ឯកឧត្តម នេត្រ ភក្ត្រា៖ «គិតមុននឹងជឿ ពិនិត្យផ្ទៀងផ្ទាត់មុននឹងចែករំលែក» ដើម្បីរួមគ្នាកសាងបរិយាកាសព័ត៌មានដែលគួរឱ្យទុកចិត្តក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិច្ចប្រជុំលើកទី១៧ នៃរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចេះពិចារណា និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងជឿ ឬចែករំលែក ដោយសង្កត់ធ្ងន់ថា «គិតមុននឹងជឿ ពិនិត្យផ្ទៀងផ្ទាត់មុននឹងចែករំលែក» គឺជាគោលការណ៍សំខាន់ក្នុងការកសាងវប្បធម៌ប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងរក្សាទំនុកចិត្តសាធារណៈក្នុងយុគសម័យឌីជីថល។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសន្និសីទពហុភាគីរបស់អាស៊ាន ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសំយោគក្នុងយុគសម័យឌីជីថល (ASEAN Multistakeholder Symposium on Mitigating Disinformation and Managing Synthetic Media in the Digital Era) នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Reto Grüninger ប្រធានផ្នែកសហប្រតិបត្តិការនៃការិយាល័យសហប្រតិបត្តិការ និងទីភ្នាក់ងារកុងស៊ុលស្វីសប្រចាំនៅកម្ពុជា ព្រមទាំងតំណាងប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន អ្នកជំនាញសារព័ត៌មាន អ្នកស្រាវជ្រាវ តំណាងសង្គមស៊ីវិល និងដៃគូបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បរិយាកាសព័ត៌មានដែលមានភាពជឿទុកចិត្ត គឺមានសារៈសំខាន់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ សាមគ្គីភាពក្នុងសង្គម និងការអភិវឌ្ឍសហគមន៍អាស៊ាន។ ទោះបីបច្ចេកវិទ្យាឌីជីថលបានបើកឱកាសថ្មីៗសម្រាប់ការទទួលបានចំណេះដឹង ការតភ្ជាប់សហគមន៍ ការច្នៃប្រឌិត និងការចូលរួមរបស់សាធារណជនក៏ដោយ ក៏ការរីករាលដាលនៃព័ត៌មានមិនពិត និងព័ត៌មានបំភាន់នៅតែជាបញ្ហាប្រឈមកាន់តែស្មុគស្មាញ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ បង្កលក្ខណៈងាយស្រួលដល់ការបោកប្រាស់ និងធ្វើឱ្យប៉ះពាល់ដល់ការយោគយល់គ្នាក្នុងសង្គម។
ឯកឧត្តមបានបន្តថា ការរីកចម្រើននៃបញ្ញាសិប្បនិម្មិតបង្កើតថ្មី និងប្រព័ន្ធផ្សព្វផ្សាយសំយោគ បាននាំមកនូវសក្តានុពលជាច្រើនសម្រាប់វិស័យអប់រំ ការបកប្រែ ការផ្លាស់ប្តូរវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត។ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះក្នុងគោលបំណងបំភាន់ អាចធ្វើឱ្យខ្លឹមសារបោកបញ្ឆោតកាន់តែមានលក្ខណៈគួរឱ្យជឿ និងធ្វើឱ្យការផ្ទៀងផ្ទាត់ការពិតកាន់តែពិបាក។ ដូច្នេះ ភារកិច្ចរួមរបស់ប្រទេសក្នុងតំបន់ គឺជំរុញនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ និងពង្រឹងសមត្ថភាពស្ថាប័ន អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ឱ្យអាចសម្គាល់ និងឆ្លើយតបចំពោះការបោកបញ្ឆោតតាមប្រព័ន្ធឌីជីថល។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតុល្យភាពក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ដោយត្រូវធានាការការពារសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន ស្របតាមច្បាប់ជាធរមាន និងកាតព្វកិច្ចអន្តរជាតិ។ ក្នុងនោះ ក៏ត្រូវមានការបែងចែកឱ្យបានច្បាស់រវាងកំហុសឆ្គងដោយអចេតនា ឬភាពខុសគ្នានៃមតិដែលស្របច្បាប់ និងការបង្កើតព័ត៌មានបំភាន់ដោយចេតនា។ ការប្រាស្រ័យទាក់ទងច្បាស់លាស់ ការគោរពស្តង់ដារវិជ្ជាជីវៈ និងការកែតម្រូវកំហុសប្រកបដោយតម្លាភាព គឺជាកត្តាចាំបាច់ក្នុងការរក្សាទំនុកចិត្តសាធារណៈ។
ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រោមការដឹកនាំរបស់ក្រសួងព័ត៌មាន កម្ពុជាបានដាក់ឱ្យដំណើរការយុទ្ធនាការទូទាំងប្រទេស «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅឆ្នាំ២០២៥។ ក្នុងដំណាក់កាលទី១ យុទ្ធនាការនេះបានប្រមូលផ្តុំការចូលរួមពីសហគមន៍នៅទូទាំងរាជធានី-ខេត្តទាំង២៥ ដោយបានរៀបចំសកម្មភាពលើកកម្ពស់ការយល់ដឹងចំនួន ៣៦១លើក និងឈានដល់ប្រជាពលរដ្ឋជាង ៦លាននាក់តាមប្រព័ន្ធអនឡាញ។
ចំណែកដំណាក់កាលទី២ ដែលបានចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២៦ បានផ្តោតលើយុវជន ការលើកកម្ពស់អក្ខរកម្មព័ត៌មាន សមត្ថភាពគិតពិចារណា និងការកសាងភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ ដោយបានឈានដល់សិស្សានុសិស្សជាង ៥៧.០០០នាក់ នៅវិទ្យាល័យចំនួន ៤២ ក្នុងប្រទេសកម្ពុជា។
ក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិតជាតិ កម្ពុជាក៏បានដឹកនាំគំនិតផ្តួចផ្តើមមេគង្គ-ឡានឆាង «Zero Fake News» ក្នុងកម្រិតតំបន់ ដោយប្រមូលផ្តុំអ្នកជំនាញ និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានមកពីប្រទេសចំនួន៥ តាមរយៈវេទិកាពិភាក្សា ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានបំភាន់ ពង្រឹងសុចរិតភាពព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឯកឧត្តមបានលើកឡើងពីអាទិភាពចំនួន៤ រួមមាន៖ ទី១ ពង្រឹងលទ្ធភាពទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបាន តាមរយៈការផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ស្ថាប័នឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសារព័ត៌មានវិជ្ជាជីវៈ។ ទី២ លើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាកិច្ចការរួម និងជាបន្តបន្ទាប់។ ទី៣ ពង្រឹងកិច្ចសហការជាមួយវេទិកាឌីជីថល និងអ្នកផ្តល់សេវាបច្ចេកវិទ្យា រួមទាំងការសិក្សាលើការកំណត់អត្តសញ្ញាណ និងការដាក់ស្លាកសម្គាល់ខ្លឹមសារសំយោគ ព្រមទាំងការបង្កើនលទ្ធភាពប្រើប្រាស់ឧបករណ៍ផ្ទៀងផ្ទាត់ព័ត៌មាន។ និងទី៤ កំណត់វិធីសាស្ត្រជាក់ស្តែង ដើម្បីរក្សានិរន្តរភាពកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរជំនាញ ការកសាងសមត្ថភាព និងការស្រាវជ្រាវ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីសារៈសំខាន់នៃយន្តការកិច្ចសហប្រតិបត្តិការរបស់អាស៊ាន រួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន (AMRI) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកព័ត៌មាន (SOMRI) និងក្រុមការងារអាស៊ានស្តីពីព័ត៌មានក្លែងក្លាយ។ ក្នុងនាមជាអនុប្រធាន និងជាប្រធានបន្តវេននៃកិច្ចប្រជុំ AMRI លើកទី១៨ កម្ពុជាត្រៀមបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តារដ្ឋមន្ត្រី លេខាធិការដ្ឋានអាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងសារព័ត៌មាន។
ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា ទស្សនៈ និងអនុសាសន៍ដែលទទួលបានពីសន្និសីទនេះ នឹងក្លាយជាធាតុចូលដ៏មានតម្លៃសម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំ AMRI លើកទី១៨ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ ព្រមទាំងជួយពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈយន្តការ SOMRI និង AMRI នាពេលអនាគត។
នៅក្នុងឱកាសបើកសន្និសីទនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវឱ្យអ្នកចូលរួមទាំងអស់បន្តពង្រឹងស្មារតីបើកចំហ ការគោរពគ្នាទៅវិញទៅមក និងគោលបំណងរួម ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃបរិយាកាសព័ត៌មានដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស និងធានាថាប្រជាពលរដ្ឋក្នុងតំបន់អាស៊ានអាចទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពឌីជីថលដោយមានទំនុកចិត្ត និងសុវត្ថិភាព៕


