រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ​ដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រិស្ទបរិស័ទកម្ពុជាអញ្ជើញនាំយកថវិកា​ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិនរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រិស្ទបរិស័ទកម្ពុជា អញ្ជើញនាំយកថវិកា​ចំនួន ៧ ០០០ ដុល្លារអាមរិក ប្រគល់ជូន ឯកឧត្តម ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា ​តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា​​ និង​លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។​

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ថ្នាក់ដឹកនាំ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា​ ដែលជានិច្ចកាល​លោកតែងយកចិត្តទុកដាក់ពីសុខុមាលភាពនិងសុខទុក្ខរបស់ប្រជាជន។ ​

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គឺជាសកម្មភាពសប្បុរសធម៌​ ដែលមានការគាំទ្រ​​យ៉ាងផុសផុល ​ពីសំណាក់សិស្ស​ និស្សិត​ យុវជន​ មន្រ្តីរាជការ​ ថ្នាក់ដឹកនាំ​ ពាណិជ្ជករ​សាធារណជន​ ភរិយាថ្នាក់ដឹកនាំ​ ម្ចាស់ក្រុមហ៊ុន-សហគ្រាស​ គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន​ រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ​ក្នុងស្មារតី “ខែ្មរជួយខ្មែរ”​ ដើម្បីនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា បានទទួលឱកាសពិនិត្យនិងព្យាបាលដូចៗគ្នា ហើយសូម​អំពាវនាវ និងលើកទឹកចិត្តសប្បុរសជនបន្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានទូលំទូលាយនិងចូលរួមចំណែកឧបត្ថម្ភគាំទ្រសកម្មភាពដ៏ប្រពៃនេះឱ្យបានសស្រាក់សស្រាំ។

ឆ្លើយតបទៅនឹងប្រសាសន៍ របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា ​តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា​​ និង​លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូដែលបាននាំយកថវិកា មកប្រគល់ជូនមូលនិធិគន្ធបុប្ផានាពេលនេះ និងបានគោរពជូនពរសូមឱ្យបានជួបប្រទះតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយ។