មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៧
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៧ នៅមជ្ឈមណ្ឌលសេដ្ឋច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ លោក ចេង ស្រុង ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររយៈពេលមួយឆ្នាំកន្លងមក ដែលសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២៧ ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីក្នុងខេត្ត។
ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្ដម ម៉ាង ស៊ីណេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងយុវជនស្ម័គ្រចិត្តនៃមន្ទីររៀបចំដែនដី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចការនឿយហត់ ដើម្បីចូលរួមផ្លាស់ប្តូរមុខមាត់សេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យដីធ្លី និងសំណង់ ពិសេសការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង ១១១ភូមិ ក្នុងខេត្តព្រះសីហនុ ដែលទទួលបានលទ្ធផលល្អប្រសើរ ស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយ និងឆ្ពោះទៅរកការបញ្ចប់បញ្ហាចម្រូងចម្រាសដីធ្លី ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងសុខដុមរមនីយកម្ម។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារចាំបាច់នានា ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរពាក់ព័ន្ធនឹងរចនាសម្ព័ន្ធដីធ្លីក្នុងខេត្ត។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋនូវចំណុចសំខាន់ៗចំនួនពីរដូចខាងក្រោម៖
ទី១. សូមត្រួតពិនិត្យមើល និងមកដកប្លង់ដី ដើម្បីទុកជាឯកសារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចំពោះប្លង់ដីដែលនៅសល់
ទី២. សូមប្រជាពលរដ្ឋដែលបានដកឯកសារពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកទៅដាក់នៅការិយាល័យពន្ធដារ សូមប្រញាប់រូតរាន់ទៅបង់ពន្ធឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យដំណើរការចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋប្រព្រឹត្តទៅបានលឿនរហ័ស។
អត្ថបទ: មនសូត្រ


