ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិតដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា

រាជធានីភ្នំពេញ (ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦) — ក្នុងពិធីបើកយុទ្ធនាការ «អច្ឆរិយធម្មជាតិនៃកម្ពុជា» នាផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងសារ ដោយសង្កត់ធ្ងន់លើតួនាទីនៃព័ត៌មានផ្អែកលើអង្គហេតុពិត មានប្រភពច្បាស់លាស់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងបំប្លែងចំណេះដឹងនោះឱ្យទៅជាចលនាវិជ្ជមានរួមចំណែកដល់ការការពារបេតិកភណ្ឌធម្មជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ជាមួយបណ្តាញដៃគូអភិវឌ្ឍន៍ អង្គការរួមមាន CI, WCS, WEA, Wonders of the Mekong, WWF, NatureLife, Fauna & Flora, IUCN និងមានការចូលរួមពីសហគមន៍ វិស័យឯកជន សារព័ត៌មាន យុវជន និងគ្រឹះស្ថានសិក្សាជាច្រើន។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់សាធារណជន ជាពិសេសយុវជននៅតំបន់ទីក្រុង ទៅនឹងតួនាទីនិងតម្លៃនៃប្រព័ន្ធអេកូឡូស៊ី ធម្មជាតិ និងជីវចម្រុះក្នុងរស់នៅរបស់មនុស្ស និងការអភិវឌ្ឍក្នុងសង្គម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានអបអរសាទរ ជូនចំពោះក្រសួង និងស្ថាប័នជាដៃគូសហការ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង និងបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានអំពីបរិស្ថាន និងធនធានធម្មជាតិ ដោយឈរលើមូលដ្ឋាននៃអង្គហេតុពិត ទិន្នន័យវិទ្យាសាស្ត្រ និងប្រភពច្បាស់លាស់ មិនត្រឹមតែអាចកសាងរក្សាទំនុកចិត្តពីសាធារណជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការលើកស្ទួយកិច្ចអភិរក្ស ជំរុញទេសចរណ៍ធម្មជាតិ បង្កើនប្រាក់ចំណូលសហគមន៍ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

«ការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ គឺជាស្ពានចម្លងការយល់ដឹងពីតំបន់អភិរក្សធម្មជាតិ តំបន់ព្រៃឈើ ជីវចម្រុះ និងពីសហគមន៍មូលដ្ឋាន ទៅកាន់បេះដូងរបស់ប្រជាពលរដ្ឋ។ ព័ត៌មានពិត នឹងបំប្លែងការយល់ដឹងឱ្យទៅជាសកម្មភាពវិជ្ជមាន ដើម្បីរួមចំណែកក្នុងកិច្ចខិតខំអភិរក្ស និងការពារធនធានធម្មជាតិរបស់កម្ពុជាដើម្បីការអភិវឌ្ឍចីរភាព» — ឯកឧត្តម ទេព អស្នារិទ្ធ

ដើម្បីលើកកម្ពស់តួនាទី និងការចូលរួមសង្គមក្នុងការថែរក្សាបរិស្ថាន និងការពារធម្មជាតិ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍អំពាវនាវដល់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ឱ្យបង្កើនការផ្សេព្វផ្សាយ និងផ្តល់ព័ត៌មាន តាមរយៈការបន្តបើកចំហ និងចែករំលែកព័ត៌មាន ទិន្នន័យវិទ្យាសាស្ត្រ របកគំហើញនៃប្រភេទជីវចម្រុះថ្មីៗ និងលទ្ធផលស្រាវជ្រាវ វិទ្យាសាស្ត្រអភិរក្សនិងគ្រប់គ្រងតំបន់ការពារ គម្រោងអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន។ មិនតែប៉ុណ្ណោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានជម្រុញឱ្យភាគីពាក់ព័ន្ធផ្សព្វផ្សាយព័ត៌មានស្តីពីប្រធានបទអន្តរវិស័យដូចជាបរិស្ថាននិងទេសចរណ៍, ​បរិស្ថាននិងវប្បធម៌, បរិស្ថាននិងសុខភាព និងការអប់រំជាដើម ដើម្បីបង្កើនការយល់ដឹង និងការអប់រំសាធារណៈស្តីពីសារៈសំខាន់នៃធនធានធម្មជាតិ និងជីវចម្រុះដែលកម្ពុជាមាន ដើម្បីជម្រុញការចូលរួមថែរក្សាការពារ។

ចំពោះអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកអំពីភាពចាំបាច់នៃការស្រាវជ្រាវជាមុនអំពីប្រធានបទ និងមុមព័ត៌មានដែលគ្រោងធ្វើ ឱ្យបានច្បាស់លាស់ ដោយផ្អែកលើព័ត៌មានពីប្រភពផ្លូវការជាមូលដ្ឋាន​ និងត្រូវផ្តល់ឱកាសឱ្យមានសំឡេងអ្នកពាក់ព័ន្ធក្នុងសាច់រឿងសម្រាប់ការសរសេរ ផលិត និងផ្សាយព័ត៌មាន។

ឯកឧត្តមបានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានមិនមែនអាជីពទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ការគោរពច្បាប់និងលិខិតបទដ្ឋានក្នុងវិស័យព័ត៌មាន ដើម្បីចូលរួមផលិតមាតិកាស្រាវជ្រាវ អំពីតំបន់ធម្មជាតិដែលមានភាពទាក់ទាញទេសចរ និងបង្កើតសារវិជ្ជមាន ដែលបង្ហាញពីតម្លៃពិតនៃធម្មជាតិ ការការពារសត្វព្រៃប្រភេទកម្រ និងប្រឆាំងដាច់ខាតចំពោះការជួញដូរធនធានធម្មជាតិខុសច្បាប់។

«​អ្នកសារព័ត៌មាន និងអ្នករាយការណ៍មិនមែនអាជីពជាភ្នាក់ងារពាំនាំសារ និងបទពិសោធន៍ជាក់ស្តែងរបស់ប្រជាជនសហគមន៍មូលដ្ឋាន ទាក់ទងនឹងការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត តម្លៃនៃទំនៀមទម្លាប់ វប្បធម៌ប្រពៃណីបុរាណរបស់ជនជាតិដើមភាគតិច ជាមួយការអនុវត្តគម្រោងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដែលបង្កើតជាប្រព័ន្ធការពារធម្មជាតិដ៏រឹងមាំរបស់សហគមន៍តំបន់ធម្មជាតិ និងព្រៃការពារក្នុងប្រទេសកម្ពុជា» — ឯកឧត្តម ទេព អស្នារិទ្ធ

ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបរបស់កម្ពុជា—រួមមាន ព្រៃឈើ ទន្លេ តំបន់ដីសើម និងឆ្នេរសមុទ្រ—មិនត្រឹមតែជាប្រភពស្បៀង និងទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងសុខភាពសាធារណៈ វប្បធម៌ ជំនឿប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរតាំងពីបុរាណកាល។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានលើកឡើងផងដែរថា ព្រឹត្តិការណ៍នេះបង្កើតឱកាសសម្រាប់ការបណ្តុះស្មារតីស្រលាញ់ធម្មជាតិ និងការទទួលខុសត្រូវតាមរយៈការប្រកាន់ឥរិយាបថរស់នៅល្អប្រចាំថ្ងៃរបស់យុវវ័យ និងប្រជាពលរដ្ឋទូទៅ ដូចជាការកាត់បន្ថយប្លាស្ទិក ការបដិសេធមិនបរិភោគសាច់សត្វព្រៃ និងការចូលរួមថែរក្សាបរិស្ថាន ព្រោះការការពារធម្មជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។

ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់នូវការសហការរបស់ក្រសួងព័ត៌មាន ជាមួយក្រសួង-ស្ថាប័ន អង្គការ ដៃគូក្នុងវិស័យឯកជន ដើម្បីបន្តលើកកម្ពស់ព័ត៌មាន មាតិកាអប់រំប្រកបដោយគុណភាព ដើម្បីបង្កើនការយល់ដឹងសាធារណៈ និងប្រែក្លាយសារអភិរក្សឱ្យទៅជាការចូលរួមវិជ្ជមានដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាមរតក «អច្ឆរិយធម្មជាតិនៃកម្ពុជា» សម្រាប់មនុស្សជំនាន់ក្រោយ៕

PrintIM
PrintIM
PrintIM
PrintIM
PrintIM
PrintIM
PrintIM