កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ៩០០នាក់ តាមរយៈនាវាទេសចរណ៍ VIKING ORION ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍អន្តរជាតិឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលបានចូលចតយ៉ាងសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅវេលាម៉ោង ៧:០៥ នាទីព្រឹក ដើម្បីទស្សនាកម្ពុជា ជាពិសេសខេត្តព្រះសីហនុរយៈពេល ១ថ្ងៃ បន្ទាប់ពីចាកចេញពីប្រទេសវៀតណាម។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា នាវាទេសចរណ៍ដែលមានប្រវែងបណ្តោយ ២២៨,៣០ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ និងជម្រៅទឹក ៦,៨០ម៉ែត្រ បាននាំភ្ញៀវទេសចរណ៍សរុប ៨៨៨ នាក់ (ស្រី ៤៧០ នាក់) មកពី ១៤ សញ្ជាតិ ដោយក្នុងនោះភ្ញៀវភាគច្រើនលើសលប់គឺមកពី សហរដ្ឋអាមេរិក មានចំនួនដល់ទៅ ៧៣៦ នាក់ (ស្រី ៣៩៣ នាក់) និងមានបុគ្គលិកនាវិកសរុប ៤៦៥ នាក់ (ស្រី ១១១ នាក់) មកពី ៣៤ សញ្ជាតិ។

ការចូលចតរបស់នាវា VIKING ORION នេះ គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីសក្តានុពល ភាពទាក់ទាញ និងសុវត្ថិភាពនៃគោលដៅទេសចរណ៍របស់កម្ពុជា ព្រមទាំងជួយទ្រទ្រង់ដល់សេដ្ឋកិច្ចក្នុងស្រុកតាមរយៈការចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងពេលទស្សនកិច្ចដ៏ខ្លីនេះ។

តាមការគ្រោងទុក នាវាទេសចរណ៍អន្តរជាតិនេះ នឹងបន្តដំណើរចាកចេញពីខេត្តព្រះសីហនុឆ្ពោះទៅកាន់ ប្រទេសថៃ វិញ នៅវេលាម៉ោង ២:០០ រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្អែកនេះ៕

 

អត្ថបទ៖ ម៉ារ៉ាឌី

ប្រភព៖កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)