ARDB ធនាគារគោលនយោបាយផ្តល់ប្រាក់កម្ចីអត្រាកាប្រាក់ទាបដល់វិស័យកសិកម្ម៖ ឯកឧត្តមបណ្ឌិត កៅ ថាច

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោមានប្រសាសន៍ថា កសិករ និង​អ្នកកែច្នៃកសិផល អាច​ស្វែងរកឥណទានក្នុងអត្រាការប្រាក់ទាបពី ARDB  ដែលជា ធនាគារ​គោលនយោបាយរបស់រដ្ឋាភិបាល ។

ឯកឧត្តមបណ្ឌិត បានពន្យល់ថា ដូចគ្នានឹង​តាមបណ្ដាប្រទេសនានាដែរ​ ដើម្បីឱ្យប្រជាជនអាចខ្ចីលុយពីរាជរដ្ឋាភិបាលបាន គឺរាជរដ្ឋាភិបាលបង្កើតធនាគារមួយសម្រាប់បញ្ចេញលុយទៅឱ្យប្រជាពលរដ្ឋខ្ចីដើម្បីជំរុញវិស័យអាទិភាព ពោលគឺវិស័យកសិកម្ម និងការ​អភិវឌ្ឍន៍ជនបទ ។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍លើកឡើងបែបនេះក្នុងពិធីសំណេះសំណាល និងសួរសុខទុកប្រជាកសិករនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ដួង ចន្ទដារ៉ា អភិបាលរងស្រុកកំពង់ស្វាយ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្មសរុបប្រមាណជាង២០០នាក់។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា “នៅកម្ពុជា យើងមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនេះមុនគេ ដែលជួយបំពេញដល់​តម្រូវការចាំបាច់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងវិស័យកសិកម្ម។ ដូចនេះធនាគារ ARDB គឺជាដៃរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លុយឱ្យប្រជាពលរដ្ឋខ្ចីយកទៅធ្វើការងារ និងប្រកបមុខរបរក្នុងវិស័យកសិកម្ម។ ធនាគាររបស់រដ្ឋនេះតែងតែផ្តល់លុយឱ្យប្រជាពលរដ្ឋខ្ចីក្នុងអត្រាការប្រាក់សមរម្យ ហើយទាបជាងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗនៅក្នុងប្រទេស។ បើពុំដូចនេះទេ មិនអាចអនុវត្តគោលនយោបាយបានទេ ជាពិសេសគោលនយោបាយនៃការអភិវឌ្ឍន៍វិស័យកសិកម្ម វិស័យវារីវប្បកម្ម ការកែច្នៃផលិតផល និងការធ្វើសិប្បកម្មខ្នាតតូចនៅតាមជនបទ ដែលយើងចាត់ទុកជាអភិវឌ្ឍន៍ជនបទ”។

ឯកឧត្តមបណ្ឌិតលើកឡើងថា កន្លងទៅធនាគារនេះមិនសូវមានប្រជាពលរដ្ឋបានស្គាល់ទេ បានត្រឹមតែឮ ថាជាធនាគាររដ្ឋ ហើយអ្នកដែលបានចូលរួមខ្ចីក៏មានចំនួនតិចតួចដែរ។

ឯកឧត្តមអគ្គនាយកមានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំ​ចង់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយបានស្គាល់អំពីធនាគារARDB ដែលជាធនាគាររបស់រដ្ឋ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចេញប្រាក់កម្ចីជូនដល់បងប្អូនប្រជាកសិករសម្រាប់ធ្វើកសិកម្ម និងធ្វើកិច្ចការអាជីវកម្មពាក់ព័ន្ធ និងការអភិវឌ្ឍន៍ជនបទ ហើយវាជាបេសកកម្មរបស់ធនាគារ”។

កន្លងទៅ ធនាគារ ARDB បានចូលរួមអនុវត្តនូវគោលនយោបាយដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១០ ដើម្បីជំរុញការនាំចេញអង្ករទៅក្រៅប្រទេសឱ្យបាន១លានតោនក្នុងមួយឆ្នាំ ។ គោលនយោបាយមួយនេះបានអនុវត្តជាបន្តបន្ទាប់ដោយធ្វើយ៉ាងណាជំរុញការនាំចេញអង្ករទៅក្រៅប្រទេសឱ្យបាន១លានតោន។

ឯកឧត្តបណ្ឌិត មានប្រសាសន៍ថា៖ “ឆ្នាំនេះគឺជាឆ្នាំពិសេសគោលនយោបាយនៃការនាំចេញអង្ករ១លានតោនយើងសម្រេចបានជាង១លានតោន។ ការនាំចេញអង្ករទៅក្រៅប្រទេសបានជាង១លានតោន អាចសម្រេចទៅបានដោយសារអ្នកណា? ដោយសារបងប្អូនប្រជាកសិករនេះហើយដែលបានខិតខំទាំងយប់ទាំងថ្ងៃ រៀបចំភ្ជួរដី ព្រោះ ស្ទូង ចំណាយពេលវេលាថែទាំ ការពារសត្វល្អិត ដើម្បីបានផលល្អ គុណភាពល្អ ធ្វើឱ្យក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅលក់នៅក្រៅប្រទេសបាន”។

ឯកឧត្តមបណ្ឌិតសង្កត់ធ្ងន់ថា៖ “នេះហើយជាតួនាទីស្នូលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយកាលពីឆ្នាំកន្លងទៅ យើងបានបញ្ចេញកម្ចីទៅ​ក្នុងផ្នែកស្រូវអង្ករគិតអត្រាការប្រាក់តែ ៥,៥% ក្នុងមួយឆ្នាំ។ ប៉ុន្តែបើយើងអនុវត្តនៅក្នុងវិស័យកសិកម្មធម្មតា គិតក្នុងអត្រាការប្រាក់ប្រហែល០,៦៥%ក្នុងមួយខែ”៕