ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) បានបើកកិច្ចប្រជុំតុមូល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឯកភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំអាទិភាពការងារត្រៀមលក្ខណៈឆ្លើយតបនឹងហានិភ័យ បង្កឡើងដោយបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅពិនិត្យលទ្ធភាពកឥរគរជំនួយ ស្របតាមផែនការ NDC 3.0។ បាតុភូតខាងលើ អាចបង្កការកើនឡើងកម្ដៅនិងការខ្វះខាតទឹក ភ្លើងឆេះព្រៃ ដែលអាចកើតមានចាប់ពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២៧ ខាងមុខ។
កិច្ចប្រជុំក៏បានលើកឡើងនូវចំណុចជាធាតុចូលរួមមាន បញ្ហាផលិតកម្មកសិកម្ម បញ្ហាសុខភាពមនុស្ស និងសត្វ (ជាពិសេសសុខភាពសិស្សានុសិស្ស និងប្រជាសហគមនាគមន៍ក្នុតំបន់ការពារ) និងបញ្ហាបរិស្ថាន និងជីវចម្រុះ (ជាពិសេសការបង្ការភ្លើងឆេះព្រៃ) ទៅក្នុងសកម្មភាពនៃផែនការត្រៀមលក្ខណៈ ដោះស្រាយផលប៉ះពាល់ ការងារត្រូវធ្វើជាបន្ទាប់សម្រាប់ការប្រឈមនឹងបាតុភូតអ៊ែលនីញ៉ូ។
ជាមួយគ្នានេះ lអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាNCSDបាននិងកំពុងរៀបចំនិងសម្របសម្រួល ព្រាងការងារអាទិភាពចំនួនដើម្បីជួយសម្រួលដល់ក្រុមការងារចំពោះកិច្ច។
សូមបញ្ជាក់ថា ទោះបីកម្ពុជាជាប្រទេសងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុក៏ដោយ ប៉ុន្តែកម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ និងចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិរក្សតំបន់ការពារធម្មជាតិ ៧៣ កន្លែង (ជាង ៣៩% នៃផ្ទៃដីប្រទេស) ឆ្ពោះទៅរកអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕


