មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ជំរុញសហព័ន្ធសហជីព ពង្រឹងកិច្ចសហការជាមួយសហជីពមូលដ្ឋាន សម្រាប់ការពារផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត លើកកម្ពស់សុខដុមនីយកម្ម និងដោះស្រាយបញ្ហាប្រឈមឱ្យកាន់តែល្អប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារជាមួយបងប្អូនប្រធានសហព័ន្ធសហជីព ប្រចាំខែវិច្ឆិកា សរុបចំនួន ១៥១រូប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះរៀបចំឡើងក្នុងទិសដៅពង្រឹងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការបន្តពិនិត្យដោះស្រាយបញ្ហាជូនបងប្អូនកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលយកនូវសំណូមពរ បញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជាយថាហេតុនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។
ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរចំពោះវឌ្ឍនភាពការងារ និងបានវាយតម្លៃខ្ពស់ចំពោះបងប្អូនសហព័ន្ធសហជីព ទាំងអស់ដែលបានបន្តអនុវត្តតាមស្មារតីនៃកិច្ចប្រជុំនាពេលកន្លងមកយ៉ាងយកចិត្តទុកដាក់ ជាពិសេសការចុះពង្រឹងរចនាសម្ព័ន្ធតាមមូលដ្ឋាន ប្រជុំផ្សព្វផ្សាយ អប់រំ បណ្ដុះបណ្ដាលពីផ្លូវច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗ។ ក្រៅពីនេះ ក៏បានបង្ហាញពីការលើកកម្ពស់កិច្ចសហការល្អរវាងថ្នាក់ដឹកនាំសហគ្រាស និងកម្មករនិយោជិត និងការរក្សាបាននូវការងារសមរម្យ រក្សាកំណើនវិនិយោគ ដើម្បីបង្កើតការងារថ្មីៗស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល។
ទន្លឹមនឹងនេះ ឯកឧត្តមក៏បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីពបន្តចែករំលែក និងខិតខំប្រឹងប្រែងពង្រឹងតួនាទីរបស់ខ្លួនឱ្យកាន់តែជិតស្និទ្ធជាមួយសហជីពមូលដ្ឋានបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា ក៏ដូចជាការផ្ដល់ទំនុកចិត្តជូនដល់បងប្អូនកម្មករនិយោជិត ព្រមទាំងត្រូវណែនាំដល់សហជីពមូលដ្ឋានឱ្យប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្ដីឱ្យបានសមរម្យជាដើម។
ឯកឧត្តមក៏បានជំរុញឱ្យមានការចូលរួមលើកកម្ពស់កិត្តិយសជាតិ ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅកម្ពុជានាសប្តាហ៍ក្រោយនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងបានខិតខំរៀបចំផ្ដល់ជាមធ្យោយបាយសម្រាប់ផ្តល់ព័ត៌មាន រួមមាន៖ លេខទូរសព្ទរបស់មន្រ្តីជំនាញ ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម និងលេខ Hotline ១២៨៦ ក្នុងការជួយសម្របសម្រួល និងដោះស្រាយ ដើម្បីបញ្ចៀសរាល់ពេលមានវិវាទកើតឡើងផ្សេងៗ នាំឱ្យបងប្អូនកម្មករធ្វើការតវ៉ាទាមទារដោយខុសនីតិវិធី។
ជាមួយគ្នានេះ តំណាងសហព័ន្ធសហជីពក៏បានលើកនូវមតិយោបល់ និងសំណូមពរមួយចំនួន ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងមានតម្លាភាព ដោយបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការជាមួយក្រសួង សម្រាប់ការពារផលប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនេះ តំណាងសហព័ន្ធសហជីពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងដែលតែងតែគាំទ្រសហព័ន្ធសហជីព ព្រមទាំងផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មនិយោជិត៕


