ឯកឧត្តម ម៉ាង ស៊ីណេត ជួបសំណេះ សំណាល និងនាំយកការសួរសុខទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់និស្សិតកម្ពុជា កំពុងសិក្សានៅសាធារណរដ្ឋឆែក

ទីក្រុងប្រាហ្គ-សាធារណរដ្ឋឆែក៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលផ្ទាល់ជាមួយប្អូនៗនិស្សិតកម្ពុជា ដែលកំពុងបន្តការសិក្សានៅក្នុងប្រទេសឆែក។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ និងការសួរសុខទុក្ខដ៏កក់ក្តៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្អូនៗនិស្សិតទាំងអស់ផងដែរ។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងបានលើកទឹកចិត្តដល់និស្សិតគ្រប់រូបឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើការស្រាវ ជ្រាវ និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយចំណេះដឹង និងជំនាញវិជ្ជាជីវៈច្បាស់ខលាស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិឱ្យកាន់តែរីកចម្រើននាពេលអនាគត។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា៖ «យុវជនមានចំណេះដឹង និងសមត្ថភាព គឺជាកម្លាំងដ៏សំខាន់សម្រាប់អនាគតកម្ពុជា»។

អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ