មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ទទួលបានធុងសំរាមចំនួន ១,៩១៤ ធុង ពីក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់ភាពស្អាតតាមសាលារៀន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានទទួលធុងសំរាមចំនួន ១,៩១៤ ធុង ពីក្រសួងបរិស្ថាន ដើម្បីយកទៅបែងចែក និងប្រើប្រាស់តាមគ្រឹះស្ថានសិក្សានានាក្នុងខេត្ត។
ការផ្តល់ជូនធុងសំរាមនេះ ធ្វើឡើងស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ក្រសួងបរិស្ថាននិងក្រសួងអប់រំយុវជននិងកីឡា ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២១ ខែតុលាឆ្នាំ២០២៦ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងបរិស្ថាន និងកាទុកដាក់រួមជាមួយកាញែកសំរាម និងណល់ប្លាស្ទិក នៅតាមសាលារៀននិងតាមមូលដ្ឋាន។
សកម្មភាពនេះ គឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់ក្រសួងបរិស្ថាន ក្នុងការលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព។ ជាងនេះទៅទៀត វាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញ និងគាំទ្រដល់ចលនា «ពន្លកបៃតង» ក៏ដូចជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការសម្អាតបរិស្ថានឱ្យកាន់តែមានភាពស្រស់ស្អាតនៅទូទាំងប្រទេស ចាប់ផ្តើមចេញពីសកម្មភាពចេញឆ្ពោះទៅចលនាស្អាតនៅតាមសាលារៀន។
តាមរយៈធុងសំរាមទាំងនេះ នឹងជួយសម្រួលដល់ការទុកដាក់កាកសំណល់ឱ្យមានរបៀបរៀបរយ បណ្តុះទម្លាប់រស់នៅស្អាតដល់សិស្សានុសិស្ស និងចូលរួមចំណែកបង្កើតបរិស្ថានសិក្សាប្រកបដោយសុខុមាលភាព និងភាពស្អាតក្នុងខេត្តតាកែវ៕


