកបញ្ជាក់ថា «នៅថ្ងៃនេះ គិរីកាហ្វេ (Kiri Coffee) បានដាក់ឱ្យដំណើរការសាកល្បងនូវឡសម្ងួត និងម៉ាស៊ីនកិនសំបកកាហ្វេខ្នាតធំ ដោយជោគជ័យ ដែលនេះគឺជាជំហានដ៏សំខាន់មួយ ដើម្បីបង្ហាញថា ពេលនេះនៅប្រទេសកម្ពុជារបស់យើង ក៏មានបច្ចេកវិទ្យាកែច្នៃកាហ្វេទំនើប និងមានស្តង់ដារខ្ពស់មិនចាញ់បរទេសដែរ»។
លោកបន្ថែមថា ការវិនិយោគលើប្រព័ន្ធសម្ងួត និងម៉ាស៊ីនកិនកាហ្វេខ្នាតធំនេះ នឹងជួយពង្រឹងគុណភាពគ្រាប់កាហ្វេខ្មែរ ឱ្យត្រូវតាមស្តង់ដារជាតិ និងអន្តរជាតិ, បង្កើនសមត្ថភាពប្រមូលទិញ និងកែច្នៃផលិតផលកាហ្វេពីបងប្អូនកសិករខ្មែរឱ្យបានកាន់តែច្រើន និងទាន់ពេលវេលា និងលើកស្ទួយតម្លៃកសិផលកាហ្វេកម្ពុជា ឱ្យកាន់តែមានទីផ្សារទូលំទូលាយ។
លោកសង្កត់ធ្ងន់ថា ដើម្បីជួយកសិករ គិរីកាហ្វេប្រមូលទិញតែគ្រាប់កាហ្វេរបស់កសិករខ្មែរប៉ុណ្ណោះ មិនទិញគ្រាប់កាហ្វេបរទេសមកបន្លំធ្វើជាផលិតផលខ្មែរឡើយ នេះជាការប្ដេជ្ញាចិត្តច្បាស់របស់យើង។
កាលពីឆ្នាំ២០២៥កន្លងទៅ ក្រុមហ៊ុនចាយទុនជិត១លានដុល្លារ បានប្រមូលទិញគ្រាប់កាហ្វេស្រស់ ពីបងប្អូនកសិករខ្មែរ បានបរិមាណ ១០០០តោន (កាហ្វេស្រស់) ជាមួយតម្លៃទីផ្សារសមរម្យ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនមានផែនការបង្កើតការប្រមូលទិញទ្វេដង ដោយគ្រោងដាក់ទុនវិនិយោគ២លានដុល្លារ សម្រាប់ប្រមូលទិញគ្រាប់កាហ្វេពីកសិករ៕


