អគាររដ្ឋបាលថ្មីខេត្តព្រះសីហនុ សម្រេចបាន ៩៥% ហើយ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅចុងខែវិច្ឆិកាខាងមុខ
ព្រះសីហនុ៖ ខេត្តព្រះសីហនុ នឹងទទួលបានសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលថ្មីមួយទៀត ដោយគម្រោងសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ ដែលជាអគាររដ្ឋបាលទំនើបជាងគេមួយ ដោយបច្ចុប្បន្ននេះ សម្រេចការសាងសង់បានប្រមាណ ៩៥%ហើយ និងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៅចុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពផ្ទាល់នៅការដ្ឋានសាងសង់ ដោយបានជំរុញ និងណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួលចំណុចខ្វះខាតមួយចំនួន ដើម្បីធានាថាដំណើរការបញ្ចប់ការដ្ឋានប្រព្រឹត្តទៅដោយរលូន ប្រកបដោយគុណភាព និងទាន់ពេលវេលាតាមផែនការដែលបានកំណត់។ តំណាងក្រុមហ៊ុនសាងសង់បានឱ្យដឹងថា សកម្មភាពសាងសង់សរុបគ្រោងនឹងរៀបចំរួចរាល់ស្ថាពរនៅពាក់កណ្តាលខែវិច្ឆិកា ២០២៦ មុនពេលឈានដល់ពិធីសម្ពោធផ្លូវការនៅចុងខែដដែល។
សូមជម្រាបថា ការសាងសង់អគាររដ្ឋបាលថ្មីខេត្តព្រះសីហនុ គឺយោងទៅតាមរចនាបទខ្មែរ បញ្ចូលគ្នាជាមួយ បច្ចេកវិទ្យាទំនើប ដោយបង្កើតបានជាអគាររដ្ឋបាលគំរូ និងទាន់សម័យជាងគេមួយក្នុងចំណោមអគាររដ្ឋបាលសាលាខេត្តនានានៅកម្ពុជា។ អគារនេះមានវិមាត្រ ទទឹង ១០១ម៉ែត្រ និងបណ្តោយ ១០២ម៉ែត្រ មានកម្ពស់ ៥ជាន់ ដែលស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយនៅពេលលេចចេញជា រូបរាងពេញលេញនាពេលឆាប់ៗខាងមុខ អគារថ្មីនេះនឹងចូលរួមលើកកម្ពស់ប្រសិទ្ធិភាពនៃការផ្តល់សេវារដ្ឋបាល និងកិត្យានុភាពរបស់ខេត្តតំបន់ឆ្នេរមួយនេះឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព៖ លោក អ៊ូ ជោត

