កិច្ចប្រជុំពិភាក្សាណែនាំអំពីសេចក្តីសម្រេចលើតួនាទីនិងភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការនានា ក្នុងការប្រឡងថ្នាក់ជាតិចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល បានរៀបចំកិច្ចប្រជុំពិភាក្សាណែនាំអំពីសេចក្តីសម្រេចលើតួនាទី និងភារកិច្ច របស់គណៈកម្មការ និងអនុគណៈកម្មការនានា ក្នុងការប្រឡងថ្នាក់ជាតិចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមអធិបតីភាពឯកឧត្តម សុខ ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការ និងអនុគណៈកម្មការប្រឡងនានា រួមមានគណៈកម្មការមណ្ឌលប្រឡងសំណេរ គណៈកម្មការ អប្បមាទ ព្រមទាំងអ្នកសង្កេតការណ៍ជំនួយការគណៈកម្មការអប្បមាទមណ្ឌលសំណេរ និងអនុគណៈកម្មការអនុរក្ស ក្នុងបន្ទប់និងក្រៅបន្ទប់ មកពីក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរូប។

លោកស្រីសាស្ត្រាចារ្យ ទូច សុខនាង ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានមានប្រសាសន៍ថា ការប្រឡងថ្នាក់ជាតិចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតបរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នឹងរៀបចំការប្រឡងចំនួន ២ថ្ងៃ គឺពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដោយមានមណ្ឌលប្រឡង ចំនួន ៨ ដូចជា សកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថាន ភាសាបរទេស, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ, វិទ្យាល័យព្រះស៊ីសុវត្ថិ, អនុវិទ្យាល័យចតុមុខ, សាលាបឋមសិក្សាចតុមុខ និងវិទ្យាល័យបាក់ទូក។

ចំពោះចំនួនបេក្ខជនចូលរួមប្រឡង មានចំនួនសរុប ១២ ៩៣៤នាក់ ដោយបេក្ខជនដាក់ពាក្យប្រឡងថ្នាក់វេជ្ជបណ្ឌិត ចំនួន ៤ ៧៥៤នាក់, បរិញ្ញាបត្រឱសថ ចំនួន ២ ៨៤៦នាក់, ទន្តបណ្ឌិត ចំនួន ១ ៣៣៥នាក់, បរិញ្ញាបត្រគិលានុបដ្ឋាក ចំនួន ៣ ២០៤នាក់, បរិញ្ញាបត្រឆ្មប ចំនួន ៥៤៤នាក់, បរិញ្ញាបត្រវិទ្យាសាស្ត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ចំនួន១៥៣នាក់, បរិញ្ញាបត្រព្យាបាលដោយចលនា ចំនួន៨៤នាក់ និងបរិញ្ញាបត្រសុខភាពសាធារណៈ ចំនួន១៤នាក់។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានមានប្រសាសន៍ថា ដំណើរការប្រឡងថ្នាក់ជាតិ ឆ្នាំសិក្សា ២០២៦-២០២៧ នេះ មានទំហំធំជាងឆ្នាំកន្លងទៅ ដោយឆ្នាំនេះមានរហូតដល់៨មណ្ឌល កើនឡើង៤មណ្ឌលបើធៀបទៅនឹងឆ្នាំមុន។ ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអ្នកជាប់ ជាប់ដោយកិត្តិយស អ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្ត គណៈកម្មាធិការ បានគោរពតាមបទបញ្ជាយ៉ាងត្រឹមត្រូវ ដើម្បីធានាដល់កិច្ចដំណើរការនៃការប្រឡងនេះ ប្រព្រឹត្តទៅដោយ តម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់ ក្រោមការឃ្លាំមើលពីអង្ភភាពប្រឆាំងអំពើពុករលួយ ព្រោះវិជ្ជាជីវៈផ្នែកសុខាភិបាលនេះ មានសារៈសំខាន់ជាងបណ្តាវិជ្ជាជីវៈដទៃទៀត។

 

មុននឹងបញ្ចប់ ក្នុងកិច្ចប្រជុំពិភាក្សានេះ តំណាងមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ បានមាន ប្រសាសន៍បញ្ជាក់អំពីគោលបំណង ចែករំលែកនូវបទពិសោធន៍ និងណែនាំអំពីសេចក្តីសម្រេចលើតួនាទី និងភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការនានា ក្នុងការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំ សិក្សាមូលដ្ឋានកម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំ សិក្សា២០២៦-២០២៧ ដើម្បីឲ្យអ្នកមានតួនាទីភារកិច្ចក្នុងដំណើរការនេះ បានអនុវត្តប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ ព្រមទាំងមានភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងថ្ងៃប្រឡងរបស់បេក្ខជន។

សូមបញ្ជាក់ជូនថា កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមសរុបប្រមាណ ១ ៣០០នាក់ ដោយបានបែងចែកជា២វេន គឺពេលព្រឹក និងពេលរសៀល។ ចាប់ពីម៉ោង៨:០០នាទីព្រឹក សម្រាប់ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការប្រឡងនានារួមមាន៖ គណៈកម្មការមណ្ឌលប្រឡងសំណេរ គណៈកម្មការ អប្បមាទ ព្រមទាំងអ្នកសង្កេតការណ៍ជំនួយការគណៈកម្មការអប្បមាទមណ្ឌលសំណេរ និងអនុគណៈកម្មការអនុរក្សក្នុងបន្ទប់និងក្រៅបន្ទប់ មកពីក្រសួងអប់រំ យុវជន និងកីឡា។ ចាប់ពីម៉ោង១៤:០០នាទីរសៀល សម្រាប់ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការ និងអនុគណៈកម្មការប្រឡងនានារួមមាន៖ គណៈកម្មការមណ្ឌលប្រឡងសំណេរ អនុគណៈកម្មការកណ្តាល និងអនុគណៈកម្មការក្នុងបន្ទប់ និងក្រៅបន្ទប់ មកពីក្រសួងសុខាភិបាល និងទីស្តីការគណៈរដ្ឋមន្ត្រី៕