ករណីស្នេហាលួចលាក់ក្បត់ចិត្តភរិយារបស់ CEO ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Nvidia ត្រូវលោកប្រធានាធីបតី Trump ស្នើដល់ FBI ស៊ើបអង្កេតឱ្យបានម៉ត់ចត់
លោកប្រធានាធិបតី Trump បានថ្លែងបញ្ជាក់ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក (FBI) កំពុងស៊ើបអង្កេតលើករណីលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia ដែលមានទំនាក់ទំនងស្នេហាជាមួយស្រ្តីម្នាក់ដែលត្រូវបានគេសង្ស័យថាជាភ្នាក់ងារសំងាត់របស់រដ្ឋាភិបាលចិន។ ទោះជាយ៉ាងណាក៏ដោយ លោក Trump បានលើកឡើងថា លោកមិនគិតថាបុគ្គលរូបនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយគាត់នឹងមិនមានអ្វីគួរឲ្យត្រូវព្រួយបារម្ភឡើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយពីសេតវិមាន លោក Trump បាននិយាយថា៖ ខ្ញុំដឹងថា FBI កំពុងពិនិត្យមើលរឿងនេះក្នុងទិដ្ឋភាពផ្សេងមួយទៀត ហើយខ្ញុំគិតថាគាត់នឹងមិនមានបញ្ហាអ្វីនោះទេ។ ការលេចឡើងភ្លាមៗនៃរឿងអាស្រូវស្នេហារបស់លោក Huang បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរង្វង់នយោបាយ និងវិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដោយបង្កើតឱ្យមានក្តីបារម្ភថ្មីមួយថា តើប្រទេសចិនអាចទទួលបានបន្ទះឈីបទំនើបៗដែលរចនាដោយក្រុមហ៊ុន Nvidia ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែរឬទេ? លោក Trump បានបង្ហាញពីចេតនាក្នុងការចូលរួមដោយផ្ទាល់នៅក្នុងការស៊ើបអង្កេតប្រឆាំងចារកម្មនេះ ដែលជាសញ្ញាបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងលោក និងលោក Huang ព្រមទាំងផលប៉ះពាល់ដែលអាចកើតមានលើភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាចទាំង២។ លោកថា «ថ្ងៃនេះ ខ្ញុំបាននិយាយជាមួយគាត់ ដើម្បីសាកសួរថាតើគាត់សុខសប្បាយជាទេ… គាត់បានប្រាប់ខ្ញុំថា គាត់ពិតជាមិនបានដឹងទាល់តែសោះថាស្រ្តីនោះគឺជាចារកម្ម»។ លោក Trump គ្រោងនឹងជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង នៅសប្តាហ៍ក្រោយ ក្នុងទីក្រុងសិនជិន ប្រទេសចិន អំឡុងពេលកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា (APEC) ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថាតើលោកនឹងលើកយកបញ្ហានេះមកពិភាក្សាជាមួយលោក ស៊ី ជីនពីង ឬយ៉ាងណានោះទេ។ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia វិញបានប្រកាសកាលពីថ្ងៃអាទិត្យនេះថា ក្រុមហ៊ុនកំពុងបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ដែលថា លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន គឺជា «គោលដៅនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់បរទេស»។ សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីលោក Huang បានទទួលស្គាល់ចំពោះមុខក្រុមប្រឹក្សាភិបាលលោកថា លោកពិតជាមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនាយកប្រធានផ្នែកអាជីវកម្មម្នាក់ ដែលយោងតាមកាសែត The New York Times គឺនាងត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកកំណត់ថា ជាបុគ្គលដែលកំពុងប្រមូលព័ត៌មានសម្រាប់ទីក្រុងប៉េកាំង។ នៅក្នុងលិខិតមួយផ្ញើជូនបុគ្គលិកក្រុមហ៊ុន Nvidia ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន AP លោក Huang ពិតជាបានទទួលស្គាល់ថា លោកបានក្បត់ចិត្តភរិយាប្រាកដមែន ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បានថ្លែងថា ខ្លួន «គ្មានហេតុផលអ្វីដែលត្រូវជឿ» ថា សន្តិសុខជាតិ ឬអាថ៌កំបាំងរបស់ក្រុមហ៊ុន Nvidia ត្រូវបានប៉ះពាល់នោះទេ ប៉ុន្តែការស៊ើបអង្កេតរបស់ខ្លួននឹងពិនិត្យមើលរាល់ព័ត៌មានដែលមានទាំងអស់។ ក្រុមប្រឹក្សាភិបាលបានបញ្ជាក់ទៀតថា លោក Huang «គាំទ្រយ៉ាងពេញទំហឹងចំពោះការត្រួតពិនិត្យនេះ ហើយបានសន្យាថានឹងសហការយ៉ាងពេញលេញ»។ លោក Huang បច្ចុប្បន្នដែលមានអាយុ ៦៣ ឆ្នាំ នឹងបន្តកាន់តំណែងជានាយកប្រតិបត្តិ (CEO) ក្នុងអំឡុងពេលនៃការស៊ើបអង្កេតលើក្រុមហ៊ុន Nvidia នេះដដែល។ សូមបញ្ជាក់ថាកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំមុន នៅទីក្រុងតៃប៉ិ លោកស្រី Alice Huang (ដែលជាស្រ្តីស្និតស្នាលនឹងលោក Huang) ត្រូវគេប្រទះឃើញចូលរួមពិធីទទួលទានអាហារពេលល្ងាចមួយជាមួយភ្ញៀវជនជាតិតៃវ៉ាន់ ដែលត្រូវបានអញ្ជើញដោយលោក Jensen Huang។ នៅក្នុងវីដេអូមួយដែលចាក់ផ្សាយដោយប៉ុស្តិ៍ព័ត៌មានតៃវ៉ាន់ TVBS នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ គេបានឃើញលោក Jensen Huang កំពុងសន្ទនាជាមួយលោកស្រី Alice (ដែលស្លៀករ៉ូបពណ៌ផ្កាឈូក) នៅខាងក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងតៃប៉ិ និង បានឡើងរថយន្តជាមួយគ្នា ប្រកបដោយភាពស្និតស្នាល។ ដើមឡើយលោកស្រី Alice Huang ធ្លាប់ធ្វើជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍នៅក្នុងប្រទេសចិន មុនពេលក្លាយជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនអាជីវកម្ម Megaspeed ដែលជាក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងជាអតិថិជនដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Nvidia នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមកាសែត The New York Times បញ្ជាក់ថាក្រុមហ៊ុន Megaspeed បានទិញបន្ទះឈីប (chips) ពី Nvidia ក្នុងតម្លៃជាង ៤,៨ ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យា Nvidia ដែលជាក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក បានរកប្រាក់ចំណូលលើសពីការរំពឹងទុករបស់ទីផ្សារ Wall Street ជាប្រចាំក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដោយសារបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួនបានក្លាយជាសមាសធាតុសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ជាសកល៕


