ទីតាំងចំនួន ៤ នៅស្រុករមាសហែក ក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យ ដើម្បីកំណត់ព្រំប្រទល់ដី

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានចូលរួមជាមួយលោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ស្រី សុទ្ធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដើម្បីចុះពិនិត្យផ្ទៀងផ្ទាត់ និងកំណត់ព្រំប្រទល់ដី ចំនួន ០៤ទីតាំង ដែលរដ្ឋបាលខេត្តបានស្នើសុំ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងពេលចុះពិនិត្យទីតាំងដីជាក់ស្តែងនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត មន្ទីរព័ត៌មានខេត្ត គណៈអភិបាលស្រុករមាសហែក ទីចាត់ការអន្តរវិស័យសាលាខេត្ត រដ្ឋបាលព្រៃឈើរមាសហែក ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ម៉ែន អេង និងក្រុមការងារក្រសួង រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ផែនទី ចុះពិនិត្យស្ថានភាពដីជាក់ស្តែង និងប្រើប្រាស់ឧបករណ៍បច្ចេកទេសវាស់វែងចាប់យកនិយាមកា (GPS) ព្រមទាំងត្រួតពិនិត្យបង្គោលព្រំប្រទល់ ដើម្បីកំណត់ព្រំប្រទល់ដីទាំង ០៤ទីតាំង ខាងលើឱ្យបានច្បាស់លាស់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ សម្រាប់បម្រើដល់ផលប្រយោជន៍ និងការអភិវឌ្ឍក្នុងមូលដ្ឋានខេត្តស្វាយរៀង៕