កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសទន្លេមេគង្គ-ឡានឆាង ឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសការឆបោកតាមអនឡាញ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ពួងកេតកែវ (Sihasak Phuangketkeow) បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី ១១ នៅថ្ងៃពុធនេះ។ កិច្ចប្រជុំនេះបានអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសកម្ពុជាដែលមានឯកឧត្ត ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្រ្តីការប្រទេសឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលជាប្រទេសស្ថិតនៅតាមដងទន្លេមេគង្គ (ដែលនៅក្នុងទឹកដីប្រទេសចិន ហៅថាទន្លេឡានឆាង)។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក វ៉ាង បានថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសប្រទេសទាំង៤ថា៖ បណ្តាប្រទេសតាមដងទន្លេនេះ គួរតែលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងអនុតំបន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗទាំងក្នុងកម្រិតអន្តរជាតិ និងតំបន់។ រដ្ឋមន្ត្រីការបរទេសទាំងអស់បានពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងសន្តិសុខបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែន (ជាពិសេសការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត) ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងប្រទេសនានាក្នុងអនុតំបន់នេះដែរ។ លោក វ៉ាង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយក្រោយកិច្ចប្រជុំរួមគ្នាថា៖ យើងចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការស្វែងរកផ្លូវពាណិជ្ជកម្មអន្តរជាតិថ្មីៗ ទាំងផ្លូវគោក និងផ្លូវសមុទ្រ ជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ លើកទឹកចិត្តឱ្យមានផលិតផលដែលមានគុណភាពខ្ពស់ពីបណ្តាប្រទេសតាមដងទន្លេមេគង្គ ចូលទៅក្នុងទីផ្សារចិនកាន់តែច្រើនជាងមុន និងបន្តកសាងខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចឡានឆាង-មេគង្គ។ ចំណែករដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ពួងកេតកែវ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមនោះផងដែរថា៖ ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកតាមអនឡាញ កំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងលើសន្តិសុខរួមរបស់បណ្តាប្រទេសក្នុងតំបន់។ លោកបានបញ្ជាក់ថា កិច្ចប្រជុំបានឯកភាពគ្នាលើភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឆ្លងដែនឱ្យកាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាដែលបានបង្កឡើងដោយបណ្តាញឧក្រិដ្ឋកម្ម។ លោកបានបន្ថែមថា៖ យើងបានឯកភាពគ្នាថា យើងត្រូវដោះស្រាយបញ្ហាប្រឈមនេះ ដោយផ្តល់អាទិភាពខ្ពស់ និងចាត់ទុកជាបញ្ហាបន្ទាន់។ យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់មួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលជាប្រទេសទាំង ៦ មានទន្លេឡានឆាង-មេគង្គហូរកាត់ប្រទេសទាំងនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ