រយៈពេល ១០ ខែ កម្ពុជា សម្រេចបានការនាំចេញទៅសហរដ្ឋអាមេរិកជាង ១៣ ពាន់លានដុល្លារ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានឲ្យដឹងថា កម្ពុជាសម្រេចបានការនាំចេញទំនិញជាង ១៣ ពាន់លានដុល្លារ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៦ កើនឡើង ២៩,១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ក្នុងទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកសម្រេចបាន ១៣,៨២ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានតម្លៃ ១៣,២៧ ពាន់លានដុល្លារ កើនឡើង ២៧,៨% ចំណែកឯអាមេរិកនាំចូលមកវិញមានតម្លៃជិត ៥៥០ លានដុល្លារ កើនឡើង ៦៨,២%។

អ្នកឧកញ៉ា ​លឹម ​ហេង ​អនុប្រធានសភា​ពាណិជ្ជកម្មកម្ពុជា ឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ល្អរបស់កម្ពុជាតាំងពីដើមរហូតមក ដែលមានទំហំនៃការនាំចេញកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈកម្ពុជាក៏បានលើកលែងពន្ធលើទំនិញនាំចូលពីអាមេរិកផងដែរ ដែលធ្វើឱ្យការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើន។

ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​ដូចជា ​សម្លៀកបំពាក់ ​សម្ភារធ្វើដំណើរ ​កង់ ​និង​សម្ភារ​ប្រើ​ប្រាស់មួយចំនួន​ទៀត។ ​ចំណែកឯ​ផលិតផល​ដែល​អាមេរិក​នាំចូល​មកវិញ ​មាន​ដូច​ជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ ​គ្រឿង​សំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន។ ​

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា​បន្តរក្សាបាននូវទីផ្សារ​សហរដ្ឋអា​មេរិក​ ដែលជាទីផ្សារធំមួយសម្រាប់​ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែក​ជើង ​សម្ភារធ្វើ​ដំណើររបស់កម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ​២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា-អាមេរិក ​សម្រេច​​បាន ​១៣,១៤ ​ពាន់លានដុល្លារ ​កើនឡើង ២៩,២៤% ​ក្នុងនោះ ​កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ​១២,៧៣ ​ពាន់លានដុល្លារ កើនឡើង​២៨,៤៨% ​ចំណែក​អាមេរិកនាំចូលមកវិញមានតម្លៃ ៤១៧ លានដុល្លារ កើនឡើង​ ៥៧,៨៣%៕