ព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសថវិកាជួយ ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប
ព្រឹត្តិការណ៍រត់ និងដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសថវិកាយកទៅជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប គឺជាបេសកកម្មជួយពិនិត្យ និងព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ «តោះ! រត់ និងដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ ឆ្នាំ២០២៦» កាលពីថ្ងៃទី២៤ ខែតុលា លោក រស់ សាត ដែលជាអ្នកដឹកនាំគម្រោងនេះ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ មានគោលបំណងរៃអង្គាសថវិកាយកទៅជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ដែលជារៀងរាល់ឆ្នាំ ត្រូវការចំណាយថវិកា៦លានដុល្លារ ដើម្បីសង្គ្រោះអាយុជីវិតកុមារមិនក្រោម១២ម៉ឺននាក់។ លោកថ្លែងថា “ព្រឹត្តិការណ៍ដើរ និងរត់ចាប់ពីជើងភ្នំបូកគោ រហូតដល់កំពូលភ្នំបូកគោ រយៈចម្ងាយ៣១គីឡូម៉ែត្រ ដែលយើងនឹងធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែវិច្ឆិកា មានគោលដៅកៀរគរថវិកាពីសប្បុរសជនឱ្យបានយ៉ាងហោចណាស់១ម៉ឺនដុល្លារ ដើម្បីយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងផ្តល់ក្តីសង្ឃឹម និងឱកាសរស់រានមានជីវិតដល់កុមារ ដែលកំពុងសម្រាកព្យាបាល”។
ជាមួយគ្នានេះដែរ លោក អ៊ីវ គឹមសួរ ស្ថាបនិកគម្រោងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា ព្រឹត្តិការណ៍«តោះ! រត់ និងដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារ ឆ្នាំ២០២៦» ត្រឹមតែជាផ្នែកមួយនៃការរៃអង្គាសថវិកាជួយសង្រ្គោះជីវិតកូមារប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយជួយបំផុសចលនាទេសចរក្នុងស្រុក, ជំរុញជំនួបធុរកិច្ចដោយសារអ្នកចូលរួមក៏មានអ្នកជំនួញពីគ្រប់វិស័យ, និងទេសចរណ៍កីឡា ដើម្បីសុខភាព។
លោកជំទាវឧកញ៉ា ស៊្រៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានគាំទ្រចំពោះការរៀបចំឱ្យមាននូវយុទ្ធនាការនេះជារៀងរាល់ឆ្នាំ ដោយលោកជំទាវ បានថ្លែងថា នេះជាសកម្មភាពមួយ ដែលផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ កីឡាសុខភាព និងការងារសង្គមជួយសង្គ្រោះជីវិតមនុស្ស។ “កម្មវិធីនេះមិនមែនគ្រាន់តែជាការដើរហាត់ប្រាណយកសុខភាព ឬក៏ជាការជួបជុំសង្គមមួយប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃដែលយើងអាចធ្វើរឿងល្អៗជាច្រើននៅក្នុងពេលតែមួយ! យើងបានថែរក្សាសុខភាពខ្លួនឯងផង បង្កើនផលិតភាពផង ការចូលរួមអភិរក្សបរិស្ថានផង និងការផ្សព្វផ្សាយភាពស្រស់ស្អាតនៃគោលដៅទេសចរណ៍កម្ពុជារបស់យើងទៀតផង ហើយថែមទាំងបានរួមគ្នារកមូលនិធិ ដើម្បីជួយដល់កុមារ ដែលត្រូវការថែទាំផ្នែកសុខភាព និងសុខុមាលភាព! នេះគឺជាអ្វីដែលធ្វើឱ្យកម្មវិធីនេះកាន់តែមានតម្លៃ!”។
សូមបញ្ជាក់ថា នេះជាឆ្នាំទី៦ហើយ ដែលក្រុមយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកា ដើម្បីយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប ដែលមានបេសកកម្មជួយពិនិត្យ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ៕


