លោក Donald Trump បញ្ជាក់ថាលោកនឹងនៅតែគាំទ្រលោក Hegseth ជានិច្ចទោះបីជាមានការប៉ុនប៉ងចោទប្រកាន់ទម្លាក់លោកចេញពីតំណែងរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកក្តី

«ខ្ញុំនឹងនៅតែខាងគាត់ជានិច្ច» នេះជាការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទនេះ គឺនៅប៉ុន្មានម៉ោងបន្ទាប់ពីសមាជិកសភាម្នាក់បានដាក់ញត្តិដើម្បីចោទប្រកាន់និងទម្លាក់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ចេញពីតំណែង។ លោក Thomas Massie សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋតំណាងរដ្ឋខេនតាក់គី (Kentucky) បានអានញត្តិនោះនៅក្នុងសភា ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសភាបានបើកសម័យប្រជុំថ្ងៃដំបូងក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ញត្តិនេះបានផ្តោតសំខាន់លើសង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែក៏បានលើកឡើងពីតួនាទីរបស់លោក Hegseth ក្នុងការអនុវត្តសកម្មភាពយោធានៅប្រទេសយេម៉ែន និងវេណេហ្ស៊ូអេឡាផងដែរ។ លោក Massie បានអះអាងថា លោក Hegseth «បានអនុវត្តបទបញ្ជាខុសច្បាប់ដោយចេតនា» និងបញ្ជាក់ថា «វត្តមានរបស់លោកនៅតែជាការគំរាមកំហែងដល់រដ្ឋធម្មនុញ្ញ»។ កាលពីថ្ងៃចន្ទ លោក Donald Trump បានថ្លែងកោតសរសើរលោក Hegseth ដោយលើកឡើងថា លោកបាន «ឈ្នះសង្គ្រាម» នៅវេណេហ្ស៊ូអេឡា និងកំពុង «ឈ្នះសង្គ្រាម» នៅអ៊ីរ៉ង់ ដែលសង្គ្រាមនេះនៅតែបន្តអូសបន្លាយ។ លោក Trump ក៏បានរិះគន់លោក Massie ផងដែរ ដោយហៅលោកថាជា «មនុស្សមានបញ្ហាផ្លូវចិត្ត» និងជា «អ្នកចាញ់»។ ចំណែកលោក Hegseth ពេលនេះបានកំពុងរៀបចំកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានមួយ ដោយវាជាឱកាសកម្របំផុតដើម្បីពិភាក្សាអំពីបញ្ហានេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ