ក្រសួងទេសចរណ៍ និងខេត្តមណ្ឌលគិរី បើកសិក្ខាសាលារៀបចំផែនការយុទ្ធសាស្ត្រតំបន់ឦសាន និងប្រកាសដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ឆ្នាំ២០២៦-២០៣០
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកសាង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍តំបន់ភូមិភាគភាគឦសាន ឆ្នាំ២០២៦-២០៣៥» ព្រមទាំង «ប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២៦-២០៣០»។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តភាគឦសានទាំង៤ (មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ) ព្រមទាំងផ្នែកឯកជន និងអង្គការសង្គមស៊ីវិលជាច្រើនរូប។
ឯកឧត្តម តុប សុភ័ក បានគូសបញ្ជាក់ថា ខេត្តមណ្ឌលគិរី ត្រូវបានទទួលស្គាល់ថាជា «តារារះនៅទិសឦសាន» និងជាប៉ូលសេដ្ឋកិច្ច-ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលបំផុតរបស់កម្ពុជា។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលតែងតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិរក្សធនធានធម្មជាតិ និងវប្បធម៌មូលដ្ឋាន។ ឯកឧត្តម បានបន្ថែមថា ការដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២៦-២០៣០» នឹងដើរតួនាទីជាគ្រឹះយ៉ាងសំខាន់ក្នុងការ បង្កើតផលិតផលទេសចរណ៍ថ្មីៗ និងចម្រុះ ផ្ដោតលើទេសចរណ៍ធម្មជាតិ ទេសចរណ៍កសិកម្ម និងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច។ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ៖ លើកកម្ពស់ការតភ្ជាប់គមនាគមន៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ធានាចីរភាព៖ ជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន។ ជាមួយគ្នានេះ សិក្ខាសាលាស្ដីពីផែនការយុទ្ធសាស្ត្រតំបន់ភូមិភាគឦសាន (២០២៦-២០៣៥) នឹងក្លាយជាវេទិកាសំខាន់ក្នុងការប្រមូលធាតុចូល និងភ្ជាប់សក្តានុពលទេសចរណ៍នៃខេត្តទាំង៤ (មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង) ឱ្យទៅជាប៉ូលទេសចរណ៍ធម្មជាតិ-វប្បធម៌ដ៏មានឥទ្ធិពល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្តម ក៏បានអំពាវនាវឱ្យសិក្ខាកាមទាំងអស់ រួមគ្នាប្រែក្លាយផែនការសកម្មភាពនេះឱ្យទៅជាផ្លែផ្កាជាក់ស្តែង និងបានក្រើនរំលឹកពីស្មារតី «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» និង «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដោយកាន់ខ្ជាប់នូវកាតព្វកិច្ចរួមគឺ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!»។
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍គឺជា «មាសបៃតង» និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងអភិរក្សធនធានធម្មជាតិ និងវប្បធម៌។ ការរៀបចំផែនការយុទ្ធសាស្ត្រអន្តរវិស័យនាពេលនេះ គឺជាជំហានគន្លឹះក្នុងការប្រែក្លាយតំបន់ភូមិភាគឦសានទាំងមូល ឱ្យទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងជាប្រភពកំណើនថ្មីនៃសេដ្ឋកិច្ចជាតិ ស្របតាមទិសដៅនៃ «យុទ្ធសាស្ត្របញ្ចកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា៕


