មនុស្សប្រមាណជាង៧០០,០០០នាក់ ចេញមកធ្វើការបាតុកម្មបន្ថែមទៀតនៅប្រទេសបារាំងនាថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនមានហឹង្សាក្តៅគគុកដូចកាលពីថ្ងៃ១៧តុលានោះទេ
គេបានមើលឃើញថាពេលនេះប្រទេសបារាំងកំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ធ្វើកូដកម្ម និងការតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេសបន្ថែមទៀត ដែលអាចនឹងមានអ្នកចូលរួមប្រមាណ ៧០០,០០០នាក់ ចេញមកតាមដងផ្លូវនានានៅថ្ងៃព្រហស្បតិ៍នេះ។ ការតវ៉ាដែលដឹកនាំដោយក្រុមសហជីពកម្មករ គឺធ្វើឡើងដើម្បីឆ្លើយតបនឹងការកើនឡើងនៃថ្លៃទំនិញ និងការធ្លាក់ចុះនៃចំនួនអ្នកទិញ។ គេរំពឹងថា នឹងមានការចូលរួមពីក្រុមអ្នកតវ៉ាពាក់អាវកាក់ពណ៌លឿង ឬ (Yellow Vests) ព្រមទាំងសិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ដែលបានប្រមូលផ្តុំគ្នាមកតវ៉ាអស់រយៈពេលជិត២ខែមកហើយ ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងគ្រឹះស្ថានសិក្សាបារាំងផងដែរ។ អាជ្ញាធរបានលើកឡើងថា ការតវ៉ានៅថ្ងៃព្រហស្បតិ៍នេះ អាចបង្កជាហានិភ័យខ្ពស់បាន។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានបង្ហាញនូវភាពធូរស្រាលខ្លះៗកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំកាលពីថ្ងៃសៅរ៍ជុំវិញបញ្ហាថ្លៃចំណាយប្រចាំថ្ងៃឡើងខ្ពស់ បានបង្កឱ្យមានអំពើហិង្សាតិចជាងចុងសប្តាហ៍មុនៗ។ ជារួម អំពើហិង្សានៅបារាំងលើកនេះមិនសូវធ្ងន់ធ្ងរដូចកាលពីថ្ងៃទី១៧ខែតុលានោះទេ (នៅពេលដែលសាលាក្រុងបុរាណមួយត្រូវបានបាតុករហឹង្សាដុតបំផ្លាញ ហើយហាងទំនិញជាង ២,០០០ ត្រូវពួកគេចូលលួចប្លន់យ៉ាងអាណាធិបតេយ្យ ដែលពេលនោះអាជ្ញាធរហាក់ដូចជាមិនបានត្រៀមខ្លួនទប់ស្កាត់ឲ្យបានទាន់ពេលវេលាអ្វីឡើយ) ឬដូចនៅក្នុងការតវ៉ាបន្តបន្ទាប់កាលពីថ្ងៃទី២៤ខែតុលាដូច្នោះដេរ។ លោកបណ្ឌិត Paul Smith ជាសាស្ត្រាចារ្យរងផ្នែកប្រវត្តិសាស្ត្រ និងនយោបាយបារាំង នៅសាកលវិទ្យាល័យ Nottingham បានលើកឡើងថា កំហឹងដំបូងដែលកើតចេញពីបញ្ហាថ្នាក់រៀនគឺមានសិស្សសាលាចូលរួមច្រើនហួសកម្រិត និងកង្វះខាតគ្រូបង្រៀន បានវិវត្តទៅជាការមិនពេញចិត្តក្នុងកម្រិតកាន់តែធំទៅៗក្នុងចំណោមមនុស្សជំនាន់ផ្សេងៗគ្នា ពាក់ព័ន្ធនឹងអនាគត សេវាសាធារណៈ និងការកើនឡើងថ្លៃចំណាយនៃការរស់នៅបូកផ្សំគ្នា។ លោក Smith បាននិយាយថា៖ បញ្ហានេះបានប្រែក្លាយទៅជាកំហឹងបាតុកម្មយ៉ាងក្តៅគគុកទៅលើប្រធានបទថ្លៃចំណាយខ្ពស់លើការរស់នៅទូទាំងប្រទេសបារាំង ខណៈដែលសេវាសាធារណៈគ្រប់ប្រភេទកំពុងស្ថិតក្រោមសម្ពាធជាច្រើន។ លោកបានបន្ថែមថា សូម្បីតែមន្ត្រីប៉ូលិសក៏កំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ គឺខ្វះខាតថវិកា និងការជ្រើសរើសបុគ្គលិកបន្តបន្ទាប់។ លោកបន្តថា៖ មានមនុស្សជាច្រើនកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នេះ បន្ទាប់ពីលោក Emmanuel Macron បានឡើងកាន់តំណែងជាប្រធានាធិបតីអស់រយៈពេល ១០ ឆ្នាំ ឬជិត១០ឆ្នាំកន្លងមកហើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


