កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទ្វេភាគី/ត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទ្វេភាគី/ត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
ភាគីវៀតណាមដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯកបំរុង ងៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ភាគីឡាវដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ គង់សាវ៉ាត់ ប៊ូនហៀង អនុរដ្ឋមន្ត្រី នៃ សាធារណៈរដ្ឋប្រជាមានិត ប្រជាធិបតេយ្យ ឡាវ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កម្ពុជា ឡាវ និងវៀតណាម មានទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ ការដ៏ជិតស្និទ្ធជាប្រពៃណី ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍ និងការសម្របសម្រួលការងារលើវិស័យដែលមានផលប្រយោជន៍រួម។ ក្នុងចំណោមវិស័យទាំងនោះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាកិច្ចការដ៏សំខាន់មួយដែលទាម ទារឱ្យប្រទេសយើងទាំងបីបន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ជាក់ស្តែង បញ្ហាគ្រឿងញៀនខុសច្បាប់នៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញ ដែលប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ សកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែន និងការប្រែប្រួលនៃមធ្យោបាយប្រព្រឹត្តបទល្មើស បានបង្ហាញ ពីតម្រូវការចាំបាច់ក្នុងការពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួលប្រតិបត្តិការ និងការចែក រំលែកបទពិសោធន៍រវាងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសយើងទាំងបី។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តទៀតថា ក្នុងបរិបទនេះ កិច្ចប្រជុំរបស់យើងនាឱកាសនេះ មានសារៈសំខាន់ក្នុងការពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តកន្លងមក ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ព្រមទាំង ពិភាក្សាអំពីទិសដៅ និងវិធានការចាំបាច់ ដើម្បីបន្តពង្រឹងកិច្ចសហការឱ្យកាន់តែមានភាពសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការពិភាក្សាប្រកបដោយភាព ស្មោះត្រង់ ការយោគយល់ និងស្មារតីសហប្រតិបត្តិការ កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាក់ ស្តែង ដែលរួមចំណែកដល់ការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿង ញៀននៅក្នុងប្រទេសយើងទាំងបី។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលបានខិតខំសម្របសម្រួល និងចូលរួមជួយរៀបចំកិច្ចប្រជុំនេះឡើង។ ការចូលរួម និងការគាំទ្ររបស់គ្រប់ភាគីគឺជាកត្តាសំខាន់ ក្នុងការរក្សានិរន្តរភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែរឹងមាំ។
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានថ្លែងកិច្ចប្រជុំនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីមិត្តភាព សាមគ្គីភាព ការជឿទុកចិត្តគ្នា និងការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងបី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់ ដែលជាបញ្ហាប្រឈមរួមចំពោះសន្តិសុខ សុវត្ថិភាព សុខភាពសាធារណៈ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច របស់ប្រទេសទាំងបី។ តាមរយៈការជួបជុំ និងការពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងស្មារតី ជួយគ្នាទៅវិញទៅមកនេះ នឹងអាចពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន ដែលជាបញ្ហាប្រឈមរួម។ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាម និងឡាវ ដែលបានបន្តរក្សាស្មារតីសហប្រតិបត្តិការ ដ៏មានសារៈសំខាន់នេះ និងជានិច្ចកាល ផ្តល់អាទិភាពចម្បង និង គុណតម្លៃដល់យន្តការ កិច្ចប្រជុំនេះ និងជាពិសេស បន្តយកចិត្តទុកដាក់ និង ចូលរួមយ៉ាងសកម្ម ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ឱ្យមាននិរន្តរភាព និងកាន់តែមាន ប្រសិទ្ធភាព។


