គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល រៀបចំការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៦-២០២៧

គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានរៀបចំការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ ការប្រឡងនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសំណេរចំនួនប្រាំបីទីតាំងផ្សេងៗគ្នា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យ ហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ វិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យបាក់ទូក អនុវិទ្យាល័យចតុមុខ និងសាលាបឋមសិក្សាចតុមុខ។

គោលបំណងនៃការប្រឡងថ្នាក់ជាតិចូលរៀនឆ្នាំសិក្សាមូលដ្ឋាននាឱកាសនេះ គឺដើម្បីជ្រើសរើសនិស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាលប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។

នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានការអញ្ជើញចូលរួមពីឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តម សុក ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដើម្បីត្រួតពិនិត្យស្វែងរកសំណៅរឯកសារ ការស្កេនមុខបញ្ជាក់អត្តសញ្ញាណរបស់បេក្ខជន ពង្រឹងសុវត្ថិភាព តម្លាភាព និងភាពយុត្តិធម៌ជូនបេក្ខជនដែលប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតបរិញ្ញាបត្រ នាឱកាសនេះ។

ឯកឧត្តម សុក ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានមានប្រសាសន៍ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡង ដើម្បីប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៦-២០២៧ មានចំនួន១២ ៩៣៤នាក់។ ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ១២ ៩៣១នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន។

នៅក្នុងការប្រឡងនេះ មានគណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន ២ ២៦៤នាក់ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះ ក៏មានការចូលរួមសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

សូមជម្រាបថា ការប្រឡងនេះនឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
– ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៤ និង៤៥នាទី ប្រឡងមុខវិជ្ជាជីវវិទ្យា, ចាប់ពីម៉ោង១៥ និង៤៥នាទី ដល់ម៉ោង១៧ និង០០នាទី ប្រឡងមុខវិជ្ជាគីមីវិទ្យា
– និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ចាប់ពីម៉ោង១៤ និង០០នាទី ដល់ម៉ោង១៥ និង៣០នាទី ប្រឡងមុខវិជ្ជាគណិតវិទ្យា៕