ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូទស្សនកិច្ចសិក្សា និងស្វែងយល់នៅសារមន្ទីរសាកលវិទ្យាល័យ Warsaw ប្រទេសប៉ូឡូញ
ទីក្រុង Warsaw-សាធារណរដ្ឋប៉ូឡូញ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ខេត្តព្រះសីហនុ ទៅបំពេញទស្សនកិច្ច និងស្វែងយល់ពីកិច្ចដំណើរការការងារ នៅសារមន្ទីរ នៃសាកលវិទ្យាល័យវ៉ារស្សាវ៉ា (University of Warsaw Museum) ស្ថិតនៅទីក្រុងវ៉ារស្សាវ៉ា សាធារណរដ្ឋប៉ូឡូញ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តព្រះសីហនុ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ លោកសាស្ត្រាចារ្យរង Hubert Kowalski នាយកសារមន្ទីរ នៃសាកលវិទ្យាល័យវ៉ារស្សាវ៉ា ដែលបានចំណាយ ពេលផ្ទាល់ខ្លួនក្នុងការអមដំណើរ និងធ្វើបទបង្ហាញយ៉ាងលម្អិតអំពី ប្រវត្តិសាស្ត្រ ស្នាដៃបេតិកភណ្ឌ ការគ្រប់គ្រង និងកិច្ចអភិរក្សវត្ថុបុរាណ ក៏ដូចជាសកម្មភាពការងារនានារបស់សារមន្ទីរ។
តាមរយៈដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជួយពង្រឹងចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងផ្តល់នូវបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃលើការគ្រប់គ្រងស្ថាប័នវប្បធម៌ និងការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រ ដែលអាចទាញយកជាគំនិតអនុវត្តជាក់ស្តែងផងដែរ។
អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ


