សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៦នៅតួកគី (COP31) បានពន្យល់យ៉ាងច្បាស់អំពីផលវិបាកចំហេះប្រេង ឧស្ម័ន និងធ្យូងថ្មនៅតែជាកត្តាចម្បងបង្កើតគ្រោះមហន្តរាយធម្មជាតិដល់មនុស្ស
ចំហេះប្រេង ឧស្ម័ន និងធ្យូងថ្ម នៅតែជាកត្តាចម្បងដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំកំពូលនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦ ឬ The 2026 United Nations Climate Change Conference ហៅកាត់ថា COP ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាមួយដែលមានបណ្តាប្រទេសនានាមកជួបជុំគ្នា ដើម្បីចរចារកវិធីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពសកល។ ឆ្នាំនេះគឺជាកិច្ចប្រជុំកំពូលលើកទី៣១ ឬ COP31 ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Antalya ប្រទេសតួគី។ លោក Bob Ward មកពីសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ ឬ (London School of Economics and Political Science) បានពន្យល់ថា៖ កិច្ចប្រជុំកំពូលទាំងនេះ គឺជាការជួបជុំគ្នារវាងភាគី ឬបណ្តាប្រទេសនានា ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាដើមរបស់អង្គការសហប្រជាជាតិស្តីពីអាកាសធាតុ ដែលមានឈ្មោះថា អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (United Nations Framework Convention on Climate Change)។ គោលដៅចម្បងគឺកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលប្រចាំឆ្នាំ ធ្វើឱ្យធ្លាក់ចុះដល់កម្រិតសូន្យ មុនដំណាច់សតវត្សរ៍នេះ ឬប្រសើរជាងនេះទៅទៀត គឺនៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះតែម្តង។ របាយការណ៍ថ្មីៗនេះបានបង្ហាញថា ការបញ្ចេញឧស្ម័នទាំងនេះមិនបានថយចុះក្នុងល្បឿនលឿនគ្រប់គ្រាន់នោះទេ។ អ្នកជំនាញបានលើកឡើងថា ផ្ទាំងទឹកកក និងស្រទាប់ទឹកកកនៅជុំវិញពិភពលោក កំពុងរលាយបាត់បង់ក្នុងបរិមាណរាប់រយពាន់លានតោនជារៀងរាល់ឆ្នាំ ដែលជាកត្តារួមចំណែកធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើង។ លោក Ward បាននិយាយថា៖ «នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងហើយ ចាប់តាំងពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បានចេញផ្សាយរបាយការណ៍មួយកាលពីដើមឆ្នាំនេះ ដែលបង្ហាញថា យើងនឹងមិនអាចរក្សាកម្រិតកើនឡើងសីតុណ្ហភាពឱ្យនៅត្រឹម ១,៥ អង្សាសេបានឡើយ (ដែលជាគោលដៅចម្បងរបស់យើង) ហើយសីតុណ្ហភាពទំនងជានឹងកើនឡើងលើសពីកម្រិតនេះទៅទៀត។ លោក Murat Kurum រដ្ឋមន្ត្រីក្រសួងបរិស្ថាន នគរូបនីយកម្ម និងការប្រែប្រួលអាកាសធាតុរបស់ប្រទេសតួកគី ដែលធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលបានប្រកាសថា៖ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលអគ្គិសនី (electrification) គឺជាអាទិភាពមួយសម្រាប់កិច្ចប្រជុំ COP31 ដោយស្នើឱ្យបង្កើនចំណែកនៃតម្រូវការថាមពលសកលដែលផ្គត់ផ្គង់ដោយអគ្គិសនី ឱ្យដល់កម្រិត ៣៥% នៅត្រឹមឆ្នាំ ២០៣៥។ អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានសម្រាប់បរិស្ថាន និងសន្តិសុខមនុស្ស នៃសាកលវិទ្យាល័យអង្គការសហប្រជាជាតិ (UNU-EHS) បានមានប្រសាសន៍ថា៖ ខ្ញុំសង្ឃឹមថានឹងមានសន្ទុះថ្មីមួយឆ្ពោះទៅរកការផ្លាស់ប្តូរចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល»។ ខ្ញុំគិតថា ការឈប់ពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ហើយងាកមកក្លាយជាប្រទេសដែលពឹងផ្អែកលើថាមពលអគ្គិសនី (electro-state) ជំនួសឱ្យប្រទេសដែលពឹងផ្អែកលើប្រេងឥន្ធនៈ (petro-state) គឺជាគំនិតដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងសម័យកាលនេះ។ នេះជារឿងមួយដែលសាកសមបំផុតសម្រាប់ឆ្នាំ ២០២៦។ នៅក្នុងប្រទេសហ្វីលីពីនមានការកើនឡើងយ៉ាងគំហុកនៃតម្លៃថាមពល ដែលបង្កឡើងដោយសង្គ្រាម (នៅក្នុងតំបន់មជ្ឈឹមបូព៌ា) បានជំរុញឱ្យមានតម្រូវការកើនឡើងខ្ពស់លើការដំឡើងបន្ទះសូឡានៅលើដំបូលផ្ទះប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនានាកន្លងមកបានកំពុងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរនៅជុំវិញពិភពលោក។ ជាក់ស្តែងក្នុងខែសីហាឆ្នាំ ទឹកជំនន់ភ្លាមៗបានបោកបក់ផ្ទះសម្បែងជាច្រើននៅក្នុងប្រទេសនេប៉ាល់ព្រំដែនជាមួយចិនទីបេ និងបានឆក់យកជីវិតមនុស្សជាង ១.៤០០នាក់។ អ្នកដែលនៅរស់រានមានជីវិត ត្រូវជួបការលំបាកយ៉ាងខ្លាំងក្នុងការកសាងជីវិតរបស់ពួកគេឡើងវិញ។ មកដលដល់ពេលនេះទោះបីជាមានសកម្មភាពជាច្រើនកំពុងត្រូវបានអនុវត្តនៅជុំវិញពិភពលោកក៏ដោយ ក៏វានៅតែមិនទាន់គ្រប់គ្រាន់ ហើយមិនទាន់លឿនគ្រប់គ្រាន់ និងមិនទាន់មានវិសាលភាពធំធេងគ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះ យើងត្រូវការឱ្យបណ្តាប្រទេសនានាពន្លឿនសកម្មភាពដែលពួកគេបានសន្យាថានឹងអនុវត្ត។ ហើយនេះគឺជាចំណុចសំខាន់ដែលកិច្ចប្រជុំ COP31 លើកនេះបានសង្កត់ធ្ងន់៕
សម្រួលអត្ថបទ៖ សុផារិន្ទ


