លោកឧកញ៉ា ជា ធីឡាយ លោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះបឋមសិលាកសាងសាលាបាលី  វត្តពោធិសត្ថារាម(ពោធិ៍ចិនតុង) 

លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិក នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប លោកជំទាវ យូរ ឃីមធីឡាយ  នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញពិធីបុណ្យបញ្ចុះបឋមសិលាកសាងសាលាបាលី  វត្តពោធិសត្ថារាម(ពោធិ៍ចិនតុង)  ស្ថិតនៅសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពិធីនេះមានការចូលរួមពី ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាផ្ទាល់គណ:សង្ឃនាយក សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ ព្រះនាយកពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងជាព្រះគ្រូចៅអធិការវត្តជម្ពូវ័ន ព្រមទាំង លោកគ្រូអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជិតឆ្ងាយ ផងដែរ។

លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក  បានថ្លែងថា នេះជាសមិទ្ធផលថ្មីមួយគួរជាទីមោទនរបស់ប្រជាពលរដ្ឋ ព្រះសង្ឃនៅវត្តពោធិសត្ថារាម(ពោធិ៍ចិនតុង)   ហើយសាលាបឋមពុទ្ធិកសិក្សានេះ នឹងផ្ដល់ជាទីបណ្តុះបណ្តាល ដល់ព្រះសង្ឃអំពីបាលី និងធម្មវិន័យ និងបង្ហាត់បង្រៀនក្មេង ដែលគ្មានលទ្ធភាព សិក្សារៀនសូត្រ នៅសាលាខាងក្រៅផងដែរ។ សាលាពុទ្ធិកបឋមសិក្សានេះ នឹងក្លាយជាទីមានប្រយោជន៍ សម្រាប់បម្រើវិស័យសាសនា និងវិស័យអបរំ ក្នុងមូលដ្ឋាន។

លោកឧកញ៉ា ជា ធីឡាយ បានបន្តថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រជាពលរដ្ឋមានការគោរពប្រតិបត្តិសាសនាឡើងវិញ និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយប្រជាពលរដ្ឋមានសិទ្ធិគោរពប្រតិបត្តិទៅតាមសាសនា ដែលខ្លួនស្រលាញ់ពេញចិត្ត ជាក់ស្ដែងដូចជានៅវត្តព្រៃអង្គុញដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្ត យ៉ាងច្រើនសន្ធឹកសន្ធាប់។ តួយ៉ាងដូចថ្ងៃនេះ គឺមានការបញ្ចុះបឋមសិលាសាងសង់អគារសាលាពុទ្ធិកបឋមសិក្សាសម្រាប់ផ្ដល់ចំណេះដឹងដល់សាមណសិស្សបានរៀនសូត្រផងដែរ។

ក្នុងឱកាសនោះ ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះនាយកពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ និងជាព្រះគ្រូចៅអធិការ វត្តជម្ពូវ័ន ក៏មានសង្ឃដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដលឧបាសិកា លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិក នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប លោកជំទាវ យូរ ឃីមធីឡាយ  ព្រមទាំងកូនចៅដែលបានរួមចំណែក ដល់ការកសាងសមិទ្ធផលជាច្រើន ដល់វត្តពោធិសត្ថារាម(ពោធិ៍ចិនតុង) ដែលជាការរួមចំណែកដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យស័ក្តិសមជាសាសនារបស់រដ្ឋ និងជាទីឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបផងដែរ។

សូមបញ្ជាក់ថា សាលាបាលី នេះមានប្រវែងទទឹង៩.៥០, ម៉ែត្រ និងបណ្តោយ២៨ម៉ែត្រ កម្ពស់២ជាន់ សម្រាប់ព្រះសង្ឃមកពីគ្រប់មជ្ឈដ្ឋានសិក្សារៀនសូត្រ ដើម្បីបណ្តុះបណ្តាលធនធានព្រះសង្ឃ ៕