ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះពិនិត្យផ្ទាល់លើនាវាទេសចរណ៍អន្តរជាតិ «Odyssey» ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយជួបបញ្ហាអាក់ខានដំណើរ

 

ខេត្តព្រះសីហនុ៖ យោងតាមព័ត៌មានបច្ចុប្បន្នភាពជុំវិញនាវាទេសចរណ៍អន្តរជាតិ  Odyssey ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Villa Vie Residences

ដែលមានប្រវែងប្រហែល ២០០ម៉ែត្រ និងបានដឹកអ្នកដំណើរប្រមាណ ២០០នាក់ (ភាគច្រើនជាជនជាតិអាមេរិក) ព្រមទាំងបុគ្គលិកបម្រើការចំនួន ១៥៦នាក់ ធ្វើដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានចេញដំណើរពីប្រទេសអៀរឡង់ខាងជើងតាំងពីខែតុលា ឆ្នាំ២០២៤ ក្នុងគោលដៅធ្វើដំណើរជុំវិញពិភពលោករយៈពេលជាង ៣ឆ្នាំ។ ការចូលចតដោយអាក់ខានដំណើរជាបណ្តោះអាសន្ននេះ គឺបណ្តាលមកពីកត្តា២សំខាន់ៗ៖

១. បញ្ហាប្រេងឥន្ធនៈឡើងថ្លៃ៖ នាវា (Villa Vie Residences) បានជួបប្រទះការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក។

២.បញ្ហាហិរញ្ញវត្ថុ៖ ក្រុមហ៊ុនខ្វះថវិកាបន្តដំណើរការ និងការគ្រប់គ្រង ដែលធ្វើឱ្យដំណើរនាវាជុំវិញពិភពលោកត្រូវរាំងស្ទះ។

ជុំវិញបញ្ហានេះ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះផ្ទាល់ទៅពិនិត្យមើលស្ថានភាពនាវាទេសចរណ៍អន្តរជាតិ Odyssey នេះផងដែរ។

ភាគីមន្ត្រីកម្ពុជាបានបញ្ជាក់ថា នាវានេះគ្រោងនឹងបំពេញប្រេងឥន្ធនៈដើម្បីចេញដំណើរន្តទៅវិញ ខណៈដែលអ្នកដំណើរភាគច្រើនកំពុងជួបប្រទះការលំបាក និងត្រូវស្វែងរកមធ្យោបាយធ្វើដំណើរត្រឡប់ស្រុកកំណើតវិញ ប៉ុន្តែខាងក្រុមហ៊ុនផ្ទាល់នៅមិនទាន់បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទនៃការចាកចេញច្បាស់លាស់នោះឡើយ។ ចំណែកឯអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា កំពុងតាមដានយ៉ាងដិតដល់ និងជួយសម្រួលដល់ស្ថានភាពបច្ចុប្បន្ននេះ។

អត្ថបទ៖ម៉ារ៉ាឌី

រូបភាព៖សុជា