អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងវេទិកាថ្នាក់ជាតិ ស្តីពី ហិរញ្ញប្បទានសម្រាប់ MSMEs លើកទី ១ ឆ្នាំ ២០២៦

ថ្ងៃទី ២៧ ខែ តុលា គ.ស. ​២០២៦, មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងវេទិកាថ្នាក់ជាតិ ស្តីពី ហិរញ្ញប្បទានសម្រាប់ MSMEs លើកទី ១ ឆ្នាំ ២០២៦ មានប្រសាសន៍ បើក «វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុន មីក្រូ, តូច និង មធ្យម, ឬ ហៅកាត់ខ្លី ជាភាសាអង់គ្លេស ថា MSMEs, លើកទី ១, ឆ្នាំ ២០២៦», ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ដែលត្រូវបានរៀបចំឡើង ដោយធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថារាជរដ្ឋាភិបាល ទាំងក្នុងបណ្តានីតិកាលកន្លងទៅ ក៏ដូចជា សម្រាប់ នីតិកាលទី ៧ នេះ នៃរដ្ឋសភា, តែងតែផ្ដល់អាទិភាពខ្ពស់ ដល់ការអភិវឌ្ឍ និង ការ-គាំពារចំពោះវិស័យឯកជន, ជាពិសេស MSMEs, ក្នុងការទទួលបាននូវហិរញ្ញប្បទាន តាមរយៈការផ្ដួចផ្ដើមបង្កើត ជាស្ថាប័នគាំទ្រសំខាន់ៗ រហូតដល់ចំនួន ៨, បន្ថែមពីលើគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុឯកជន, ក្នុងនោះ រួមមាន៖ ១).​ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម, ២).​ធនាគារសហគ្រាសធុនតូច និង មធ្យម កម្ពុជា, ៣).​សាជីវកម្មធានាឥណ-ទានកម្ពុជា, ៤).​ផ្សារមូលបត្រកម្ពុជា, ៥).​មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, ៦).​មូលនិធិអភិវឌ្ឍន៍ជំនាញ, ៧).​សហគ្រិនខ្មែរ, និង ៨).​មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ។

ខ្ញុំសូមជម្រាបជូន អង្គវេទិកាថា ស្ថាប័ននីមួយៗខាងលើ មានដែនសមត្ថកិច្ច និង ឯកទេស ច្បាស់លាស់រៀងខ្លួន ។ ក្នុងនោះ, ចំពោះការផ្ដល់ឥណទាន ដែលមានការប្រាក់សមរម្យ និង លក្ខខណ្ឌអនុគ្រោះខ្ពស់, ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម រួមចំណែកផ្ដល់ហិរញ្ញប្ប- ទានបៃតង និង ហិរញ្ញប្បទាន ប្រកបដោយចីរភាព ក្នុងការគាំទ្រដល់វិស័យកសិកម្ម និង ការ-អភិវឌ្ឍសេដ្ឋកិច្ចជនបទ, ដោយបានផ្តល់សំពៀតឥណទាន សរុបប្រមាណ ៥៣០ លានដុល្លារអាម៉េរិក ជូនដល់ MSMEs, ក្រុមហ៊ុន, សហគមន៍កសិកម្ម និង តួអង្គពាក់ព័ន្ធ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និង កសិ-ឧស្សាហកម្ម ។ រីឯ ធនាគារសហគ្រាសធុនតូច និង មធ្យម កម្ពុជា ចូលរួមផ្ដល់ហិរញ្ញប្បទាន ដល់ MSMEs ក្នុងវិស័យអាទិភាពនានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល, ដោយបានបញ្ចេញ នូវហិរញ្ញប្បទានផ្ទាល់ និង តាមរយៈគម្រោងសហហិរញ្ញប្ប- ទាន នូវទឹកប្រាក់សរុប ចំនួនប្រមាណ ៦៥០ លានដុល្លារអាម៉េរិក ជូនដល់សហគ្រាសធុនតូច និង មធ្យម ចំនួនប្រមាណ ៤ ០០០ ។ បន្ថែមលើឥណទានទាំងនេះ, MSMEs ក៏អាចទទួលបានអត្ថប្រយោជន៍ ពីការផ្ដល់ការធានាឥណទាន ដែលមានលក្ខណៈនវានុវត្តន៍ ផ្អែកលើស្តង់ដាអន្តរជាតិ ពី សាជីវកម្មធានាឥណទានកម្ពុជា, ដោយបានផ្តល់ការធានាឥណទាន ជូនគណនីសរុប ចំនួន ៩ ៨៩១ គណនី ដែលមានទំហំឥណទានសរុប ចំនួនប្រមាណជិត ៦០០ លានដុល្លារអាម៉េរិក, ក្នុងនោះ, គណនី ប្រមាណ ៩២% ជារបស់ MSMEs ។ ទន្ទឹមនេះ, ផ្សារមូល-បត្រកម្ពុជា បានបើកទូលាយនូវលទ្ធភាពនៃការកៀរគរទុន តាមរយៈទីផ្សារមូលបត្រកម្មសិទ្ធិ សម្រាប់សហគ្រាសធុនតូច និង មធ្យម, ដោយបានផ្តល់នូវលក្ខខណ្ឌអំណោយផល ដល់ SMEs ក្នុងការប្រមូលទុនពីទីផ្សារ តាមរយៈទីផ្សារកំណើន ដោយតម្រូវឲ្យមានដើមទុនអប្បបរមា ត្រឹមតែ ៥០ ម៉ឺនដុល្លារអាម៉េរិក និង មានប្រាក់ចំណេញ ត្រឹមតែមួយឆ្នាំ ប៉ុណ្ណោះ ។ ជាក់ស្តែង, ក្រុមហ៊ុន ចំនួន ៣ បានចុះបញ្ជីជួញដូរ ដោយរលូន ក្នុងទីផ្សារនេះ ជាមួយនឹងទំហំទឹកប្រាក់សរុបប្រមាណ ១៤ លានដុល្លារអាម៉េរិក ។ 

បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏តែងបានគិតគូរ និង បានរៀបចំនូវគោលនយោបាយ ចាំបាច់នានា សំដៅផ្តល់ការគាំទ្រជាពិសេស ដល់ MSMEs ជាបន្តបន្ទាប់ ។ ជាក់ស្តែង, កាលពីថ្ងៃទី ២២ ខែ តុលា ក្នុងសប្តាហ៍មុននេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ទើបបានអញ្ជើញចូលរួម ជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការ នូវ «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុន មីក្រូ, តូច និង មធ្យម ឆ្នាំ ២០២៦-២០៣០» ។ «យុទ្ធសាស្រ្តជាតិ» នេះ មានចក្ខុវិស័យប្រែក្លាយ និង ពង្រឹងសមត្ថភាព MSMEs ផ្លូវការ នៅទូទាំងប្រទេស ឲ្យក្លាយជាមូលដ្ឋានគ្រឹះ និង ជាកម្លាំងចលករដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនផលិតភាព, គុណភាព និង ស្តង់ដា; ការលើក-កម្ពស់អនុលោមភាព; ការពង្រឹងសមត្ថភាពប្រកួតប្រជែង; និង ការជំរុញការតភ្ជាប់ MSMEs ទៅនឹងខ្សែច្រវាក់តម្លៃ ក្នុងស្រុក, តំបន់ និង សកលលោក ប្រកបដោយភាពធន់ និង ចីរភាព ។ ក្នុងក្របខណ្ឌនៃការជំរុញការអនុវត្ត «យុទ្ធសាស្រ្តជាតិ» នេះ ឲ្យមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធិ-ភាពខ្ពស់, ដូច សមេ្តចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃទី ២២ ខែ តុលា កន្លងទៅ, រាជរដ្ឋាភិបាល បាន និង កំពុង រៀបចំដាក់ឲ្យអនុវត្ត ក្នុង ពេលដ៏ខ្លីខាងមុខ នូវវិធានការ និង

លិខិតបទដ្ឋានគតិយុត្តចាំបាច់នានា

រួមមាន៖ ទី១. ការគ្រោង ដាក់ឲ្យអនុវត្តសាកល្បង នូវការស្នើសុំចុះបញ្ជី និង ផ្តល់អាជ្ញាបណ្ណ និង លិខិតអនុញ្ញាតពាក់ព័ន្ធ នានា ជាកញ្ចប់ តាមរយៈថ្នាលឌីជីថល CamDX; និង ទី២. ការត្រៀមដាក់ចេញនូវអនុក្រឹត្យ ដ៏សំខាន់ ចំនួន ២ គឺ៖ អនុក្រឹត្យ ស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម និង អនុក្រឹត្យ ស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និង មធ្យម, បន្ថែមពីលើការលើក-ទឹកចិត្តជាច្រើនផ្សេងទៀតរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តជាធរមាន បច្ចុប្បន្ន ។នៅក្នុងឱកាសនោះអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្តល់នូវអនុសាសន៍មួយចំនួន ជូន​សមាគម, ធនាគារ, គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​​, វិស័យឯកជន និង តួអង្គពាក់ព័ន្ធផ្សេងទៀត, ដូចខាង​ក្រោម៖

 ទី១.  សូមលើកទឹកចិត្ត សម្ព័ន្ធសមាគមសហគ្រាសធុន តូច និង មធ្យម កម្ពុជា បន្តដើរតួនាទីជាស្ពាន ដ៏មានប្រសិទ្ធភាព រវាងរាជរដ្ឋាភិបាល និង វិស័យឯកជន តាមរយៈការប្រមូលមតិយោបល់, បញ្ហាប្រឈម និង សំណូមពរនានារបស់ MSMEs ដើម្បីសម្របសម្រួលស្វែងរកដំណោះស្រាយ ឲ្យបានរហ័ស ។ ត្រង់ចំណុចនេះ, ខ្ញុំក៏សូមលើកទឹកចិត្តម្ចាស់សហគ្រាសក្នុងស្រុក គ្រប់ប្រភេទ ខិតខំទាញយកអត្ថប្រយោជន៍ ឲ្យបានជាអតិបរមា ពីការគាំទ្រទាំងឡាយ របស់រាជរដ្ឋាភិបាល, ដូចខ្ញុំបានគូសបញ្ជាក់ខាងលើ, ដើម្បីបន្តអភិវឌ្ឍន៍ខ្លួន និង បង្កើនសមត្ថភាព និង ផលិតភាព តាមរយៈ ការលើក-កម្ពស់សហគ្រិនភាព, ការចាប់យកបច្ចេកវិទ្យាឌីជីថល និង ការបង្កើនភាពធន់ សំដៅឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័ស នៃនិន្នាការតំបន់ និង សកល, ព្រមទាំង ការចូលរួមជាមួយរាជរដ្ឋាភិបាល ឲ្យបានពេញលេញ ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ សំដៅជំរុញផលិតកម្មក្នុងស្រុក និង សមត្ថភាពប្រកួតប្រជែង ។ ទន្ទឹមនេះ, ក៏សូមលើកទឹកចិត្ត ដល់ម្ចាស់សហគ្រាសក្នុងស្រុកទាំងឡាយ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ; ការកសាងសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន; ការពង្រឹងអនុលោមភាព; ការកែលម្អអភិបាលកិច្ចធុរកិច្ច; ការវិនិយោគលើស្តង់ដា, គុណភាព, សុវត្ថិភាព, អនាម័យ; និង ការទទួលខុសត្រូវចំពោះបរិស្ថាន ជាដើម, ពីព្រោះ ចំណុចទាំងនេះ មិនមែនត្រឹមតែជាការតម្រូវ របស់រាជរដ្ឋាភិបាល ប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាការចង់បាន និង ការរំពឹងទុករបស់អតិ- ថិជន, វិនិយោគិន និង ទីផ្សារ ផងដែរ ។ ការណ៍នេះ តម្រូវឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត ពីការយល់ឃើញថា «អនុលោម​ភាព គឺជាបន្ទុក» មកជាការទទួលស្គាល់ថា «អនុលោមភាព គឺជាការវិនិយោគ ជាយុទ្ធសាស្ត្រ», ដូចខ្ញុំធ្លាប់បានលើកឡើងជារឿយៗ ក្នុងពេលកន្លងទៅ ។ 

ទី២.  សូមលើកទឹកចិត្តដល់ MSMEs ទាំងអស់ បន្តពង្រឹងស្តង់ដានៃការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន និង បន្តយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យបានត្រឹមត្រូវ, ពេញលេញ, និង គ្រប់ជ្រុងជ្រោយ ស្របតាមលក្ខណៈសម្បត្តិនៃប្រភេទ សហគ្រាសនីមួយៗ ពីព្រោះ កត្តាទាំងអស់នេះ មានសារៈសំខាន់ និង ជាមូលដ្ឋានសម្រាប់ការទទួលបាននូវហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ,ទាំងរដ្ឋ និង ឯកជន, ក៏ដូចជា សម្រាប់កៀរគរប្រភពទុនបន្ថែម ពីគ្រឹះស្ថានមិនមែនហិរញ្ញវត្ថុ ផងដែរ ។ 

ទី៣.  សូមលើកទឹកចិត្តដល់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា, ទាំងរដ្ឋ និង ឯកជន, បន្តបង្កើនលទ្ធភាពឲ្យកាន់តែធំ ក្នុងការផ្តល់ហិរញ្ញប្បទាន ក្នុងទំហំសមស្រប ជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ ជូនដល់ MSMEs ដើម្បីពង្រីកខ្សែចង្វាក់ផលិតកម្ម, អភិវឌ្ឍ សមត្ថភាពឲ្យកាន់តែប្រសើរ និង ពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន សំដៅកាត់-បន្ថយការពឹងផ្អែកលើការនាំចូល, ពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរឹងមាំ, និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានសម្ទុះខ្លាំងឡើង ។ 

ទី៤.  សូមណែនាំ និង លើកទឹកចិត្ត ដល់និយ័តករមូលបត្រកម្ពុជា និង ផ្សារមូលបត្រកម្ពុជា ព្រមទាំងនិយ័តករគណនេយ្យ និង សវនកម្ម ក៏ដូចជា អង្គភាពពាក់ព័ន្ធផ្សេងទៀតនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បន្តយកចិត្តទុកដាក់ខ្ពស់ លើការកែលម្អ និង ការធ្វើសាមញ្ញកម្មក្របខណ្ឌនិយ័តកម្ម, វិធាន, នីតិវិធី និង លក្ខខណ្ឌតម្រូវ ព្រមទាំង បន្តខិតខំផ្តល់ការសម្រួលបើកច្រក តាមរយៈការដាក់ចេញនូវឧបករណ៍ហិរញ្ញប្បទានថ្មី ឬ ការរៀបចំយន្តការថ្មីបន្ថែម ឲ្យកាន់តែទូលំទូលាយ ដើម្បីផ្តល់លទ្ធភាពកាន់តែប្រសើរ ដល់ SMEs ក្នុងការកៀរគរទុន សំដៅពង្រីកអាជីវកម្មរបស់ខ្លួន តាមតម្រូវការជាក់ស្ដែង ។ ជាមួយគ្នានេះអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីក៏បានស្នើសុំ SMEs​ ទាំងអស់ បន្តខិតខំពង្រឹងខ្លួន ក្នុងគ្រប់ទិដ្ឋភាពសំខាន់ៗ, ដូចខ្ញុំបានគូសបញ្ជាក់ ក្នុង ចំណុចទី ២ ខាងលើ, ដើម្បីបំពេញលក្ខខណ្ឌតម្រូវចាំបាច់នានា អនុលោមតាមបទប្បញ្ញត្តិ ជាធរមាន, សំដៅប្រមូលទុនបន្ថែម តាមតម្រូវការ និង សក្ដានុពលរបស់ខ្លួន ។ និងទី៥. ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និង អ្នកប្រើប្រាស់ទាំងអស់ បន្តចូលរួម គាំទ្រអាជីវ- កម្មខ្មែរ និង ប្រើប្រាស់ផលិតផលខ្មែរ នៅពេលដែលផលិតផលក្នុងស្រុក មានគុណភាព, តម្លៃសមរម្យ និង អាចបំពេញតម្រូវការរបស់ខ្លួនបាន, ស្របតាមការអំពាវនាវ ដ៏ខ្ពង់ខ្ពស់របស់ សមេ្តចមហាបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២២ ខែ តុលា កន្លងទៅ ។ ត្រង់ចំណុចនេះ, ខ្ញុំសូមសង្កត់ធ្ងន់ថា ការជ្រើសរើស និង ប្រើប្រាស់ផលិតផលខ្មែរ មិនមែនគ្រាន់តែជាការគាំទ្រ ដល់អាជីវកម្មខ្មែរប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាការរួមចំណែក ក្នុងការរក្សាការងារ និង ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ, ការលើក-កម្ពស់ផលិតកម្មជាតិ, ការជំរុញកំណើន និង ការពង្រឹងឯករាជ្យភាព នៃសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរឹងមាំ ថែមទៀតផងដែរ ។