រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រឱ្យមានការរៀបចំ «វេទិកាពហុភាគី» រវាងវិស័យរដ្ឋ វិស័យឯកជន និងបណ្តាញអង្គការសង្គមស៊ីវិល

ថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់អភិបាលរង ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាបញ្ចប់គម្រោង ពង្រឹងសកម្មភាពសង្គមស៊ីវិល ដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ច (SCAEG) ក្រោមប្រធានបទ៖ «ការធ្វើឱ្យការអភិវឌ្ឍតំបន់ឆ្នេរផ្តល់ផលប្រយោជន៍ដល់សហគមន៍នេសាទ៖ តួនាទីរបស់រាជរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល» នៅសណ្ឋាគារកាបូឌីយ៉ាណា រាជធានីភ្នំពេញ។

សិក្ខាសាលានេះ បានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រធានសហគមន៍មកពីខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជា សរុបសមាសភាពប្រមាណ ១៥០រូប។ 

ក្នុងកិច្ចពិភាក្សានេះ លោកអភិបាលបានគូសបញ្ជាក់ពីឧត្តមានុវត្តន៍ដែលខេត្តបានអនុវត្តកន្លងមករួមមាន៖

• វេទិកាពិគ្រោះយោបល់ជាសាធារណៈ មុនអនុវត្តគម្រោង៖ ការរៀបចំវេទិកាជួបជុំដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងតំណាងសហគមន៍មុនពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឬការវិនិយោគចាប់ផ្តើម

• យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងក្រុមការងារចុះមូលដ្ឋាន៖ ការបង្កើតក្រុមការងារចម្រុះចុះជួបពលរដ្ឋ និងសហគមន៍ដោយផ្ទាល់នៅតាមទីតាំង ដើម្បីស្តាប់ទុក្ខកង្វល់ ក៏ដូចជាយន្តការច្រកចេញ ចូលតែមួយ និងប្រព័ន្ធទទួលពាក្យបណ្តឹង/មតិកែលម្អ ជួយឱ្យអាជ្ញាធរក្តាប់បានទាន់ពេលវេលានូវផលប៉ះពាល់លើជីវភាពសហគមន៍។

• គំរូនវានុវត្តន៍នៃ «សហគមន៍តំបន់ការពារធម្មជាតិ (CPA)» និង «សហគមន៍នេសាទគំរូ»៖ កិច្ច

សហការរវាងរដ្ឋបាលខេត្ត មន្ទីរជំនាញ និងអង្គការដៃគូនានា ក្នុងការប្រគល់សិទ្ធិអំណាច និងការគ្រប់គ្រងដែនជម្រកសមុទ្រ និងកោះមួយចំនួនទៅឱ្យសហគមន៍ជាអ្នកការពារ និងទាញយកប្រយោជន៍ដោយផ្ទាល់។

បន្ថែមពីនេះ លោកក៏បានបង្ហាញការគាំទ្រឱ្យមានការរៀបចំ «វេទិកាពហុភាគី» ជាប្រចាំរវាងវិស័យរដ្ឋ វិស័យឯកជន និងបណ្តាញអង្គការសង្គមស៊ីវិលដើម្បី៖

១.ត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង និងការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។

២.ផ្តល់ឱកាសឱ្យតំណាងសហគមន៍នេសាទ និងអង្គការសង្គមស៊ីវិលបានលើកឡើងនូវបញ្ហាប្រឈមជាក់ស្តែង និងដំណោះស្រាយរួមគ្នា។

៣.បង្កើតទំនុកចិត្ត រវាងវិស័យសាធារណៈ ឯកជន និងសហគមន៍មូលដ្ឋាន។

ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ