សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជននៅវិមានឯករាជ្យ និងព្រះបរមរូបព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យ ជាតិ ៩វិច្ឆិកា ឆ្នាំ២០២៦
ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ នៃ ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៦) និងទិវាកំណើតនៃកង យោធពលខេមរភូមិន្ទ ឧកញ៉ាសាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគម សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានដឹកនាំប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរជន នៅវិមានឯករាជ្យ និងព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីសម្ដែងនូវការគោរពដឹងគុណ និងរំឭក ដល់ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបរបស់ព្រះអង្គ ក្នុងការទាមទារឯករាជ្យជូនមាតុភូមិកម្ពុជា។
ពិធីនេះបានបង្ហាញពីស្មារតីស្នេហាជាតិ និងការចងចាំមិនភ្លេចចំពោះព្រះមហា ករុណាទិគុណរបស់ព្រះបរមរតនកោដ្ឋ ព្រមទាំងវីរភាពរបស់បុព្វបុរស និងវីរជនខ្មែរគ្រប់ជំនាន់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
សូមជំរាបថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានធ្វើឡើងរាងរាល់ឆ្នាំ ហើយពិធីនេះបមិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏សំខាន់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំឭកដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍។
មែនទែនទៅ ថ្ងៃ០៩វិច្ឆិកា យើងមិនត្រឹមតែអបអរសាទរខួបព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយប៉ុណ្ណោះទេ យើងក៏រំឭកពីការតស៊ូ ការខិតខំប្រឹងប្រែង និងការលះបង់ទាំងឡាយ ដែលបាននាំកម្ពុជាពីបាតដៃទទេ ពីគំនរផេះផង់គ្មានអ្វីសោះ រហូតមកដល់ចំណុចដូចសព្វថ្ងៃនេះ ហើយក៏រំឭកជនរួមជាតិខ្មែរ ផងដែរថា យើងទាំងអស់គ្នា ត្រូវបន្តរួមចំណែកជំរុញកម្ពុជា ឱ្យរីកចម្រើនទៅមុខជានិច្ច និងឯកភាពជាតិខ្មែរតែមួយ សាមគ្គីជាធ្លុងមួយ និងប្រកៀកស្មាជាមួយរាជរដ្ឋាភិបាល ដើម្បីជាតិខ្មែរទាំងមូល។ ប្រទេសកម្ពុជា និងប្រជាជនខ្មែរទាំងអស់ សូមអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា ឆ្នាំ២០២៦៕


