ផ្ទុះបាតុកម្មតវ៉ានៅប្រទេសប៉ារ៉ាហ្គាយទាមទារឱ្យប្រធានាធិបតីលាលែងពីតំណែង ក្រោយពីពលរដ្ឋជាច្រើនមិនអាចដកប្រាក់សន្សំចេញពីធនាគារកណ្តាលដែលស្និតនឹងរដ្ឋាភិបាលបច្ចុប្បន្ន

ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បីបំបែកក្រុមអ្នកតវ៉ាដែលទាមទារឱ្យប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Santiago Peña លាលែងចេញពីតំណែង ក្រោយពីធនាគារ Ueno (Ueno Bank) ត្រូវបានបិទភ្លាមៗ ដែលធ្វើឱ្យអតិថិជនមិនអាចដកប្រាក់របស់ខ្លួនបាន។ មួយថ្ងៃមុននោះ ធនាគារកណ្តាលនៃប្រទេសប៉ារ៉ាហ្គាយមួយនេះ បានចាប់ផ្តើមនីតិវិធីរំលាយធនាគារ Ueno ដែលជាស្ថាប័នធនាគារឌីជីថលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតី Peña និងមានអតិថិជនជាង៣លាននាក់។ ព្រឹត្តិការណ៍នេះបានបង្កឱ្យមានក្តីបារម្ភអំពីជោគវាសនានៃប្រាក់សន្សំរាប់រយលានដុល្លាររបស់ពលរដ្ឋ។ នៅថ្ងៃពុធម្សិលមិញ ធនាគារកណ្តាលបានផ្អាកជាបណ្តោះអាសន្ននូវសេវាដកប្រាក់ពីមូលនិធិវិនិយោគរួមមួយចំនួន ដែលមានទំនាក់ទំនងជាមួយធនាគារ Ueno។ គិតត្រឹមខែកញ្ញា ប្រជាជនប៉ារ៉ាហ្គាយពេញវ័យចំនួន២ក្នុងចំណោមមនុស្ស៣នាក់ គឺជាអតិថិជនរបស់ធនាគារ Ueno ដែលធនាគារនេះក៏បានកាន់កាប់មូលនិធិសាធារណៈប្រហែល ៨៥០លានដុល្លារផងដែរ រួមទាំងទឹកប្រាក់ប្រហែល៣៨០លានដុល្លារ ដែលវិនិយោគដោយវិទ្យាស្ថានសុខុមាលភាពសង្គម ហៅកាត់ថា (IPS) និងជាមូលនិធិសោធននិវត្តន៍ និងថែទាំសុខភាពរបស់រដ្ឋប៉ារ៉ាហ្គាយ។ វិធានការនេះរួមមានការបិទសាខាទាំងអស់ និងការផ្អាកប្រតិបត្តិការឌីជីថលទាំងស្រុង រួមទាំងការដកប្រាក់ និងការផ្ទេរប្រាក់ជាដើម។ ការផ្អាកប្រតិបត្តិការរបស់ធនាគារ Ueno បានបង្កឱ្យមានស្ថានភាពភ័យស្លន់ស្លោក្នុងចំណោមប្រជាជនប៉ារ៉ាហ្គាយ ដែលបាននាំគ្នាដើរចេញមកតាមដងផ្លូវក្នុងរដ្ឋធានី Asunción ដើម្បីតវ៉ាដោយឯកឯង និងស្រែកទាមទារឱ្យមានការបកស្រាយចំពោះបញ្ហានេះ។ ភ្លាមៗលោក Peña ដែលបានគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល Ibero-American (Ibero-American Summit) បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចនេះនៅនាទីចុងក្រោយ ហើយតាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការ លោកបានប្រកាសពីការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅធនាគារកណ្តាល។ ប្រធានាធិបតីរូបនេះ ដែលបានកាន់តំណែងតាំងពីខែសីហា ឆ្នាំ ២០២៣ មក កំពុងស្ថិតនៅចំកណ្តាលព្យុះកំណាចនៃភាពចម្រូងចម្រាស ដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោកជាមួយក្រុមហ៊ុន Ueno Holding ដែលជាអង្គភាពមួយជាប់ពាក់ព័ន្ធនឹង Grupo Vázquez។ លោក Peña ធ្លាប់ជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Grupo Vázquez នេះ រហូតដល់ឆ្នាំមុន ទើបលោកបានដកខ្លួនចេញ បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននេះជាមួយរដ្ឋាភិបាលប៉ារ៉ាហ្គាយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ