ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះហត្ថលេខាលើលទ្ធផលវាយតម្លៃប្រវត្តិរូបបេក្ខជន អ.ស.ត.ម. ឆ្ពោះទៅកាន់វគ្គសម្ភាសន៍ចុងក្រោយ
ដំណើរការវាយតម្លៃគុណវុឌ្ឍិ និងសមត្ថភាពរបស់បេក្ខជនប្រឡងជាប់សម្រាំង សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រី កិច្ចព្រមព្រៀងការងារអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម» ហៅកាត់ថា អ.ស.ត.ម. បានឈានមកដល់ទីបញ្ចប់យ៉ាងរលូន ដើម្បីឈានឆ្ពោះទៅកាន់វគ្គសម្ភាសន៍ចុងក្រោយ។
គិតត្រឹមល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យដោយផ្ទាល់ និងចុះហត្ថលេខាសម្រេចចុងក្រោយលើលទ្ធផលវាយតម្លៃប្រវត្តិរូបបេក្ខជន ។
ក្នុងដំណាក់កាលដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់បំផុតលើរបាយការណ៍សរុប ដើម្បីធានាឱ្យបាននូវ ភាពសុក្រឹត យុត្តិធម៌ និងតម្លាភាព ស្របតាមគោលដៅជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ ចំតម្រូវការមុខតំណែង។ ដំណើរការនេះ ក៏មានការចូលរួមពិនិត្យតាមដាន និងធ្វើជាសាក្សីផ្ទាល់ពីតំណាងអង្គភាពសាមី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
យោងតាមលទ្ធផលផ្លូវការដែលទទួលបានការសម្រេចនាពេលនេះ បានបង្ហាញថា ផ្អែកលើការពិនិត្យវាយតម្លៃប្រវត្តិរូប ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦កន្លងទៅ មានបេក្ខជនជាប់សម្រាំងសរុបចំនួន ២០០នាក់ (ក្នុងនោះស្រីមានចំនួន ៧៨នាក់)។
ទោះជាយ៉ាងណា ក្នុងចំណោមបេក្ខជនទាំង២០០នាក់ និងឆ្លងកាត់ការពិនិត្យវាយតម្លៃនេះ បេក្ខជនដែលមានឈ្មោះជាប់សម្រាំងបន្ត ដើម្បីចូលរួមប្រឡងប្រជែងលើ វិញ្ញាសាសួរផ្ទាល់មាត់ គឺមានចំនួន ៧៨នាក់ ក្នុងនោះស្រី២៨នាក់ ។
សម្រាប់បេក្ខជនទាំង ៧៨រូប ដែលមានឈ្មោះក្នុងបញ្ជីជាប់សម្រាំងចុងក្រោយនេះ ត្រូវត្រៀមខ្លួនចូលរួមប្រឡងប្រជែងលើ វិញ្ញាសាសួរផ្ទាល់មាត់ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅ សាលាភូមិន្ទរដ្ឋបាល ដែលជានីតិវិធីចុងក្រោយបង្អស់។
នៅក្នុងដំណាក់កាលសម្ភាសន៍ផ្ទាល់មាត់នេះ បេក្ខជននីមួយៗនឹងត្រូវឆ្លងកាត់ការធ្វើមូលវិចារណ៍លើបុគ្គលិកលក្ខណៈ និងហេតុប្បទ្វេស ព្រមទាំងជំនាញឯកទេសពាក់ព័ន្ធនឹងមុខតំណែងដែលត្រូវជ្រើសរើស និងឥរិយាបទបំពេញការងារ ដោយប្រើប្រាស់ពេលវេលារយៈពេលពី ១៥នាទី ទៅ ៣០នាទី ក្នុងបេក្ខជនម្នាក់។
គណៈកម្មការរៀបចំការប្រឡងប្រជែងរំពឹងទុកថា តាមរយៈដំណើរការប្រឡងដ៏តឹងរឹង ត្រឹមត្រូវ និងមានតម្លាភាពខ្ពស់នេះ នឹងកត់ត្រាបាននូវមន្ត្រីជំនាញដែលមានគុណវុឌ្ឍិខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ស្ថាប័នរដ្ឋ ក៏ដូចជាជំរុញកិច្ចការងាររបស់អង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អ.ស.ត.ម.) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។


