លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីដង្ហែរអង្គកឋិនទានមហាសាមគ្គីវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ដើម្បីកសាងសមិទ្ធផលក្នុងវត្ត

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអាទិត្យ ១៣រោចខែអស្សុជឆ្នាំមមីអដ្ឋស័ក ស.ព​ ២៥៧០ត្រូវនឹងថ្ងៃទី៨ខែវិច្ជការឆ្នាំ២០២៦នេះ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវីនិងឯកឧត្តម ត្រាក់ ថៃសៀង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកិច្ចការនារី អាជ្ញាធរដែនដី និងប្រជាពុទ្ធបរិស័ទ នៅបរិវេណវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ បានរៀបចំប្រារព្វពីធីក្រុងពិលី នមស្តារព្រះរតនត្រ័យ សមាទានសិល និមន្តព្រះសង្ឍចម្រើនព្រះបរិត្តនឹងសម្តែងធម៍ទេសនា លុះព្រឹកឡើងថ្ងៃច័ន្ទទី៩ ដង្ហែអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងភ្នៀតសិម្ពលី។

ពិធីបុណ្យត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងអមដោយវង់តន្ត្រីឆៃយាំប្រពៃណីខ្មែរ គង ស្គរ ដោយមានការដង្ហែត្រៃចីវរ និងទេយ្យវត្ថុប្រទក្សិណព័ទ្ធជុំវិញព្រះវិហារចំនួន ៣ជុំ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។ បន្ទាប់មក ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទបានចូលកាន់ទីសក្ការៈក្នុងព្រះវិហារ អុជធូបទៀន ថ្វាយគ្រឿងសក្ការបូជា សមាទានសីល និងអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយព្រះធម៌ ប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់ប្រជាជាតិខ្មែរទាំងមូល។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី    បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខទៅដល់គណៈកម្មាការអាចារ្យនិងពុទ្ធិបរិស័ទជិតឆ្ងាយជាពិសេស ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់។ លោកជំទាវកិត្តិបណ្ឌិតបានគូសបញ្ជាក់ថា ពិធីបុណ្យប្រពៃណី និងការរីកចម្រើននៃវិស័យពុទ្ធចក្រនាពេលនេះ គឺមិនអាចកាត់ផ្តាច់ចេញពី «សន្តិភាព» បានឡើយ ដែលជាផលផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកំពុងបន្តអភិវឌ្ឍយ៉ាងស្វាហាប់ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាទាំងមូល។

គួរបញ្ជាក់ផងដែរថា តាមរយៈអង្គកឋិនទានមហាសាមគ្គីនេះ បច្ច័យមួយចំនួននិងទ័យទៀន គ្រឿងបរិក្ខាប្រើប្រាស់ក្នុងវត្ត  និងវេរប្រគេនដល់វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងទីវត្តអារាម ទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ៕