សម្តេចប្រធានរដ្ឋសភា គាំទ្រក្រុមហ៊ុនជប៉ុន ដែលមានគម្រោងវិនិយោគលើវិស័យថាមពលនិងអគ្គិសនី នៅកម្ពុជា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនជប៉ុនឈ្មោះ TOKO Electrical Construction Co., Ltd. ដឹកនាំដោយលោក KENGO ICHINOKI មន្ត្រីជាន់ខ្ពស់និងប្រធានផ្នែកក្រៅ ប្រទេសនៃក្រុមហ៊ុន ដែលមានការសម្របសម្រួលដោយ លោក ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍ និងក្តីរីករាយបំផុតជូនគណៈប្រតិភូ។ ក្នុងនាមពលរដ្ឋខ្មែរ សម្តេចសូម ស្វាគមន៍ និងគាំទ្រពេញទំហឹងលើគម្រោងវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុន។ ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មិនត្រឹមតែជាការបណ្តាក់ទុន បង្កើនទុននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគទុនរបស់ជប៉ុន បានផ្តល់ការងារ ផ្តល់ជំនាញ និងផ្តល់ចំណូលដល់ពលរដ្ឋខ្មែរ។ វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក៏ជាការទាក់ទាញអ្នកវិនិយោគទុនបរទេសពីបណ្តាប្រទេសផ្សេង ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។
លោក KENGO ICHINOKI និងលោក ហៃ វណ្ណា បានជម្រាបជូនយ៉ាងលម្អិតដល់ សម្តេចប្រធានរដ្ឋសភា អំពីប្រវត្តិ និងសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន TOKO Electrical Construction Co., Ltd. មានអាយុកាលជាង ១០០ឆ្នាំមកហើយ ក្រៅពីការវិនិយោគនៅប្រទេសជប៉ុន ក្រុមហ៊ុនបានបណ្តាក់ទុននៅប្រទេសមីយ៉ាន់ម៉ា ថៃ វៀតណាម ឡាវ និងប្រទេសជាច្រើនទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដើម្បីចូលបម្រើការងារនៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនក៏បាននិងកំពុងសិក្សាលម្អិតពីតម្រូវការរបស់កម្ពុជាផងដែរ។
ជាមួយគ្នានឹងការស្វាគមន៍ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមហ៊ុន នៅក្នុងការរៀបចំគម្រោងវិនិយោគនៅកម្ពុជាឱ្យមានប្រសិទ្ធភាព និងទទួលបានជោគ ជ័យ។ រដ្ឋសភាកម្ពុជា បានត្រៀមខ្លួនជួយគាំទ្រដល់ការវិនិយោគនេះ។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន ដែលឈរលើគោលការណ៍ស្មោះត្រង់ ជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម។ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ មានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្នា ហើយប្រជាពលរដ្ឋខ្មែរ តែងតែគាំទ្រ និងពេញចិត្តរាល់ផលិតផលរបស់ប្រទេសជប៉ុន៕


