វេទិកាសន្ទនា “អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល”៖ ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រងរដ្ឋរវាងកម្ពុជា-ចិន
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានរួមគ្នារៀបចំវេទិកាសន្ទនាស្តីពី “អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល” នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីអ្នកជំនាញ តំណាងប្រព័ន្ធផ្សព្វផ្សាយ វិស័យពាណិជ្ជកម្ម សាស្ត្រាចារ្យ និងនិស្សិតសរុបជាង ១៥០ អង្គ/នាក់ ដើម្បីផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅលើបទពិសោធន៍អភិបាលកិច្ចរបស់ចិន និងផលវិជ្ជមានចំពោះការអភិវឌ្ឍសកល។
ថ្លែងសារតាមរយៈវីដេអូក្នុងពិធីបើក លោក សិន ហៃស្យុង (SHEN Haixiong) អនុរដ្ឋមន្ត្រីក្រសួងឃោសនាការមជ្ឈិមនៃបក្សកុម្មុយនីស្តចិន និងជាអគ្គនិពន្ធនាយក CMG បានគូសបញ្ជាក់ថា ការកសាងអភិបាលកិច្ចដ៏រឹងមាំរបស់បក្សកុម្មុយនីស្តចិន គឺជាគ្រឹះយ៉ាងសំខាន់ក្នុងការសម្រេចបាន “អភិបាលកិច្ចរបស់ចិន”។ លោកបានបន្ថែមថា បទពិសោធន៍នៃការផ្លាស់ប្តូរ និងបដិវត្តន៍ខ្លួនឯងរបស់បក្ស បានសរសេរនូវជំពូកថ្មីក្នុងប្រវត្តិសាស្ត្រអរិយធម៌នយោបាយ និងជាការឆ្លើយតបចំពោះបញ្ហាប្រឈមនៃយុគសម័យនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងពីសមិទ្ធផលនៃអភិបាលកិច្ចចិន ដែលផ្តោតលើសន្តិភាព នវានុវត្តន៍ និងការអភិវឌ្ឍបៃតង ដោយបញ្ជាក់ថា ការពេញចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាលមានលើសពី ៩០%។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ភាគីចិននឹងបន្តគាំទ្រកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានភាពជាតិ និងជំរុញការកសាង «សហគមន៍រួមវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី» ឱ្យកាន់តែទទួលបានផ្លែផ្កាជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគំរូអភិបាលកិច្ចរបស់ចិន ដែលបានរំដោះប្រជាជនជិត ៨០០ លាននាក់ឱ្យរួចផុតពីភាពក្រីក្រក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមក។ ឯកឧត្តមទាំងពីរបានសង្កត់ធ្ងន់ថា បទពិសោធន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ចិន គឺជាមេរៀនដ៏មានតម្លៃសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រាប់ទាំងកម្ពុជា ក្នុងការឆ្លើយតបនឹងវិបត្តិ និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសកល។
ក្រៅពីកិច្ចពិភាក្សាផ្លាស់ប្តូរមតិពីសំណាក់វាគ្មិន និងអ្នកស្រាវជ្រាវជាន់ខ្ពស់ អង្គវេទិកាក៏បានចាក់ផ្សាយវីដេអូប្រូម៉ូសិននូវកម្មវិធីឆ្នើមៗរបស់ CMG ដូចជា “Chinese Craftsmanship: The Robots” និង “អនាគតកាលនៃប្រទេសចិន” ដែលបានបង្ហាញពីភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងចក្ខុវិស័យអភិវឌ្ឍន៍របស់ប្រទេសចិនផងដែរ៕


