ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុំប្រើបណ្ណសារព័ត៌មាន និងព័ត៌មានដើម្បីគំរាមកំហែងទារប្រាក់ ឬផលប្រយោជន៍ ព្រោះមិនមែនជាវិជ្ជាជីវៈសារព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានមិនត្រូវប្រើបណ្ណសារព័ត៌មាន ឬព័ត៌មានជាមធ្យោបាយគំរាមកំហែងទារប្រាក់ និងផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ការប្រើពាក្យថា «បើមិនឱ្យប្រាក់ ខ្ញុំនឹងផ្សាយ» ឬ «បើឱ្យប្រាក់ ខ្ញុំនឹងមិនផ្សាយ» គឺជាអំពើផ្ទុយពីក្រមសីលធម៌ និងបំផ្លាញកិត្តិយសវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការយកព័ត៌មានទៅគំរាមទារប្រាក់ ឬផលប្រយោជន៍ ជាថ្នូរនឹងការផ្សាយ ឬមិនផ្សាយព័ត៌មាន មិនមែនជាការបំពេញតួនាទីរបស់អ្នកសារព័ត៌មានឡើយ។ ផ្ទុយទៅវិញ អំពើនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកសារព័ត៌មាន និងទំនុកចិត្តរបស់សាធារណជនចំពោះវិស័យសារព័ត៌មានទាំងមូល។

ឯកឧត្តមបានបញ្ជាក់ថា ច្បាប់ស្តីពីរបបសារព័ត៌មានក៏មានចែងអំពីការទទួលសំណូក ឬការប៉ុនប៉ងកំហែងទារជាថ្នូរនឹងការផ្សាយ ឬមិនផ្សាយព័ត៌មាន ដែលជាការរំលោភបំពានលើវិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សុចរិតភាព និងការទទួលខុសត្រូវក្នុងការបំពេញតួនាទីរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកសារព័ត៌មានទទួលបានព័ត៌មានពិត មានភស្តុតាងគ្រប់គ្រាន់ និងពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ តួនាទីរបស់ខ្លួនគឺត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ស្នើសុំការបំភ្លឺពីភាគីពាក់ព័ន្ធ រក្សាទុកភស្តុតាង និងផ្សាយព័ត៌មានដោយត្រឹមត្រូវតាមវិជ្ជាជីវៈ។ ព័ត៌មានត្រូវប្រើប្រាស់ដើម្បីបម្រើសាធារណជន មិនមែនជាឧបករណ៍សម្រាប់ជំរិតទារប្រាក់ ឬស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។

ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់កាមេរ៉ា ឬបណ្ណសារព័ត៌មានដើម្បីបង្កការភ័យខ្លាច និងគំរាមកំហែងអ្នកដទៃ មិនត្រឹមតែធ្វើឱ្យបាត់បង់កិត្តិយសរបស់បុគ្គលដែលប្រព្រឹត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មានជាច្រើនដែលកំពុងបំពេញការងារដោយស្មោះត្រង់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រមសីលធម៌វិជ្ជាជីវៈមិនមែនជាអ្វីដែលអ្នកសារព័ត៌មានត្រូវនឹកឃើញតែនៅពេលមានបណ្តឹង ឬការតវ៉ាកើតឡើងនោះទេ ប៉ុន្តែត្រូវអនុវត្តចាប់តាំងពីពេលទទួលបានព័ត៌មានដំបូង។ អ្នកសារព័ត៌មានត្រូវចេះសួរខ្លួនឯងជានិច្ចថា តើព័ត៌មានមានប្រភពច្បាស់លាស់ឬទេ? តើឯកសារដែលទទួលបានជាឯកសារដើម ឬជាច្បាប់ចម្លង? តើឯកសារនោះមានភាពត្រឹមត្រូវ និងអាចផ្ទៀងផ្ទាត់បានឬទេ? ហើយនៅពេលមានការចោទប្រកាន់ តើបានផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបកស្រាយដែរឬទេ?

ចំពោះរូបភាព និងវីដេអូ អ្នកសារព័ត៌មានត្រូវពិនិត្យមើលប្រភពដើម ពេលវេលា និងទីតាំងដែលបានថត ព្រមទាំងផ្ទៀងផ្ទាត់ថា តើរូបភាព ឬវីដេអូនោះជារបស់ថ្មី ឬត្រូវបានយកមកប្រើប្រាស់ឡើងវិញ។ ចំពោះខ្លឹមសារដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI-generated content) ក៏ត្រូវពិនិត្យប្រភព និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវឱ្យបានម៉ត់ចត់ មុននឹងសម្រេចផ្សាយ។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ចំណងជើងព័ត៌មានត្រូវស្របតាមអង្គហេតុ និងភស្តុតាងដែលមាន មិនត្រូវប្រើពាក្យពេចន៍បំផ្លើស ឬធ្វើឱ្យខ្លឹមសារមានលក្ខណៈធ្ងន់ធ្ងរជាងការពិតឡើយ។ ជាពិសេស នៅពេលត្រៀមផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់បុគ្គល ឬស្ថាប័ន អ្នកសារព័ត៌មានត្រូវពិចារណាឱ្យបានហ្មត់ចត់អំពីភាពត្រឹមត្រូវ និងផលប៉ះពាល់ដែលអាចកើតឡើង ប្រសិនបើព័ត៌មាននោះមិនពិត។

ក្រៅពីការផ្ទៀងផ្ទាត់ព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការគោរពសិទ្ធិឯកជនភាពរបស់បុគ្គល ដោយសង្កត់ធ្ងន់ថា ការមានកាមេរ៉ា ឬការប្រកបវិជ្ជាជីវៈសារព័ត៌មាន មិនមានន័យថាអាចថតរូប ឬថតសំឡេងមនុស្សគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់ស្ថានភាពនោះទេ។ អ្នកសារព័ត៌មានត្រូវពិចារណាលើបរិបទនៃការថត ផលប្រយោជន៍សាធារណៈ សិទ្ធិឯកជនភាព និងច្បាប់ជាធរមាន។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមបានលើកឡើងពីបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌមាត្រា ៣០១ និងមាត្រា ៣០២ ដែលពាក់ព័ន្ធនឹងការការពារសំឡេង និងរូបភាពរបស់បុគ្គលក្នុងបរិបទឯកជន ព្រមទាំងការគោរពសិទ្ធិបុគ្គលតាមច្បាប់ជាធរមាន។ ចំណែកក្រមរដ្ឋប្បវេណីក៏ទទួលស្គាល់សិទ្ធិបុគ្គល រួមមានសិទ្ធិពាក់ព័ន្ធនឹងអត្តសញ្ញាណ សេចក្តីថ្លៃថ្នូរ និងឯកជនភាពផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការពង្រឹងការទទួលខុសត្រូវ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាសំខាន់ក្នុងការកសាងទំនុកចិត្តរបស់សាធារណជន និងលើកកម្ពស់គុណភាពសារព័ត៌មានក្នុងបរិបទឌីជីថល។ អ្នកសារព័ត៌មានត្រូវប្រើប្រាស់ព័ត៌មានដើម្បីស្វែងរកការពិត បម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកដល់សង្គម មិនមែនប្រើព័ត៌មានជាមធ្យោបាយគំរាមកំហែង ឬទារផលប្រយោជន៍ឡើយ៕