ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអគ្គកុងស៊ុលវៀតណាមថ្មី
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន ទ្រុង ហៀវ ( NGUYEN TRUNG HIEV ) អគ្គកុងស៊ុលថ្មី នៃស្ថានកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំខេត្តព្រះសីហនុ ។
ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គកុងស៊ុល ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចាប់ផ្តើមអាណត្តិការងារផ្លូវការនៅខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ខេត្ត ដែលស្ថិតនៅទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជា និងជាខេត្តគោលដៅយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមខេត្តទាំង ៤ នៃតំបន់ប៉ូលសេដ្ឋកិច្ចជាតិ ដោយមានទាំងប្រព័ន្ធគមនាគមន៍ផ្លូវទឹក (កំពង់ផែទឹកជ្រៅ) ផ្លូវល្បឿនលឿន ផ្លូវដែក និងផ្លូវអាកាសអន្តរជាតិ។
ជាមួយគ្នានេះដែរ ខេត្តព្រះសីហនុមានគម្រោងដាក់ឱ្យជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ទេសចរណ៍ និងពាណិជ្ជកម្ម ដោយបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១៤តំបន់ និងកំពុងដំណើរការ៧តំបន់ហើយ ព្រមទាំងមានគោលនយោបាយពិសេសក្នុងការទាក់ទាញការវិនិយោគ និងការបង្កើតតំបន់ពាណិជ្ជកម្មសេរី។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏មានគម្រោងតភ្ជាប់ក្រុងកំពង់សោម និងក្រុងព្រះសីហនុ ឱ្យទៅជាទីក្រុងពាណិជ្ជកម្ម និងតំបន់អភិវឌ្ឍន៍ទំនើបផងដែរ។
ឯកឧត្តម ង្វៀន ទ្រុង ហៀវ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់រដ្ឋបាលខេត្ត។ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងការរីកចម្រើនរបស់ខេត្តព្រះសីហនុ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តដែលតែងតែផ្ដល់ការសហការល្អ និងគាំទ្រដល់កិច្ចការទូតវៀតណាមកន្លងមក។
ជំនួបពិភាក្សានេះ បានបង្ហាញឱ្យឃើញកាន់ តែច្បាស់ពីចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
អត្ថបទ៖ ស្រីមុំ
រូបភាព៖ ភារុណ


