ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ ត្រីមាសទី៣ ឆ្នាំ២០២៦, គម្រោងហូកា បានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព យុវជនក្រីក្រ និងងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច សរុប ១០.៤៨៨នាក់ និងបានពង្រីកវិសាលភាពរហូតដល់ ១៦ ខេត្តគោលដៅ »

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «ទិវាជំនាញហូកា ឆ្នាំ២០២៦» លើកទី៤ ក្រោមប្រធានបទ «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈការសិក្សាពេញមួយជីវិត» ដោយមានការចូលរួមពីលោក Reto Grueninger

នាយកសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC), ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ តំណាងអន្តរក្រសួង ស្ថាប័ន ជាសមាជិកនៃគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍, ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត និង តំណាងដៃគូអភិវឌ្ឍ ដៃគូសហការ, តំណាងមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង , តំណាងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍, តំណាងសមាគមឧស្សាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍, ព្រមទាំងលោក លោកស្រី គ្រូបង្គោលអាស៊ាន និងអ្នកវាយតម្លៃបង្គោលជាតិ និងអាស៊ាន, វាគ្មិនកិត្តិយស និងអ្នកជំនាញទេសចរណ៍ប្រមាណ ២៨០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) , ជំនួយរបស់ LED, និងកិច្ចសហការរបស់អង្គការស្វីសខន់ថាក់ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកជំរុញកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ឱ្យទទួលបានសមិទ្ធផលជាបន្តបន្ទាប់។ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ កម្មវិធីបានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកទទួលផលជាង ១០.៤៨៨ នាក់ រួមមានយុវជនក្រីក្រ និងងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច ដែលវិសាលភាពនៃកម្មវិធីក៏បានពង្រីកពី៣ខេត្ត ក្នុងឆ្នាំ២០១៧ រហូតដល់១៦ខេត្ត ក្នុងឆ្នាំ២០២៦។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការងារអាទិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំណត់ «មនុស្ស» ជាអាទិភាពទី១។ ក្នុងន័យនេះ ការបណ្តុះបណ្តាលជំនាញថ្មី និងការពង្រឹងជំនាញបន្ថែម ត្រូវឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃបច្ចេកវិទ្យា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍជំនាញមិនបញ្ចប់ត្រឹមវគ្គបណ្តុះបណ្តាលណាមួយឡើយ ប៉ុន្តែជាដំណើរនៃការសិក្សា និងការពង្រឹងសមត្ថភាពពេញមួយជីវិត ដើម្បីបង្កើនឱកាសការងារ វឌ្ឍនភាពអាជីព និងផលិតភាព ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្ម និងភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា។

ដើម្បីបន្តជំរុញការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យពង្រឹងប្រសិទ្ធភាពកម្មវិធីហូកា និងពិនិត្យលទ្ធភាពពង្រីកវិសាលភាពទូទាំងប្រទេស ស្របតាមយុទ្ធសាស្ត្រ «បុគ្គលិកម្នាក់ ជំនាញមួយ និងជំនាញឌីជីថល» និង «សេវាមួយ ស្តង់ដាមួយ»។ ទន្ទឹមនេះ ត្រូវជំរុញការភ្ជាប់កម្មវិធីបណ្តុះបណ្តាលទៅនឹងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា និងពិនិត្យលទ្ធភាពវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន ដើម្បីឱ្យជំនាញ និងបទពិសោធការងាររបស់អ្នកជំនាញទេសចរណ៍ទទួលបានការទទួលស្គាល់ជាផ្លូវការ និងមានផ្លូវអភិវឌ្ឍអាជីពកាន់តែច្បាស់លាស់។

ថ្លែងមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យបន្តពង្រីកការបណ្តុះបណ្តាលដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងជំរុញកម្មវិធី «ហូកាបៃតង»។ ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករទេសចរណ៍ ឱ្យបន្តវិនិយោគលើការបណ្តុះបណ្តាលបុគ្គលិក និងដល់គ្រឹះស្ថានបណ្តុះបណ្តាលឱ្យពង្រឹងគុណភាពកម្មវិធី និងសមត្ថភាពគ្រូបង្រៀន ដើម្បីអភិវឌ្ឍអ្នកជំនាញក្នុងស្រុកឱ្យមានសមត្ថភាពឈានទៅកាន់តួនាទីគ្រប់គ្រង និងដឹកនាំអាជីវកម្មទេសចរណ៍កាន់តែច្រើន ៕