ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា : មន្ត្រីនិងសមត្ថកិច្ចត្រូវតែធ្វើគំរូល្អចៀសវាងការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនបាត់កិត្តិយស ក្របខ័ណ្ឌ ព្រមទាំងធ្វើអោយប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ
ខេត្តកំពត : ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានដឹកនាំសហការី ចូលរួមពិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការសុីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃរដ្ឋបាលខេត្តកំពត រៀបចំដោយគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពត នៅសាលប្រជុំរដ្ឋបាលខេត្ត។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរ ដល់មន្ត្រីរាជការ កងកម្លាំងនៃរដ្ឋបាលខេត្តកំពតដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់បន្តខិតខំផ្សព្វផ្សាយទាំងបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍App NoDrug ជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត “ការប្រើប្រាស់App NoDrug កាន់តែច្រើនឡើង ចំណេះដឹងប្រជាពលរដ្ឋក៏កាន់តែកើន ហើយបញ្ហាគ្រឿងញៀននៅសហគមន៍នឹងរួមតូច ” ។
ក្នុងនាមឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក្នុងឱកាសនោះដែរ ឯកឧត្តម សេន សាប៊ីល អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត បានថ្លែងអំណរគុណ និងបានលើកឡើងថាស្ថានភាពគ្រឿងញៀននៅខេត្តកំពតគឺមានភាពល្អប្រសើរ ដោយបទល្មើសគ្រឿងញៀនមានការថយចុះគួរឲ្យកត់សម្គាល់ ជាមួយនេះរដ្ឋបាលបានអនុវត្តនូវបទបញ្ជាលេខ ០១ ០២ របស់រាជរដ្ឋាភិបាលដើម្បីធានាថាថ្នាក់ដឹកនាំមន្ត្រីរាជការកម្លាំងជុំវិញខេត្តមិនទៅពាក់ព័ន្ធនឹងបញ្ហាការជួញដូរនិងប្រើប្រាស់គ្រឿងញៀនឡើយ ព្រមទាំងបានណែនាំឲ្យគ្រប់អង្គភាពទូទាំងរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជំរុញបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់App NoDrug បម្រើដល់ការងារផ្សព្វផ្សាយ អប់រំ និងចំណេះដឹងអំពីបញ្ហាគ្រឿងញៀន ឈានទៅបង្ការ និងចៀសផុតពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ។
ក្នុងនាមឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋានបានផ្សព្វផ្សាយនូវគោលនយោបាយ គោលការណ៍ផែនការ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវផែនការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល និងបានចាត់ទុកថាបញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញជាក្តីកង្វល់របស់សកលលោកនិងប្រទេសកម្ពុជាផងដែរ ហើយបានលើកទឹកចិត្តឲ្យមន្ត្រីរាជការ កងកម្លាំងទន្ទឹមនឹងការបង្ក្រាបបទល្មើសគ្រឿងញៀនត្រូវបង្កើនការផ្សព្វផ្សាយអប់រំផ្ដល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug ដល់ប្រជាពលរដ្ឋដើម្បីពួកគាត់មានលទ្ធភាពចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ការពារបាននៅសុវត្ថិភាពខ្លួនឯងក្រុមគ្រួសារនិងសហគមន៍។ មន្ត្រីនិងសមត្ថកិច្ចត្រូវតែធ្វើគំរូល្អចៀសវាងការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនបាត់កិត្តិយស បាត់ក្របខ័ណ្ឌ ព្រមទាំងធ្វើអោយប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។


