ខេត្តព្រះសីហនុ និងសាកលវិទ្យាល័យ WSB Merito នៃប្រទេសប៉ូឡូញ ពិភាក្សាលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស
ទីក្រុង Gdańsk-សាធារណរដ្ឋប៉ូឡូញ ៖នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ាង ស៉ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃ WSB MERITO UNIVERSITY ដែលជាក្រុមគ្រឹះស្ថានឧត្តមសិក្សាឯកជនធំជាងគេ និងមានប្រជាប្រិយភាពខ្លាំងមួយនៅប្រទេសប៉ូឡូញ (Poland)។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានលើកយកកម្មវិធីសិក្សា និងជំនាញពេញនិយមមកធ្វើការពិភាក្សា ដែលរួមមាន៖ពាណិជ្ជកម្មអន្តរជាតិ (International Trade),ការគ្រប់គ្រងធុរកិច្ច (Management),ហិរញ្ញវត្ថុ និងគណនេយ្យ (Finance and Accounting),បច្ចេកវិទ្យាព័ត៌មាន (Computer Science / IT in Business),ទេសចរណ៍ និងការកម្សាន្ត (Tourism and Recreation),ផ្នែកច្បាប់ក្នុងអាជីវកម្ម (Law in Business) និងវិស័យសុខាភិបាល និងសុខភាពសាធារណៈ (Health Sciences & Healthcare)។
ជាលទ្ធផលនៃជំនួបនេះ ភាគីសកលវិទ្យាល័យបានបង្ហាញពីបំណងចង់បង្កើតកិច្ចសហ ប្រតិបត្តិការជាមួយខេត្តព្រះសីហនុ និងសង្ឃឹម ថា ការជួបពិភាក្សានេះនឹងក្លាយជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងការលើកកម្ពស់វិស័យអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ និងប្រទេស ប៉ូឡូញ។
អត្ថបទ៖ ម៉ារ៉ាឌី
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ


