ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ ទីប្រឹក្សាជាតិ និងអន្តរជាតិ អ្នកជំនាញ អ្នកស្រាវជ្រាវ តំណាងដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សិស្ស និងនិស្សិត ប្រមាណជាង៥០០នាក់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងថា ពិធីនាពេលនេះមិនត្រឹមតែជាការដាក់ចេញជាផ្លូវការនូវឯកសារផែនការយុទ្ធសាស្ត្រសម្រាប់ គ.វ.ប.អ. ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់អំពីការប្ដេជ្ញាចិត្តរួមរបស់យើងទាំងអស់គ្នា ក្នុងការការពារ ថែរក្សា សិក្សាស្រាវជ្រាវ និងលើកតម្កើងតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ឱ្យក្លាយជាមូលដ្ឋានចំណេះដឹងដ៏រឹងមាំសម្រាប់ការពង្រឹងអត្តសញ្ញាណជាតិ ការបណ្តុះមនសិការស្នេហាជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត គ.វ.ប.អ. តាមរយៈអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីធានាភាពត្រឹមត្រូវ ភាពអាចជឿទុកចិត្តបាន និងសមានគតិភាព សម្រាប់ការប្រើប្រាស់ ការបកស្រាយ ការបង្រៀន និងការផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងលើកកម្ពស់អត្តសញ្ញាណជាតិ មនសិការជាតិ និងកិត្យានុភាពកម្ពុជា។ ឯកឧត្តមវង្សី វិស្សុត បានសង្កត់ធ្ងន់ថា ការបង្កើត គ.វ.ប.អ. មិនមែនជាការជំនួសតួនាទីរបស់ក្រសួង ស្ថាប័នដែលមានស្រាប់ទេ ប៉ុន្តែជាការបំពេញបន្ថែមនិងពង្រឹងការសម្របសម្រួល ដើម្បីធានាគុណភាពបែបវិទ្យាសាស្ត្រ និងភាពជឿទុកចិត្តបាននៃឯកសារសំខាន់ៗរបស់ជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ក្នុងបរិបទបរិវត្តកម្មឌីជីថល យើងសង្កេតឃើញថា ក្នុងជ្រុងនៃប្រវត្តិសាស្រ្ត កម្ពុជាកំពុងប្រឈមនឹងការសាយភាយព័ត៌មានមិនពិត និងការបកស្រាយប្រវត្តិសាស្ត្របែបអត្តនោម័ត ដោយលម្អៀង ខ្វះប្រភពច្បាស់លាស់ ខ្វះព័ត៌មាននិងទិន្នន័យ និងខ្វះមូលដ្ឋានវិទ្យាសាស្ត្រ ជាពិសេសនៅតាមបណ្តាញសង្គម។ ទន្ទឹមនេះ ការស្រាវជ្រាវ និងការយល់ដឹងអំពីប្រវត្តិសាស្រ្ត វប្បធម៌ខ្មែរ គឺនៅមានកម្រិត និងភាពស្រពេចស្រពិលខ្លះ ដែលអាចបង្កជាការភ័ន្តច្រឡំក្នុងស្រទាប់សាធារណជន ជាពិសេសយុវជន។
ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវភាពជាម្ចាស់ និងកិត្យានុភាពជាតិក្នុងបរិបទពិភពលោកបច្ចុប្បន្ន ការសម្តែងនូវក្តីស្រឡាញ់ជាតិតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ។ ការប្រកួតប្រជែងនិទានកថាវប្បធម៌និងប្រវត្តិសាស្រ្ត នាពេលបច្ចុប្បន្ន មិនមែនកើតឡើងតែលើក្រដាស ឬក្នុងសៀវភៅប្រវត្តិសាស្ត្រទៀតឡើយ ប៉ុន្តែបាននិងកំពុងកើតឡើងរៀងរាល់នាទីនៅលើបណ្តាញសង្គមឌីជីថល។ ប្រសិនបើយើងខ្វះភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់ និងខ្វះយុទ្ធសាស្ត្រផ្សព្វផ្សាយទាន់ពេលវេលាទេនោះ និទានកថាដែលប្រឌិត ឬការបកស្រាយខុស ម្ខាងអាចនឹងបំពុលមហាជន និងអាចបំផ្លាញកិត្យានុភាពជាតិយើងបន្តិចម្តងៗ ហើយម្ខាងទៀតអាចនឹងធ្វើឱ្យយើងមានទស្សនៈជាតិនិយមជ្រុល ឬមានមោទនភាពជាតិហួសហេតុពេក។ ទាំងនេះ បើបណ្តោយឱ្យកើតមានយូរអង្វែង នឹងធ្វើឱ្យមានផលប៉ះពាល់មិនល្អដល់ស្មារតីស្នេហាជាតិ ឯកភាព និងសាមគ្គីភាពជាតិរបស់យើង។ ស្ថានភាពនេះទាមទារឱ្យមានការពង្រឹងការស្រាវជ្រាវ និងការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌ខ្មែរ ដោយផ្អែកលើការពិត និងភស្តុតាងច្បាស់លាស់ ព្រមទាំងលើកកម្ពស់ភាពជាម្ចាស់របស់កម្ពុជាក្នុងការបង្ហាញអំពីមរតកជាតិរបស់ខ្លួន និងដើម្បីដកស្រង់មេរៀនពីភាពជោគជ័យ និងបរាជ័យ ដើម្បីជាមូលដ្ឋានសម្រាប់ការកសាងអនាគត។ហេតុនេះ ការរៀបចំផែនការយុទ្ធសាស្ត្រច្បាស់លាស់ គឺមានសារៈសំខាន់ក្នុងការកំណត់ទិសដៅ បែងចែកការទទួលខុសត្រូវ និងកំណត់សកម្មភាពអាទិភាព ដើម្បីជំរុញការងារលើវិស័យនេះឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង ព្រមទាំងរួមចំណែកពង្រឹងអត្តសញ្ញាណ កិត្យានុភាព និងសាមគ្គីភាពជាតិ។
ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៦-២០៣០) របស់ គ.វ.ប.អ. មានគោលបំណងពង្រឹងអត្តសញ្ញាណជាតិមនសិការស្នេហាជាតិ និងសាមគ្គីភាពជាតិ តាមរយៈការលើកកម្ពស់ចំណេះដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌ខ្មែរ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងមានលក្ខណៈបរិយាបន្ន។ ផែនការនេះបានកំណត់គោលដៅចំនួន៤ និងការដ្ឋានយុទ្ធសាស្ត្រចំនួន៤ ដោយបែងចែកទៅតាមអភិក្រមជា៣ដំណាក់កាល។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងពីគោលការណ៍សំខាន់ៗចំនួន៥ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ដែលរួមមាន៖ ទី១. ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍វិទ្យាសាស្ត្រនិងសុចរិតភាពវិជ្ជាជីវៈ, ទី២. ត្រូវពង្រឹងការសម្របសម្រួលអន្តរស្ថាប័ន និងការចូលរួមពីអ្នកជំនាញ, ទី៣. ការយកចិត្តទុកដាក់លើការកសាង និងគ្រប់គ្រងចំណេះដឹងជាតិ, ទី៤. ការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងដែលអាចជឿទុកចិត្តបាន និងទី៥. ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត និងការទទួលខុសត្រូវ។ ឯកឧត្តមបានបន្ថែមថា ភាពជោគជ័យនៃផែនការយុទ្ធសាស្ត្រ ៥ឆ្នាំនេះ ទាមទារកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការស្រាវជ្រាវ និងផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដោយផ្អែកលើភស្តុតាងនិងគោលការណ៍វិទ្យាសាស្ត្រ ព្រមទាំងលើកទឹកចិត្តយុវជន និងសាធារណជនឱ្យចូលរួមថែរក្សា និងលើកតម្កើងមរតកវប្បធម៌ជាតិ ដើម្បីពង្រឹងអត្តសញ្ញាណជាតិ មោទនភាពជាតិ និងបន្សល់ទុកមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។


