វិទ្យាស្ថានជាតិស្ថិតិ និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ឆ្នាំ២០២៥ ក្នុងខេត្តព្រះសីហនុ
ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ត្រីពីមន្ទីរអង្គភាពក្នុងខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ឯកឧត្ដម ម៉ាង ស៊ីណេត បានបញ្ជាក់ថា ការគណនាផលិផលក្នុងស្រុកសរុប (GDP) របស់ខេត្ត គឺជាគោលបំណងដ៏សំខាន់មួយ ដែលរដ្ឋបាលខេត្តបានរង់ចាំជាយូរមកហើយ។ លទ្ធផលនេះ គឺពិតជាមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការបំពេញ បន្ថែមនូវទិន្នន័យជាក់លាក់ក្នុងការអភិវឌ្ឍខេត្ត លើសពីនេះទៅទៀត ទៅថ្ងៃខាងមុខ លទ្ធផលនៃការគណនានេះពិតជាបានធ្វើឱ្យខេត្តដឹងអំពីទំហំសេដ្ឋកិច្ច ចំណូល ចំណាយរបស់ខេត្ត និងចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗក្នុងខេត្ត ការរស់រាន និងការអភិវឌ្ឍក្នុងខេត្ត ដែលជាព័ត៌មានមិនអាចខ្វះបានសម្រាប់ប្រើប្រាស់ក្នុងការទាក់ទាញអ្នកវិនិយោគ និងការរៀបចំគោលនយោបាយនានាទៅថ្ងៃអនាគត។
តាមប្រភពទិន្នន័យមូលដ្ឋាន CDB ដើមឆ្នាំ២០២៦ មនុស្សអាយុ១៨ឆ្នាំឡើង មានមុខរបរចម្បង (សកម្មជនសេដ្ឋកិច្ច) មានអត្រា ៩១,៥៤% មនុស្សស្រីអាយុ១៨ឆ្នាំឡើង មានមុខរបរចម្បង មានអត្រា ៩១,២៨% នៃចំនួនមនុស្សស្រីក្រុមអាយុ១៨ឆ្នាំឡើងសរុប។ មនុស្សប្រុសអាយុ១៨ឆ្នាំឡើង មានមុខរបរចម្បង មានអត្រា ៩១,៨០% នៃចំនួនមនុស្សប្រុសក្រុមអាយុ១៨ឆ្នាំឡើងសរុប។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ ឯកឧត្តម រិន វីរៈ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ ដែលបានប្រមូល ចងក្រងទិន្នន័យផលិតផលក្នុងស្រុកសរុប (GDP) ខេត្ត និងរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដែលបានខិតខំសហការផ្តល់ធាតុចូលទាំងឡាយ សម្រាប់ការធ្វើជាមូលដ្ឋានក្នុងការគណនាទទួលបានលទ្ធផលដែលមិនអាចខ្វះបាននាពេលនេះ។
ឯកឧត្តម បានស្នើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមសហការជាមួយមន្ទីរផែនការខេត្តបន្តទៀត ដើម្បីផ្ដល់ទិន្នន័យសំខាន់ៗដែលជាប្រយោជន៍សម្រាប់ការគណនាផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៦ និងបន្តផ្ដល់ទិន្នន័យទាំងនោះជាបន្តបន្ទាប់ជារៀងរាល់ចុងឆ្នាំនីមួយៗ។
នាឱកាសនោះ ឯកឧត្តម រិន វីរៈ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរដែលពាក់ព័ន្ធ ដែលបានខិតខំរហូតទទួលបានជោគជ័យគួរជាទីមោទនៈ។ ឯកឧត្តមបានបន្តទៀតថា លទ្ធផលបឋមនៃការចងក្រងផលិតផលក្នុងស្រុកសរុប ជាពិសេសផលិតផលរបស់ខេត្តព្រះសីហនុ សេដ្ឋកិច្ចខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ច ៥,៧៣៨,៣៤៣ លានរៀល គិតជាដុល្លារស្មើនឹង ១,៤៣០លានដុល្លារអាមេរិក (អត្រាប្ដូរប្រាក់ ៤,០១២រៀលក្នុង ១ដុល្លារអាមេរិក)។ បើគិតតាមថ្លៃបច្ចុប្បន្ននៅឆ្នាំ២០២៥ ស្មើនឹង ២,៨% នៃសេដ្ឋកិច្ចជាតិ និងមានកំណើនសេដ្ឋកិច្ចសរុប ៤,៣% (តាមថ្លៃថេរឆ្នាំ២០១៤) ហើយប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មាន ៤,៣៥១ដុល្លារអាមេរិក។ ខេត្តព្រះសីហនុមានភាពអំណោយផលល្អ ដោយយើងមានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ផ្ដល់លក្ខណៈងាយស្រួលដល់វិនិយោគិន មកវិនិយោគលើវិស័យផ្សេងៗ ជាពិសេសគឺវិស័យឧស្សាហកម្ម និងឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យគ្មានផ្សែង និងកំពុងទាក់ទាញខ្លាំង ក៏ដូចជាក្លាយជាវិស័យដ៏សំខាន់មួយក្នុងខេត្តផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានស្នើសុំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តបន្តកិច្ច សហការផ្ដល់ទិន្នន័យចាំបាច់តាមការស្នើសុំរបស់មន្ទីរផែនការ ព្រោះទិន្នន័យដែលត្រឹមត្រូវ ការវិភាគទិន្នន័យនឹងមានភាពសុក្រិត្យ និងតម្លាភាព។
អត្ថបទ: មនសូត្រ
រូបភាព: អ៊ូជោត


