អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៦ ដើម្បីវឌ្ឍនភាពការងារ និងការពង្រឹងកិច្ចសហការឆ្លើយតបនឹងជំងឺអេដស៍នៅកម្ពុជា

ខេត្តព្រះសីហនុ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំពេញអង្គ លើកទី២ ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

លោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថាចំពោះមន្ទីរសុខាភិបាលខេត្ត ក្នុងនោះមានមូលដ្ឋានសុខាភិបាល មណ្ឌលសុខភាព សរុបចំនួន ១៨ និងបុស្តិ៍សុខភាពចំនួន ៥ រីឯមន្ទីរពេទ្យបង្អែកខេត្តកំពុងអនុវត្តសំណុំសកម្មភាពបង្គ្រប់កំរិត៣ ហើយចំពោះស្ថានភាពជំងឺអេដស៍នៅក្នុងខេត្តព្រះសីហនុ ដោយគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦ មានអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ២,២៩៥នាក់ ក្នុងនោះស្រ្តីមាន ៩៨០នាក់ និងមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១៥២នាក់ ក្នុងនោះស្ត្រីមាន ៤៣នាក់។ លោក អភិបាលរងខេត្ត បានបន្តថាមេរោគអេដស៍ ដែលជាគ្រោះថ្នាក់គម្រាមកំហែងដល់សុខភាពសាធារណៈ ដូចនេះហើយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ និងបានអនុម័តជាឯកឆន្ទដាក់ ចេញ នូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចរីភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ សំដៅកសាងកម្ពុជាមួយគ្មានអេដស៍។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា អង្គការ UNAIDS បានប្រកាសទទួលស្គាល់ជាផ្លូវការនូវសមិទ្ធផលរបស់កម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅ ក្នុងអំឡុងជំនួបសវនាការរវាង សម្តេចធិបតី នាយករដ្ឋមន្ត្រី និងនាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ការចូលរួមយ៉ាងសកម្ម និងប្រកបដោយថាមវន្តរបស់ភាគីពាក់ព័ន្ធទាំងអស់ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ស្របតាមស្មារតីនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា កិច្ចប្រជុំពេញអង្គលើកទី២នេះ ត្រូវ បានរៀបចំឡើងក្នុងគោល បំណងសំខាន់ពីរ គឺទី១ ដើម្បីពិនិត្យ និងវាយតម្លៃនូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពនៃការងារប្រយុទ្ធនឹងជំងឺអេដស៍ សម្រាបរយៈពេល៦ខែចុងឆ្នាំ២០២៦ និងទី២ ដើម្បីប្រមូល និងពិភាក្សាលើធាតុចូល ព្រមទាំងអនុសាសន៍នានា តាមរយៈការចូលរួមដ៏មានតម្លៃរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ដែលមានវត្តមាននាពេលនេះ។ ជារួម យើងនៅតែរក្សាបាននូវសមិទ្ធផល និងក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍។ ក្នុងន័យនេះ ការប្តេជ្ញាចិត្តត្រូវបានអនុវត្តដោយការពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ ការវិនិយោគ និងភាពជាដៃគូ ហើយសហការគ្នាចុះរដ្ឋជាតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកសកម្មភាពឆ្លើយតបនឹងជំងឺ។ បន្ថែមលើនេះ យើងនឹងពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ រក្សាបាននូវវិសាលភាពនៃការឆ្លើយតបពហុវិស័យ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្តាញអ្នកផ្ទុកមេរោគអេដស៍។

អត្ថបទ ៖ ស្រីមុំ