ឯកឧត្តម សាយ សំអាល់ ៖ ការកសាងធនធានមនុស្សតាមរយៈសាលារៀន គឺជាធនធានមិនចេះរីងស្ងួតសម្រាប់អភិវឌ្ឍសង្គមជាតិ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំធំ(ប្រ.ជ) ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ  រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានជម្រាបជូនអំពីរបាយការណ៍សង្ខេបនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ 

បេក្ខជនមកប្រឡងសរុប៖ ២.៣៨៩នាក់ (ស្រី ១.២៦១នាក់) បេក្ខជនប្រឡងជាប់ជាស្ថាពរ៖ ២.០៦៥នាក់ ស្មើនឹង ៨៦,៥៣% (ស្រី ១.១៤២នាក់)ឦលទ្ធផលតាមនិទ្ទេសរួមមាន៖

និទ្ទេស A៖ ២៦នាក់ (ស្រី ១៣នាក់)

និទ្ទេស B៖ ១៤៨នាក់ (ស្រី ៨២នាក់)

និទ្ទេស C៖ ៤១៤នាក់ (ស្រី ២៥២នាក់)

និទ្ទេស D៖ ៧៤១នាក់ (ស្រី ៤១៦នាក់)

និទ្ទេស E៖ ៧៣៦នាក់ (ស្រី ៣៧៩នាក់)

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុបានខិតខំជ្រើសរើសយកអនុវិទ្យា ល័យតេជោសែនកម្ពុជា អនុវិទ្យាល័យសម្តេចតេជោ សាលាបឋមសិក្សាហ៊ុនសែនមិត្តភាព និងសាលាបឋមសិក្សាហ៊ុនសែន វាលរេញ ដើម្បីចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។ ជាលទ្ធផល សាលាបឋមសិក្សាហ៊ុនសែនមិត្តភាព ទទួលបានចំណាត់ថ្នាក់លេខ១ និងអនុវិទ្យាល័យសម្តេចតេជោ ទទួលបានចំណាត់ថ្នាក់លេខ៤។

ឯកឧត្តម  បានបន្តថា ជោគជ័យរបស់ក្មួយៗនាថ្ងៃនេះ គឺជាផ្លែផ្ការួមគ្នានៃការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ បរិស្ថានសង្គម និងមន្ត្រីក្នុងមូលដ្ឋាន។ ឯកឧត្តមបានផ្តាំផ្ញើដល់ក្មួយៗឱ្យបន្តរក្សាភាពជោគជ័យនេះនៅថ្នាក់ឧត្តមសិក្សាបន្តទៀត មិនត្រូវភ្លេចប្រភពដើម និងខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ ព្រមទាំងបន្តធ្វើជាមនុស្សល្អក្នុងសង្គម។  ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយ សំអាល់ ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានឧបត្ថម្ភម៉ូតូចំនួន ៩៥គ្រឿង សម្រាប់ផ្តល់ជូនដល់សិស្សទទួលបាននិទ្ទេស A និងប្រជាការពារក្រុង-ស្រុកទាំង៦ ព្រមទាំងប្រជាការពារក្នុងឃុំ-សង្កាត់ទាំង២៩។ 

ថ្លែងនៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការជួបជុំគ្នានាថ្ងៃនេះ មិនមែនគ្រាន់តែជាការអបអរសាទរចំពោះការទទួលបានពិន្ទុល្អតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអបអរសាទរដែលសង្គមជាតិទាំងមូលទទួលបានជោគជ័យជាមួយគ្នា ខ្ញុំសូមថ្លែងអរគុណដល់ការលះបង់របស់លោកគ្រូ អ្នកគ្រូ ក្នុងការពូនជ្រុំការសិក្សារបស់ក្មួយៗរហូតទទួលបានជោគជ័យនាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា សាលារៀនគឺជាកន្លែងដុសខាត់ចំណេះដឹង ហើយជោគជ័យថ្ងៃនេះគឺជាជោគជ័យដ៏វែងឆ្ងាយ ការកសាងធនធានមនុស្សគឺត្រូវធ្វើឡើងតាមរយៈសាលារៀន ដែលជាធនធានមិនចេះរីងស្ងួត ដូច្នេះ ក្មួយៗត្រូវមានភាពវៃឆ្លាត ចេះមើលការប្រែប្រួលរបស់ពិភពលោក និងចេះចាប់យកឱកាស ព្រោះពេលវេលាពិតជាមានតម្លៃខ្លាំងណាស់។ ការសិក្សាមិនមែនស្ថិត តែក្នុងសាលានោះឡើយ គឺរាល់មជ្ឈដ្ឋានជុំវិញខ្លួនយើងសុទ្ធតែជាកន្លែងដែលអាចរៀនសូត្របាន។

សូមបញ្ជាក់ផងដែរថា សម្រាប់សិស្សទទួលបាននិទ្ទេស A ចំនួន២៦នាក់ គឺទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូម្នាក់មួយគ្រឿងផង។

អត្ថបទ: មនសូត្រ