រញ្ជួយដីកម្រិតខ្លាំង៧រ៉ិចទ័រដែលវាយប្រហារតំបន់ទីបេរបស់ប្រទេសចិន បណ្តាលឱ្យមនុស្ស១៦នាក់ស្លាប់ ៥៤នាក់របួស ផ្តួលរំលំផ្ទះ៣៣៩ខ្នង ស្របពេលរដូវកាលធ្លាក់ព្រិលនឹងមកដល់នៅ៣ថ្ងៃទៀត
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការចិនបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត៧រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេរបស់ប្រទេសចិនកាលពីយប់ថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់ ធ្វើឱ្យមនុស្ស៥៤នាក់រងរបួស ហើយវាក៏បានបំផ្លាញផ្ទះសម្បែងប្រជាជនរាប់រយខ្នងដែរនៅក្នុងទីក្រុង Nagqu (ណាកឈូ) ភាគខាងជើងនៃតំបន់។ ការិយាល័យព័ត៌មាននៃទីក្រុង Nagqu ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលក្នុងតំបន់បានឱ្យដឹងថា៖ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តធ្វើឡើង បន្ទាប់ពីផ្ទះសម្បែងចំនួន៣៣៩ខ្នង និងរោងចិញ្ចឹមសត្វចំនួន២០កន្លែងបានដួលរលំរាបដល់ដី។ មនុស្សជាង១.៦០០ នាក់មកពីស្រុកក្នុងតំបន់នោះ ត្រូវបានចាត់តាំងឱ្យចូលរួមក្នុងប្រតិបត្តិការសង្គ្រោះជាមួយគ្នាដើម្បីរក្សាជីវិតមនុស្សដែលនៅរស់រាន។ សម្ភារៈជំនួយនានា រួមមានផ្ទះបណ្តោះអាសន្នដែលសាងសង់រួចជាស្រេចចំនួន១.០០០ ខ្នង សំពត់តង់ និងគ្រែបត់ប្រហែល៣.០០០ឈុត ព្រមទាំងមានឧបករណ៍ពិល និងសម្លៀកបំពាក់សម្រាប់រដូវរងាដែរ បានទៅដល់តំបន់នោះហើយនៅព្រឹកថ្ងៃសុក្រនេះ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង១០:៣៣នាទីយប់ (ម៉ោងក្នុងតំបន់) ដោយចំណុចកណ្តាលរញ្ជួយស្ថិតនៅចម្ងាយ១៩១គីឡូម៉ែត្រពីទិសខាងកើត-ភាគឦសាននៃទីក្រុង Nagqu ក្នុងតំបន់ដែលមានប្រជាជនរស់នៅតិចតួច និងមានរយៈកម្ពស់ខ្ពស់នៅភាគខាងជើងទីបេដែរ។ ទីភ្នាក់ងារនេះក៏បានបញ្ជាក់ទៀតថា គ្រោះរញ្ជួយដីនេះកើតឡើងក្នុងជម្រៅ១៨ គីឡូម៉ែត្រ។ យោងតាមគេហទំព័ររបស់ USGS របស់អាមេរិកបានកត់ត្រាការរញ្ជួយមានជាបន្តបន្ទាប់យ៉ាងហោចណាស់ចំនួន៧លើក ដែលមានកម្រិតចន្លោះចាប់ពី ៤,៣រ៉ិចទ័រ ដល់៥,២រ៉ិចទ័រ ដោយវាកើតឡើងក្នុងជម្រៅ១០គីឡូម៉ែត្រ។ ចំណែកទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua វិញបានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា ប្រព័ន្ធទំនាក់ទំនងនៅក្នុងតំបន់មួយចំនួនដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនេះ ត្រូវបានកាត់ផ្តាច់ហើយ មានទាំងទូរស័ព្ទ និង អ៊ីនធើណែត។ អាជ្ញាធរផ្លូវដែកក្នុងតំបន់បានចាត់វិធានការបន្ទាន់ ដោយបញ្ឈប់រថភ្លើងមិនឱ្យធ្វើដំណើរឆ្លងកាត់តំបន់នោះទៀតទេ។ Xinhua ដដែលបានបញ្ជាក់ថា៖ គ្រោះរញ្ជួយដីនេះក៏បានបង្កឱ្យមានហេតុការណ៍បាក់ថ្ម ដែលតម្រូវឱ្យអាជ្ញាធរក្នុងតំបន់បិទផ្លូវជាតិលេខ៣១៧មួយផ្នែក ដោយអនុញ្ញាតឱ្យតែយានយន្តសម្រាប់ប្រតិបត្តិការសង្គ្រោះបន្ទាន់ និងយានយន្តរបស់អាជ្ញាធរប៉ុណ្ណោះ ដែលអាចឆ្លងកាត់បាន ខណៈក្រុមការងារកំពុងមមាញឹកជាខ្លាំងក្នុងការសម្អាតគំនរបាក់បែកទាំងនោះ។ ស្ថានភាពព្រិលធ្លាក់រដូវរងាក៏ត្រូវបានគេរំពឹងថា នឹងធ្លាក់មកជាដំណាក់កាលៗនៅក្នុងតំបន់រញ្ជួយដីនេះ ក្នុងរយៈពេល ៣ថ្ងៃខាងមុខទៀត។ ស្ថានីយទូរទស្សន៍ជាតិចិន CCTV វិញបានរាយការណ៍ថា នេះគឺជាគ្រោះរញ្ជួយដីដ៏ធំបំផុតនៅក្នុងតំប Nagqu ស្ថិតនៅចម្ងាយជាង៣០០គីឡូម៉ែត្រ ទៅភាគខាងជើងនៃទីក្រុង Lhasa ដែលជារដ្ឋធានីរបស់ធំរបស់តំបន់ស្វយ័តទីបេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


