ប្រតិភូពាណិជ្ជករចិន ជួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងជំរុញវិស័យទេសចរណ៍
ខេត្តព្រះសីហនុ៖ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តព្រះសីហនុ ជាមួយប្រតិភូពាណិជ្ជករចិន ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅក្នុងខេត្ត ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយលោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក លី មីង អិន ប្រធានប្រតិភូនៃសមាគមពាណិជ្ជកម្មចិន និងទេសចរណ៍ទីក្រុងក្វាងចូវ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនចិនផងដែរ។
លោក មីន កុម្ភៈ អភិបាលរងខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងយ៉ាងលម្អិតអំពីសក្តានុពលសេដ្ឋកិច្ចដ៏ទាក់ទាញរបស់ខេត្តព្រះសីហនុ។ លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុជាតំបន់ប្រកប ដោយអំណោយផលពីធម្មជាតិ រួមមាន ឆ្នេរខ្សាច់សរស្អាត កោះ ព្រៃកោងកាង តំបន់ភ្នំ ទឹកជ្រោះ ឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រ ព្រមទាំងជីវៈចម្រុះជាច្រើនប្រភេទទៀត។ ធនធានទាំងនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាពិសេសគឺវិស័យទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លានអ្នកមកទស្សនាកម្សាន្តជារៀងរាល់ឆ្នាំ រហូតទទួលបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី»។ លោកបានបន្តរទៀតថា ភាពប្រកួតប្រជែងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពហុបំណង ដោយខេត្តព្រះសីហនុមានប្រព័ន្ធដឹកជញ្ជូនគ្រប់ច្រកល្ហក រួមមាន ផ្លូវទឹក (កំពង់ផែសមុទ្រទឹកជ្រៅ) ផ្លូវគោក (ផ្លូវល្បឿនលឿន) និងផ្លូវអាកាស (អាកាសយានដ្ឋានអន្តរជាតិ) ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់វិនិយោគិន។
លោក លី មីង អិន បានបង្ហាញនូវការចាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសក្តានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសលើវិស័យទេសចរណ៍ និងឱកាសវិនិយោគនានា។ លោក នឹងពាំនាំនូវព័ត៌មានពីសក្តានុពលទាំងនេះ ទៅផ្សព្វផ្សាយដល់ពាណិជ្ជករ និងវិនិយោគិននៅទីក្រុងក្វាងចូវ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នានាពេលខាងមុខ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុនចិនទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញមកទស្សនកិច្ចដោយផ្ទាល់នៅខេត្តព្រះសីហនុ។ លោកបានបញ្ជាក់ជូនប្រតិភូថា រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួល បង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចគាំទ្រពេញទំហឹងដល់បណ្តាវិនិយោគិន និងភ្ញៀវទេសចរចិនទាំងអស់ ដែលមានបំណងមកទស្សនកិច្ច ឬបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តនាពេលបច្ចុប្បន្ន និងអនាគត៕
អត្ថបទ : កញ្ញា មឿន ស្រីមុំ


