ឯកឧត្តម ចាយ បូរិន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ៤រូប ង្រៀន នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ (អតីតសាលាភ្នំដូនពេញ)
(ភ្នំពេញ) នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនលោកគ្រូ ហេង ចាន់ថា លោកគ្រូ ឡុង សារិន អ្នកគ្រូ គុជ ស៊ីណេត និងអ្នកគ្រូ ខែម រមណី គ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ(អតីតសាលាភ្នំដូនពេញ) រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនលោកគ្រូ អ្នកគ្រូ ព្រមទាំងក្រុមគ្រួសារ ដោយក្ដីនឹករលឹក និងដឹងគុណ។
ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនាឱកាសនេះ គឺជាការបង្ហាញឱ្យឃើញជាក់ស្ដែងនូវចិត្តកតញ្ញូ និងកតវេទីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានអប់រំបណ្ដុះបណ្ដាលសម្តេចនាពេលកន្លងមក។ តាមប្រពៃណីខ្មែរ និងទ្រឹស្ដីព្រះពុទ្ធសាសនា មាតាបិតាជាអ្នកមានគុណទី១ ដែលបានផ្ដល់កំណើត និងចិញ្ចឹមបីបាច់ ចំណែកគ្រូបង្រៀនជាអ្នកមានគុណទី២ ដែលបានផ្ដល់ចំណេះដឹង ពន្លឺបញ្ញា និងសីលធម៌ ធ្វើឱ្យសិស្សក្លាយជាមនុស្សដែលបរិបូណ៍ដោយវិជ្ជាសម្បទា និងចរិយាសម្បទា ជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពលសម្រាប់គ្រួសារ សង្គម និងប្រទេសជាតិ។ ទោះបីសម្តេចមហាបវរធិបតី មានភារកិច្ចធ្ងន់ធ្ងរក្នុងនាមជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជាតិក៏ដោយ ក៏សម្តេចមិនដែលភ្លេចគុណលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បានបង្រៀននោះឡើយ ទើបបានចាត់ឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញមកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដល់ទីកន្លែងផ្ទាល់ ដែលជាការបន្តប្រពៃណីដ៏ល្អផូរផង់ពីសម្តេចអគ្គមហាសេនាបតីតេជោ ដែលតែងតែដឹងគុណចំពោះគ្រូបង្រៀន ព្រមទាំងជាគំរូដ៏ថ្លៃថ្លាសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការគោរពគុណគ្រូ និងលើកតម្កើងវិជ្ជាជីវៈគ្រូបង្រៀន។
លោកគ្រូ អ្នកគ្រូ បានមានប្រសាសន៍ថា យើងខ្ញុំព្រមទាំងក្រុមគ្រួសារ ពិតជាមានសេចក្ដីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងក្រៃលែង ដែលសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត នៅតែចងចាំនិងនឹករលឹកនូវគុណបំណាច់របស់គ្រូដែលធ្លាប់បង្រៀន ហើយបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកជូនយើងខ្ញុំ និងក្រុមគ្រួសារនាឱកាសនេះ។ សម្រាប់គ្រូបង្រៀនគ្រប់រូប គ្មានអ្វីសប្បាយចិត្តជាងការបានឃើញសិស្សរបស់ខ្លួន ទទួលបានភាពជោគជ័យនៅក្នុងអាជីពការងារនិងក្លាយជាអ្នកដឹកនាំដ៏ល្អរបស់ប្រទេសជាតិ ដែលមានចំណេះដឹង សីលធម៌ និងចិត្តកតញ្ញូនោះឡើយ។ យើងខ្ញុំ ក្នុងនាមជាគ្រូទទួលបន្ទុកថ្នាក់ផ្ទាល់ នៅចាំថា កាលពីនៅរៀន សម្តេចមហាបវរធិបតី ជាសិស្សដែលមានអត្តចរិតសុភាពរាបសារ ឧស្សាហ៍ព្យាយាម មានវិន័យ គោរពគ្រូ និងមានចិត្តស្រឡាញ់ការសិក្សា មានសុជីវធម៌ល្អស្គាល់ចាស់ទុំជាទីរាប់អាននិងជាទីស្រឡាញ់ពីសំណាក់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងក្នុងថ្នាក់និងក្នុងសាលា ធ្លាប់ជាសិស្សមានសន្តានចិត្តអាណិតប្រោសប្រណីជួយមិត្តភក្ដិរួមថ្នាក់ដែលមានជីវភាពលំបាក។ សម្តេចមហាបវរធីបតីធ្លាប់ជាសមាជិកសម្ព័ន្ធយុវជនសកម្មប្រចាំវិទ្យាល័យដោយបានចូលប្រឡូកគ្រប់ការងារទាំងក្នុងនិងក្រៅសាលាដោយមិនប្រកាន់ឋានៈ ដូចជាពលកម្មបោសសម្អាត ជីកកាយស្មៅក្នុងនិងក្រៅរបងសាលាឡើងប្រក់ស្បូវដំបូលខ្ចូសក្បែរកន្លែងដងទង់ជាតិ ចូលរួមស្ទូង និងច្រូតស្រូវ នៅសង្កាត់ព្រៃស និងហូបបាយកញ្ចប់តាមភ្លឺស្រែជាមួយមិត្តរួមថ្នាក់ដោយភាពសាមញ្ញ ព្រោះកាលនោះសាលាភ្នំដូនពេញមានដីស្រែដែលក្រសួងបានចែកឱ្យ។ សម្តេចមហាបវរធីបតីលោកជាសិស្សបានប្រឡងជាប់បានចូលរៀន ថ្នាក់សិស្សពូកែគណិតវិទ្យា ប្រចាំវិទ្យាល័យភ្នំដូនពេញ សម្តេចជាសិស្សពូកែម្នាក់ក្នុងចំណោមមិត្តភក្ដិសិស្សពូកែទាំង30នាក់ ដោយបានចំណាត់ថ្នាក់ប្រចាំខែប្រដេញគ្នាក្នុងចន្លោះលេខ1ឬលេខ2ឬលេខ3។ ដោយការខិតខំព្យាយាមរបស់សម្តេចនៅឆ្នាំបន្ទាប់ លោកបានប្រឡងជាប់ទទួលបានចំណាត់ថ្នាក់លេខ1 “សិស្សពូកែគណិតវិទ្យាទូទាំងប្រទេស” នៅឆ្នាំ១៩៩៣ បន្ទាប់មកលោកក៏បានប្រឡងជាប់សាលាបណ្ឌិតយោធា នៅអាម៉េរិក។ តាមរយៈការរួមការងារជាគ្រូនិងសិស្ស6ថ្ងៃក្នុងមួយសប្តាហ៍ (ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ កាលនោះថ្នាក់សិស្សពូកែតម្រូវឱ្យរៀនមុខវិជ្ជាឯកទេសចំនួន12ម៉ោង ក្នុង1សប្តាហ៍ សិស្សឃើញមុខគ្រូឡើងធុញ)។ មកដល់ថ្ងៃនេះ ខ្ញុំយល់ឃើញថាសម្តេចមហាបវរធិបតី លោកស័ក្តិសមជាឥស្សរជនដែលអាចកាន់ចង្កូតនាវាកម្ពុជា ទៅរកភាពរីកចម្រើនបានពិតប្រាកដ ព្រោះតាមរយៈសមត្ថភាពពីក្មេងរបស់សម្តេចដែលមានភាពម៉ឺងម៉ាត់ ហ្មត់ចត់ ឧស្សាហ៍ព្យាយាម និងមានចរិយាធម៌ដ៏ប្រពៃ មានសីលធម៌ដ៏ល្អ មានចំណេះជំនាញពិតប្រាកដ។ ជាងនេះទៅទៀត លោកគ្រូអ្នកគ្រូ បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ការលើកកម្ពស់ជីវភាព និងកិត្តិយសគ្រូបង្រៀន និងការបណ្ដុះបណ្ដាលមូលធនមនុស្ស ដើម្បីការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍។
ទន្ទឹមនេះ លោកគ្រូ អ្នកគ្រូបានរម្លឹកអំពីប្រវត្តិការសិក្សា និងការបង្រៀនរបស់ខ្លួន៖
ទី១ លោកគ្រូ ហេង ចាន់ថា ជាកូនទោល កើតនៅឆ្នាំ១៩៦៧ ក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ងួន ឆៃងាន(ស្លាប់ជំនាន់ ប៉ុល ពត)និងម្តាយឈ្មោះ ស៊ុន លី(ស្លាប់ជំនាន់ ប៉ុល ពត)នៅភូមិដើមស្ដៅ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ កាលពីកុមារភាព លោកគ្រូ ហេង ចាន់ថា បានឆ្លងកាត់នូវការឈឺចាប់ក្នុងវិនាសកម្មនៃសង្គ្រាម ទាំងក្នុងរបបសាធារណៈរដ្ឋខ្មែរ លន់ ណុល និងរបប ប៉ុល ពត។ បច្ចុប្បន្ន លោកគ្រូមានមោទនភាព រីករាយក្នុងជីវិត និងមានភព្វសំណាងបានក្លាយ ជាគ្រូបង្រៀនម្នាក់បានរួមចំណែកដ៏តូចស្តួចស្តើងបណ្តុះបណ្តាលសិស្សានុសិស្ស យើងឱ្យក្លាយជាពលរដ្ឋល្អៗនិងមានសមត្ថភាពការពារនិងកសាងឧត្តមប្រយោជន៍ជាតិយ៉ាងល្អប្រពៃ។ លោកគ្រូបានរៀនសូត្ររហូតបញ្ចប់សាលាគរុវិជ្ជាជាន់ខ្ពស់ភ្នំពេញ(បច្ចុប្បន្នសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ)ក្រុងភ្នំពេញ នៅឆ្នាំ១៩៨៩ និងបានក្លាយជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅវិទ្យាលយ័ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ រហូតដល់បច្ចុប្បន្ន។
ទី២ លោកគ្រូ ឡុង សារិន ហៅ លោកគ្រូ លីន មានស្រុកកំណើតនៅឃុំព្រៃស ស្រុកដង្កោ ខេត្តកណ្ដាល ក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ លន់ រី និងម្ដាយឈ្មោះ មួយ អេង មានបងប្អូន ៧នាក់ ស្លាប់អស់៦នាក់។ លោកគ្រូបានបង្រៀនមធ្យមសិក្សាទុតិយភូមិ ផ្នែកអក្សរសាស្រ្តខ្មែរ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ(អតីតសាលាភ្នំដូនពេញ) ពីឆ្នាំ១៩៨០ រហូតឆ្នាំ២០១២។ ធ្លាប់បង្រៀននៅបណ្ឌិត្យសភានគរបាលជាតិ រយៈពេល១៧ឆ្នាំ ហើយបច្ចុប្បន្ន បង្រៀននៅសាលា ICS និង Berkeley និង E-School Cambodia។
ទី៣ អ្នកគ្រូ គុច ស៊ីណេត កើតនៅឆ្នាំ១៩៦៤ នៅសង្កាត់លេខ៥ រាជធានីភ្នំពេញ ក្នុងគ្រួសារជាអាជីវករ ដែលមានឪពុកឈ្មោះ គុជ ឈាន និងម្ដាយឈ្មោះ ឯក ណន ហើយអ្នកគ្រូជាកូនទី៣ ក្នុងចំណោមបងប្អូន ៩នាក់។ អ្នកគ្រូ បានចាប់ផ្ដើមអាជីពជាគ្រូបង្រៀន លើមុខវិជ្ជាជីវវិទ្យា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ(អតីតសាលាភ្នំដូនពេញ) រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ ២០២៤ (បច្ចុប្បន្ន ចូលនិវត្ត) ពោលគឺបានបង្រៀនរយៈពេល ៣៦ឆ្នាំ។
ទី៤ អ្នកគ្រូ ខែម រមណី កើតនៅឆ្នាំ១៩៦៤ នៅសង្កាត់លេខ៥ រាជធានីភ្នំពេញ ក្នុងគ្រួសារជាមន្រ្តីរាជការ ដែលមានឪពុកឈ្មោះ តី យ៉ាត និងម្ដាយឈ្មោះ ហេង សៅរ៍ ហើយអ្នកគ្រូជាកូនទី៣ ក្នុងចំណោមបងប្អូន ៣នាក់។ អ្នកគ្រូ បានចាប់ផ្ដើមអាជីពជាគ្រូបង្រៀន លើមុខវិជ្ជាគីមីវិទ្យា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ(អតីតសាលាភ្នំដូនពេញ) រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ ២០២៤ (បច្ចុប្បន្ន ចូលនិវត្ត)ពោលគឺបានបង្រៀនរយៈពេល ៣៦ឆ្នាំ។
ជាងនេះទៅទៀត លោកគ្រូ អ្នកគ្រូបានផ្ដាំផ្ញើ ដល់សិស្សានុសិស្ស ដូចខាងក្រោម៖
- ត្រូវប្រឹងប្រែងរៀនសូត្រយកចំណេះជំនាញឱ្យបានច្បាស់លាស់ដើម្បីប្រើឱ្យចំគោលដៅ រួមគ្នាកសាងជាតិ ដោយឈរលើស្មារតីជាតិយើងតែមួយ។
- ត្រូវជួយពន្យល់ អប់រំ ធ្វើជាគំរូក្នុងគ្រួសារជាចំបង ឪពុកម្តាយធ្វើអំពើល្អជាគំរូដល់កូនបងកូនបងធ្វើអំពើល្អជាគំរូដល់ប្អូន នោះទើបបង្កើតបានជាគ្រួសារល្អថ្លៃថ្នូរ ហើយបើគ្រួសារនីមួយៗក្នុងសង្គមល្អថ្លៃថ្នូរ ពេលនោះទើបបង្កើតបានប្រទេសមួយថ្លៃថ្នូរដែលពោរពេញទៅដោយពលរដ្ឋមានចរិយាធម៌និងសីលធម៌ល្អ។
- បុគ្គលម្នាក់ដែលអាចក្លាយជាមនុស្សដែលមានសមត្ថភាពពេញលេញ មិនអាស្រ័យទៅលើភាពស្ដុកស្ដម្ភនៃព្រទ្យសម្បត្តិតែម្យ៉ាងនោះទេ គឺផ្ដើមចេញពីខ្លួនឯង ធ្វើខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។
- យើងខ្ញុំពិតជាមានសេចក្ដីរំភើបរកអ្វីមកប្រៀបផ្ទឹមពុំបាន និងមានមនោសញ្ចេតនាពេញចិត្តយ៉ាងខ្លាំង នឹកស្មានមិនដល់ដែលសម្ដេចបានចាត់ ឯកឧត្តម ចាយ បូរិន និងក្រុមការងារ មកសួរសុខទុក្ខយើងខ្ញុំដែលជាគ្រូបង្រៀន ដែលធ្លាប់បង្រៀន សម្ដេច និងលោកជំទាវបណ្ឌិត ដែលសកម្មភាពដ៏ប្រពៃនេះ គឺជាការតភ្ជាប់មនោសញ្ចេតនារវាងគ្រូ និងសិស្ស ទោះបីជាពេលវេលាបានកន្លងផុតទៅយូរឆ្នាំទៅហើយ (ជាង៣០ឆ្នាំកន្លងទៅហើយ) និងជាការលើកទឹកចិត្ត ផ្ដល់តម្លៃដល់គ្រូបង្រៀន។
តាងនាម សម្តេចមហាបវរធិបតី ឯកឧត្តមប្រធានគណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការលះបង់របស់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលស្ទើរពេញមួយជីវិតក្នុងវិជ្ជាជីវៈគ្រូបង្រៀន បណ្ដុះបណ្ដាលធនធានមនុស្សជូនជាតិអស់ជាច្រើនទសវត្សរ៍ ក្នុងនោះរួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផងដែរ ហើយបានបញ្ជាក់ថា គុណូបការៈរបស់គ្រូបង្រៀន គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ដែលរាជរដ្ឋាភិបាល តែងតែលើកតម្កើង និងមិនដែលភ្លេចឡើយ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា លោកគ្រូ អ្នកគ្រូ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវឧត្តមពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕


