មេដឹកនាំវិស័យការពារជាតិអាស៊ានជួបប្រជុំគ្នាប្រចាំឆ្នាំនៅប្រទេសហ្វីលីពីនក្នុងនាមជាម្ចាស់ផ្ទះ ដោយផ្តោតលើបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីបញ្ចៀសបញ្ហាមិនចង់ឱ្យដូចច្រកសមុទ្រ Hormuz

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំវិស័យការពារជាតិមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានលើកឡើងថា ពួកគេចាំបាច់ត្រូវតែដោះស្រាយនូវភាពខ្វែងគំនិតគ្នា ដូចជាបញ្ហានៅសមុទ្រចិនខាងត្បូងជាដើម តាមរយៈមធ្យោបាយសន្តិវិធី និងស្របច្បាប់។ ដោយរងផលប៉ះពាល់ជាសកលពីបញ្ហាក្នុងតំបន់ ក៏ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា រដ្ឋមន្ត្រីការពារជាតិអាស៊ានបានដាក់អាទិភាពលើការទប់ស្កាត់កុំឱ្យមានជម្លោះធំដុំនៅក្នុងតំបន់ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារយៈពេលពីរថ្ងៃ នៅលើកោះមួយក្នុងខេត្តសេប៊ូ (Cebu)។ ទោះបីជាមានការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងការចាប់ដៃគ្នាជួបជុំគ្នាក៏ដោយ ក៏ជំនួបនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីគ្រោះថ្នាក់ដែលបង្កប់នៅក្នុងតំបន់នេះជាយូរមកហើយដដែល។ ភាពតានតឹងដែលមិនទាន់ត្រូវបានដោះស្រាយនៅសមុទ្រចិនខាងត្បូង បានបង្កជាក្តីបារម្ភថា ជម្លោះធំអាចនឹងរំខានដល់ការធ្វើពាណិជ្ជកម្មជាសកល ក្នុងកម្រិតធ្ងន់ធ្ងរមិនខុសពីករណីបិទច្រកសមុទ្រហ័រមូស (Strait of Hormuz) នោះទេ។ តំបន់នេះនៅតែជាសមរភូមិប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ដោយប្រទេសមហាអំណាចទាំងពីរ ព្រមទាំងសម្ព័ន្ធមិត្តរបស់ពួកគេ បានចូលរួមក្នុងកិច្ចពិភាក្សាការពារជាតិរបស់អាស៊ាន ដែលធ្វើឡើងក្នុងទម្រង់បិទជិត ឬ កិច្ចប្រជុំចង្អៀត ដែលបានដឹកនាំដោយប្រទេសហ្វីលីពីន ជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២៦នេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ