គួរឱ្យមោទនភាព! ម៉ូតូផលិតនៅកម្ពុជា Calypso Xplorer បង្ហាញខ្លួននៅពិព័រណ៍អន្តរជាតិ EICMA ក្រោយជិះឆ្លងកាត់១៥ប្រទេស ចម្ងាយជាង ១៦០០០គីឡូម៉ែត្រ

ជាមោទនភាពមួយសម្រាប់វិស័យយានយន្តនៅកម្ពុជា ដោយម៉ូតូស៊េរីថ្មីមួយគ្រឿងដែលរចនា និងផលិតឡើងដោយកូនខ្មែរ បានបង្ហាញវត្តមានជាប្រវត្តិសាស្ត្រនៅលើឆាកអន្តរជាតិ ក្នុងពិព័រណ៍ម៉ូតូដ៏ធំបំផុតពិភពលោក EICMA នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី។ អ្វីដែលគួរឱ្យកោតសរសើរនោះគឺ ម៉ូតូនេះត្រូវបានជិះផ្ទាល់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងមីឡាន ដោយមិនប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមនាវា ឬយន្តហោះនោះឡើយ។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Calypso Motors ម៉ូតូស៊េរីថ្មី Calypso Xplorer នេះ ត្រូវបានបើកបរដោយលោក Frost ZK ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន។ លោកបានចេញដំណើរពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ដោយចំណាយពេលជាង ៣ខែ ជិះឆ្លងកាត់ផ្លូវចម្ងាយជាង ១៦០០០ គីឡូម៉ែត្រ លើ១៥ប្រទេស ក្នុងតំបន់អាស៊ី អាស៊ីកណ្តាល និងអឺរ៉ុប មុនពេលទៅដល់គោលដៅ។ បច្ចុប្បន្ន ម៉ូតូដ៏រឹងមាំមួយគ្រឿងនេះ កំពុងត្រូវបានដាក់តាំងបង្ហាញយ៉ាងទាក់ទាញនៅស្តង់របស់ក្រុមហ៊ុន ក្នុងពិព័រណ៍ EICMA ដែលប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការបង្ហាញសមត្ថភាពម៉ូតូប៉ុណ្ណោះទេ តែជាការសបញ្ជាក់ពីស្នាដៃ និងសមត្ថភាពពិតៗរបស់កូនខ្មែរ។ លោក Ivan Ting នាយកប្រតិបត្តិក្រុមហ៊ុន Calypso Motors បានមានប្រសាសន៍ថា៖ “ជាមួយនឹងវិស្វករកម្ពុជាជំនាន់ថ្មី យើងកំពុងបង្ហាញពិភពលោកឱ្យបានឃើញពីសមត្ថភាពរបស់ពួកគេ។ កម្ពុជាលែងជាប្រទេសដែលគ្រាន់តែទិញម៉ូតូពីបរទេសទៀតហើយ យើងក៏មានសមត្ថភាពផលិតម៉ូតូដែលមានគុណភាពល្អបានដែរ។”

ក្រឡេកមកមើលលក្ខណៈបច្ចេកទេសវិញ Calypso Xplorer គឺជាម៉ូតូប្រភេទ Adventure Scooter លេខអូតូ ស៊េរីថ្មីទាំងស្រុងដែលបំពាក់នូវកម្លាំងម៉ាស៊ីន 180cc ជំនួសម៉ូដែល 150 ជំនាន់មុន។ ម៉ូតូនេះបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដូចជា ប្រព័ន្ធបាញ់ប្រេងឥន្ធនៈ Bosch ពីប្រទេសអាល្លឺម៉ង់ ប្រព័ន្ធទឹកស្អំបញ្ចុះកម្ដៅ ប្រព័ន្ធហ្វ្រាំង ABS ប្រព័ន្ធទប់លំនឹង (Traction Control) អេក្រង់ Touchscreen និងជាពិសេសប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ Startec Intelligent Safety (SI) ដែលអាចផ្ញើសារជូនដំណឹងពេលមានគ្រោះថ្នាក់ និងអាចតាមដានស្ថានភាពម៉ូតូតាមរយៈទូរសព្ទដៃ។

ស្របពេលនៃការអបអរសាទរនេះ ក្រុមហ៊ុនក៏បានប្រកាសបើកទទួលការកក់ទុកមុន (Pre-order) សម្រាប់ទីផ្សារកម្ពុជាផងដែរ ជាមួយនឹងចំនួនកំណត់ការផលិតត្រឹមតែ ៦០គ្រឿងប៉ុណ្ណោះ សម្រាប់ការប្រគល់ជូនក្នុងខែធ្នូខាងមុខ ដោយផ្តល់អាទិភាពតាមលំដាប់មុនក្រោយ។ អតិថិជនអាចកក់ដោយចំណាយប្រាក់ត្រឹម ១០០ដុល្លារ ខណៈតម្លៃពិសេសក្នុងអំឡុងពេល Pre-order នេះគឺ ២.៩៨០ ដុល្លារ (តម្លៃពេញលក់ផ្លូវការ ៣.២៨០ ដុល្លារ) ដែលការផ្តល់ជូននេះមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Calypso Motors ដែលជាក្រុមហ៊ុនផលិតម៉ូតូដំបូងគេនៅកម្ពុជា នឹងរៀបចំពិធីសម្ពោធជាផ្លូវការម៉ូតូ Calypso Xplorer នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «Fresh from Milan» នៅមជ្ឈមណ្ឌលតាំងបង្ហាញម៉ូតូថ្មី សហការជាមួយ VM Motorshop ស្ថិតនៅជិតផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕