ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់យុវជនស្ម័គ្រចិត្តជានិស្សិតផ្នែកភាសាបារាំង ដើម្បីចូលរួមគាំទ្រការងារព័ត៌មាន និងផ្សព្វផ្សាយ ព្រមទាំងលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់យុវជនស្ម័គ្រចិត្តជានិស្សិតផ្នែកភាសាបារាំង ដើម្បីត្រៀមចូលរួមគាំទ្រការងារព័ត៌មាន និងផ្សព្វផ្សាយក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះនៅរាជធានីភ្នំពេញ។
យុវជនស្ម័គ្រចិត្តទាំង ២៨នាក់ ជានិស្សិតមកពីសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សានានា ដែលមានជំនាញផ្នែកភាសាបារាំង និងបានស្ម័គ្រចិត្តចូលរួមគាំទ្រការងាររបស់អនុគណៈកម្មការទី៣ ក្នុងការសម្របសម្រួលការងារព័ត៌មាន ការផ្សព្វផ្សាយ និងការគាំទ្រដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីធានាឱ្យដំណើរការនៃការផ្តល់ព័ត៌មាន និងការបម្រើសេវាព័ត៌មានក្នុងព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
យុវជនស្ម័គ្រចិត្តទាំង ២៨នាក់ នឹងចូលរួមបំពេញភារកិច្ចចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលកម្ពុជារៀបចំព្រឹត្តិការណ៍សំខាន់ៗរបស់ហ្វ្រង់កូហ្វូនី រួមមាន ពិធីបើកភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) នៅថ្ងៃទី១៣ ខែវិច្ឆិកា ព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់យុវជនស្ម័គ្រចិត្តទាំងអស់ឱ្យយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចដែលបានប្រគល់ជូន ព្រមទាំងប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ការសហការជាក្រុម អាកប្បកិរិយាសមរម្យ និងសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ និងការប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូ និងភ្ញៀវជាតិ និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា យុវជនស្ម័គ្រចិត្តម្នាក់ៗ គឺជាតំណាងឱ្យកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ។ ការចូលរួមរបស់យុវជនមិនត្រឹមតែជាការជួយសម្រួលការងាររៀបចំព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការបង្ហាញពីសមត្ថភាព ចំណេះដឹង ជំនាញភាសាបរទេស វប្បធម៌ ប្រពៃណី និងភាពរួសរាយរាក់ទាក់របស់យុវជនកម្ពុជា ជូនដល់គណៈប្រតិភូ និងភ្ញៀវអន្តរជាតិផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការចូលរួមរបស់យុវជនស្ម័គ្រចិត្តទាំង ២៨នាក់ គឺជាកម្លាំងគាំទ្រដ៏សំខាន់ដល់ការងាររបស់អនុគណៈកម្មការទី៣ និងជាចំណែកមួយក្នុងការធានាឱ្យការរៀបចំ ការសម្របសម្រួល និងការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជាប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ជាមួយគ្នានេះ យុវជនស្ម័គ្រចិត្តទាំងអស់ក៏មានតួនាទីជាអ្នកចូលរួមផ្សព្វផ្សាយអំពីកម្ពុជា តាមរយៈការបង្ហាញពីអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សក្តានុពល និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ ស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងបេះដូងបើកចំហរបស់យុវជនម្នាក់ៗ គឺជាផ្នែកមួយនៃការបង្ហាញ «ស្នាមញញឹមកម្ពុជា» ជូនដល់មហាគ្រួសារហ្វ្រង់កូហ្វូនី និងសាធារណជនអន្តរជាតិ។
កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ និងភ្ញៀវអន្តរជាតិ ប្រកបដោយកិត្តិយស សុវត្ថិភាព និងភាពកក់ក្តៅ។ ទោះបីមានភាពខុសគ្នាខាងវប្បធម៌ និងប្រវត្តិសាស្ត្រក៏ដោយ ក៏ប្រជាជាតិទាំងឡាយអាចរួបរួមគ្នាតាមរយៈតម្លៃរួមនៃសន្តិភាព ការសន្ទនា និងសាមគ្គីភាព៕


